ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កើត​ចោរ

8 ឆ្នាំ មុន

រដូវ​ចូល​ឆ្នាំ​បាន​ឈាន​មក​ដល់​ហើយ​… ២​អាទិត្យ​ទៀត​យ៉ាង​យូរ​ត្រូវ​ចូល​ឆ្នាំចិន​-​យួន​ជាមួយ​គ្នា​…​ ឆ្លង​ផុត​ជាង​១​ខែ​ចូល​ដល់​រដូវ​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់​ដែរ​… ​នៅ​ស្រុក​ខ្មែរ​យើង​អត់​ស្ងាត់​ទេ​… ​ចិន​ក៏​មាន យួន​ក៏​មាន​…​

រដូវ​ចូល​ឆ្នាំ​បាន​ឈាន​មក​ដល់​ហើយ​… ២​អាទិត្យ​ទៀត​យ៉ាង​យូរ​ត្រូវ​ចូល​ឆ្នាំចិន​-​យួន​ជាមួយ​គ្នា​…​ ឆ្លង​ផុត​ជាង​១​ខែ​ចូល​ដល់​រដូវ​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់​ដែរ​… ​នៅ​ស្រុក​ខ្មែរ​យើង​អត់​ស្ងាត់​ទេ​… ​ចិន​ក៏​មាន យួន​ក៏​មាន​…​ ទោះបី​សាច់​ស្រអែម​-​ខ្មៅ​ក៏​សែនព្រេន ក៏​ចូល​ឆ្នាំ​ចិន​ដូច​ចិន​ដែរ​…​ ស្រួល​មិន​ស្រួល​ស្រវឹង​ជាង​ចិន ជាង​យួន​ថែម​ទៀត ដែល​ពាក្យ​ខ្មែរ​ពោល​ថា ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ​…​ មិនសូវ​ខុស​ទេ​…​ ។

ប៉ុន្តែ​អ្វី​ដែល​គួរ​កត់សម្គាល់​… ​មិន​គួរ​សប្បាយ​ភ្លេចខ្លួន​…​ ព្រោះ​រដូវ​ចូល​ឆ្នាំ​ចិន​-​យួន និង​ចូល​ឆ្នាំ​ខ្មែរ​…​ ក៏​ជា​រដូវ​កើត​មាន​ចោរប្លន់​ដែរ​…​ ។ ចោរលួច​…​ ចោរឆក់​…​ ចោរប្លន់​តូច​-​ប្លន់​ធំ​… ​ពេល​នេះ​មិន​អត់​ទេ​…​ មេរៀន​ដដែល​នេះ​កើត​មាន​រាល់​ៗ​ឆ្នាំ ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ទៀត​… ​ល្បែង​ស៊ីសងគ្រប់​ប្រភេទ​ចាប់ផ្តើម​រៀបចំ​បណ្តើរ​ៗ​ហើយ​…​ ។ ល្បែង​ពេញ​និយម​រដូវ​ចូល​ឆ្នាំ​នេះ​មាន បៀរ​…​ អាប៉ោង​…​ យូគី​…​ ជល់​មាន់ ។ ហ៊ាន​ទាយ​ទុក​មុន សម្បុក​ល្បែង​ស៊ីសង​ធំ​មួយ​របស់​លោក សុខ គឹ​ម​សាន នៅ​លើ​កូនភ្នំ​ប៉ក់​យ៉ៃ ខេត្តរតនគិរី ជាប់​ព្រំដែន​ខ្មែរ​-​វៀតណាម អូ​យ៉ា​ដាវ ១០០%​ប្រាកដជា​បើក​លេង ដែល​មុន​នេះ​គេ​សម្រាក​សិន ។

និយាយ​ត្រូវ​គ្នា​ហើយ​ជាមួយ​មេ​ៗ​នៃ​អាណាចក្រ ម្ល៉ោះហើយ​អ្នក​ណា​ហ៊ាន​ចាប់ ? ល្បែង​ក្រៅច្បាប់​នេះ​ហើយ​… ​ជា​ល្បែង​បង្កើត​ចោរ​…
មិន​ទាន់​កៀក​ចូល​ឆ្នាំ​ចិន ចូល​ឆ្នាំ​វៀតណាម និង​ចូល​ឆ្នាំ​ខ្មែរ​ផង​… ​កើត​មាន​ចោរលួច​…​ ចោរឆក់​…​ ជា​ពិសេស​ចោរប្លន់​អ្នកមាន​ជនបទ​ហូរហែ​បណ្តើរ​ៗ​ទៅ​ហើយ​…​ សុទ្ធតែ​ប្លន់​ប្រដាប់​ដោយ​កាំភ្លើង​វែង​-​ខ្លី​គ្រប់​ម៉ាក ។

ម្នាក់​ៗ​ដែល​មានមុខ​របរ​…​ មាន​ជីវភាព​ធូរធារ​…​ មានផ្ទះ​ធំ​ទ្រនំ​ខ្ពស់​… ​ធ្លាប់​ពាក់​បង្ហាញ​គ្រឿងអលង្ការ​ហ៊ឺហា​កន្លង​មក​…​ កុំ​សង្ឃឹម​សមត្ថកិច្ច​ពេក​…​ គួរ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង​…​ គួរ​ចេះ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង​ផង​…

ចំណែក​មេ​សមត្ថកិច្ច​…​ ចាប់ពី​ពេល​នេះ​តទៅ​… ​គួរតែ​ចាត់​កម្លាំង​…​ ពង្រាយ​កម្លាំង​… ​ពង្រឹង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​…​​ ពិសេស​កុំ​ពូកែ​បើកដៃ​ឱ្យ​មាន​ល្បែង​ស៊ីសង​…​។​ល​។

បើ​ខេត្ត​ណា​មាន​ចោរប្លន់ ហើយ​ចាប់ចោរ​មិន​បាន សមត្ថកិច្ច​ខេត្ត​នោះ​ត្រូវ​ដក​ស័ក្តិ​ខ្លួនឯង​ចោល​…​ ត្រូវ​តែ​ក្លាហាន​សុំ​ឈប់​ធ្វើ​មេ​ភ្លាម​…​ ​បើ​ក្រឹត្យក្រម​នេះ​មាន​ប្រសិទ្ធភាព​… ​សមត្ថកិច្ច​ពិតជា​រលាស់​សរសៃ​…​​ ហើយ​ចោរ ឬ​សង្គម​ងងឹត​ប្រាកដជា​ខ្លបខ្លាច​…

ប្រសិនបើ​មាន​កើត​ចោរប្លន់​ហើយ​…​ ចាប់​មិន​បាន​… ​ហើយ​នៅ​តែ​ឡើង​ស័ក្តិ​ទៀត​… ​អសន្តិសុខ​ក្នុង​សង្គម​ប្រាកដជា​រក​វាចា​ថ្លែង​មិន​បាន​ឡើយ​…​ ហេ ! ហេ !
                      អា​ឡេវ