ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

​ភ្នំពេញ​៖ អំឡុងពេល​អនុវត្ត​វិធានការ​រដ្ឋបាល​រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត រហូតដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ អាជ្ញាធរ​សមត្ថកិច្ច​រាជ​ធានី​ខេត្ត ពិសេស​អាជ្ញាធរ​នៅ​ថ្នាក់​ខណ្ឌ​ក្រុង​ស្រុក ក៏​បន្ត​នូវ​វិធានការ​ម៉ឹងម៉ាត់…

​ភ្នំពេញ​៖ អំឡុងពេល​អនុវត្ត​វិធានការ​រដ្ឋបាល​រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត រហូតដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ អាជ្ញាធរ​សមត្ថកិច្ច​រាជ​ធានី​ខេត្ត ពិសេស​អាជ្ញាធរ​នៅ​ថ្នាក់​ខណ្ឌ​ក្រុង​ស្រុក ក៏​បន្ត​នូវ​វិធានការ​ម៉ឹងម៉ាត់ ចាប់​បង្ក្រាប​នូវ​មុខរបរ ឬ​អាជីវ​កម្មណា ដែលមាន​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដូចជា ហាង​ម៉ាស្សា ខារ៉ាអូខេ ឬក៏​កន្លែង​ផឹកស៊ី​គ្រឿង​ស្រវឹង ជាដើម​។​

​ដើម្បី​អនុវត្តវិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ឲ្យកាន់តែមាន​ប្រសិទ្ធភាពថែមទៀត​  កាលពី​​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ជាថ្មីទៀត ទៅកាន់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​ការលួចបើក​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ ការជួបជុំ​ផឹកស៊ី នៅក្នុង​មូលដ្ឋាន​របស់ខ្លួន។ បទបញ្ជាជាថ្មីនេះ​ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ឈានទៅ​បើក​​រាជធានី​​ភ្នំ​ពេញ ជាធម្មតា​ឡើងវិញ​។​

​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលខណ្ឌ ចំនួន ២​រូប គឺ​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ត្រូវបាន​ផ្ទេរ​ទៅកាន់​តំណែង​ថ្មី ជា​អភិបាលខណ្ឌ​ឫស្សីកែវ ចំណែក​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ ត្រូវបាន​ផ្ទេរ​មកកាន់​តំណែង​ជា​អភិបាល​ខណ្ឌទួលគោក​ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១ លោក ឃួ​ង ស្រេង បាន​លើកឡើងថា មកដល់ពេលនេះ មាន​ក្លឹប​កម្សាន្ត ខារ៉ាអូខេ និង​ការជួបជុំ​ផឹកស៊ី នៅ​កើតមាន​លួចលាក់ ក្នុង​ខណ្ឌ​មួយចំនួន​ នៅភ្នំពេញ​។ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​អោយបាន​នូវ​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ដែល​បាន និង​កំពុង​លួច​បើក​ទាំងនេះ​។

​លោក​អភិបាល​រាជធានី​ភ្នំពេញ លើកឡើងថា យើង​មិនត្រូវ​អប់រំ ណែនាំ​ទៀត​ទេ គឺ​ត្រូវតែ​ចុះទៅ​បង្ក្រាប ដោយ​បិទ​តែម្ដង ដើម្បី​ឈានទៅដល់​ការលុបបំបាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​វីរុស​បំ​លែង​ថ្មី ប្រភេទ​ដែល​តា​ និង​ដើម្បី​ឈានទៅ​បើក​ឡើងវិញ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទូទាំងប្រទេស​។​

​លោក ឃួ​ង ស្រេង ក៏បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំង ១៤​ខណ្ឌ នៅ​ភ្នំពេញ ត្រូវ​ល្បាត​នៅក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទប់ស្កាត់​បទល្មើស និង​ទប់ស្កាត់ឲ្យបាន​នូវ​ការជួបជុំ​ផឹកស៊ី ដែលអាច​​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ជា​រៀងរាល់ថ្ងៃ អំឡុងពេល​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ហាមឃាត់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ដែលមាន​ចំនួន​មនុស្ស​ចូលរួម មិន​លើសពី ១៥​នាក់ ជាដើមនោះ អាជ្ញាធរសមត្ថកិច្ច​ ​ក៏​តែងតែ​ចុះបង្ក្រាប បិទ​ទីតាំង​លួច​បើក​ភោជនីយដ្ឋាន លក់​គ្រឿង​ស្រវឹង ហាងខារ៉ាអូខេ​ និងការ​ប្រមូលផ្ដុំ​មនុស្ស​ ផឹកស៊ី ជា​បន្ត​បន្ទាប់​។

​អាជ្ញាធរ​សមត្ថកិច្ច តាម​ខណ្ឌ ក៏បាន​ដឹកនាំ​កម្លាំងចម្រុះ ល្បាត​ក្នុងភូមិ​សាស្ត្រ​នៃ​មូលដ្ឋាន​រៀងៗ​ខ្លួន ដោយ​ណែនាំ ផ្សព្វផ្សាយ ក៏ដូចជា​អនុវត្តន៍​តាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​នៃ​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ប៉ុន្តែ​អំឡុងពេល​អាជ្ញាធរ​ខណ្ឌ ឆ្មក់​ចូល​តាម​ហាង​លក់​ចំណីអាហារ គ្រឿង​ហូបចុក នៅពេលយប់​នេះ ក៏មាន​អាជ្ញាធរ​សមត្ថកិច្ច​ខ្លះ អនុវត្ត​លើស​សេចក្តីណែនាំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរកស៊ី​មួយចំនួន​​។​

​ចំពោះ​ហាង​លក់ដូរម្ហូបអាហារ ហើយ​មាន​លួច​លក់​គ្រឿង​ស្រវឹង ស្រា​បៀរ ឬ​ស្រា​ដប​នានា គឺ​ពិតជា​ខុស​នឹង​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ចាប់​ឃាត់ខ្លួនអ្នកចូលហូបចុក និងម្ចាស់ហាង ដោយការផាកពិន័យ ម្នាក់ៗ ពី ១លានរៀល ទៅ ២​លាន​រៀល ហើយ​បើធ្ងន់ធ្ងរ ហាងនោះ ត្រូវ​បិទ លែងឲ្យដំណើរការថែមទៀត​​។

ប៉ុន្តែ​ក៏​នៅមាន​ករណី​ហាងដូរ ក៏ដូចជាហាង​លក់​សាច់​អាំង​ពេលយប់ ដែល​គោរព​តាម​ត្រឹមត្រូវ​នូវ​វិធានការ​រដ្ឋបាល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​បើក​លក់​តែ​ម្ហូបអាហារ ភេសជ្ជៈ​នានា ដោយ​មិនមាន​គ្រឿង​ស្រវឹង​សោះ​នោះ ហើយរក្សា​នូវវិធានាសុខាភិបាល អនាម័យ​យ៉ាងល្អហើយ​ ក៏នៅតែ​ត្រូវ​អាជ្ញាធរ​ចម្រុះ​តាម​ខណ្ឌ ចុះទៅ​ត្រួតពិនិត្យ តែមាន​លក្ខណៈ​ដូច​ចុះទៅ​បង្ក្រាប​បទល្មើស​ដែរ នាំ​ឲ្យ​ភ្ញៀវ​ភ័យខ្លាច រត់ចេញ​អស់ពី​ហាង ​ក៏មាន​។ ករណីនេះ គួរតែ​អាជ្ញាធរ​សមត្ថកិច្ច​ កែសម្រួល​វិធាន​ការ ហើយ​ត្រួត​ពិនិត្យឡើងវិញ ធ្វើយ៉ាងណា ឲ្យ​ហាង​លក់ដូរ​ ដែល​បើក​រកស៊ី​ត្រឹមត្រូវ មិនមាន​លក់​គ្រឿង​ស្រវឹង អំឡុងពេលនេះ អាច​រកស៊ី​បាន​​ផង​។​

​វិធានការ​រដ្ឋបាល ដែល​ហាមឃាត់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ហាមឃាត់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន រួមទាំង​ការផ្អាក​លក់ និង​ជួបជុំ​ផឹកស៊ី​គ្រឿង​ស្រវឹង ក្នុងអំឡុង​ពេលនេះ ដាច់ខាតហើយ ត្រូវតែ​ម្នាក់ៗ ​អនុវត្ត និង​គោរព​ហើយ​។ តែ​ក៏ត្រូវ​តែមាន​ការអនុវត្ត​ឲ្យ​ស្មើភាព​គ្នា ហើយដោយ​តម្លាភាព​ផងដែរ​។ អ្នកបើកហាង​លក់ដូរ ក៏ត្រូវតែអនុវត្ត​ឲ្យ​បានខ្ជាប់ខ្ជួន តាមការណែនាំ ពិសេសវិធាន​សុខាភិបាល ដោយធ្វើយ៉ាងណា កុំ​ឲ្យមានឆ្លងកូវីដ​។ រីឯវិធានការរដ្ឋបាល ក៏ត្រូវតែអនុវត្ត ពិសេស​ផ្អាកលក់គ្រឿងស្រវឹង ក្នុងរយៈពេលហាមឃាត់​នេះ។​

​ហាង​ណា ដែល​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ​​គួរតែ​ទុក​ឲ្យ​គ្នា​បើក​លក់ដូរ​ធម្មតា ព្រោះថា នរណា​ក៏​ខ្លាច​ឆ្លង​កូ​វីដ​ដែរ​។ តែ​កូ​វីដ​ បានអូសបន្លាយ​យូរពេក ធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​បើកហាងលក់ដូរម្ហូបអាហារ ក៏ដូចជា កន្លែង​​ផឹកស៊ីគ្រឿងស្រវឹង​ ពិសេស​ហាង​ម៉ាស្សា ខារ៉ាអូខេ ក្លិប​កម្សាន្ត និង​ក្លិប​ហាត់ប្រាណ ជាដើម ត្រូវ​បិទទ្វារ និង​ផ្លាស់ប្តូរ​មុខរបរ​អស់​ច្រើន​ហើយ​ដែរ​។

ប៉ុន្តែ​វិធានការ​រឹតបន្តឹង​នេះ ក៏ដើម្បី​តែ​​ទប់ស្កាត់ កុំ​ឲ្យ​ឆ្លង​រាលដាល​កូ​វីដ​ប៉ុណ្ណោះ​។ ដូច្នេះ​​អាជ្ញាធរ​សមត្ថកិច្ច​យើង ​តាម​មូលដ្ឋាន ក៏​ត្រូវតែ​ហ្មត់ចត់ ថា​ហាង ដែល​មិនមាន​លក់​គ្រឿង​ស្រវឹង និង​អនុវត្ត​វិធាន​សុខាភិបាល វិធានការរដ្ឋ​បាល រួមទាំង​ការ​រក្សា​គម្លាត​​បានត្រឹមត្រូវ គួរ​តែ​​អាច​​បើក​លក់ដូរ​បាន​ជា​ធម្មតា​។ អាជ្ញាធរសមត្ថកិច្ចយើង ក៏ត្រូវតែជៀសវាងការលើកឡើងកន្លងមកថា ​ហាង​​ណា ដែល​មិន​បង់លុយ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច គឺត្រូវ​​អាជ្ញាធរ​សមត្ថកិច្ច រករឿង ខុស​នេះ ខុស​នោះ មិន​ឲ្យ​​បើក​រកស៊ី លក់ដូរ​​បាន​នោះទេ​។ មាន​ម្ចាស់​ហាង​មួយចំនួន នៅ​ភ្នំពេញ លើកឡើង​ករណី​អាជ្ញាធរ​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ នៅពេល​យប់ៗ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ភ័យ រត់​អស់ពី​ហាង ខណៈ​ហាង​ទាំងនោះ មិនមាន​លក់ ឬក៏​លួចលាក់​លក់​គ្រឿង​ស្រវឹង​​​នោះឡើយ​។​

​មួយ​វិញទៀត​ អាជ្ញាធរ​សមត្ថកិច្ច​តាម​មូលដ្ឋាន ក៏​មិនគួរ​យក​វិធានការ​រដ្ឋបាល​ទប់ស្កាត់​កូ​វីដ​នេះ ដើម្បី​ធ្វើជា​លេស របៀប​ជាការ​គោះ​លុយ បើ​ហាង​លក់ដូរ ពិសេស​កន្លែង​ម្ហូបអាហារ​ពេលយប់ ដែល​មិន​រៀបចំ​កញ្ចប់​លុយ​ឲ្យ​ខ្លួន​ទេ គឺ​អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​បើក​លក់ដូរ​​នោះ​ឡើយ​។ ការធ្វើ​ដូច្នេះ គឺជា​រឿង​មួយ មិនត្រូវ​កើតមាន​ទាល់តែសោះ ក្នុង​បរិបទ​កូ​វីដ ដែល​​ម្នាក់ៗ ជួប​ការលំបាក​ក្នុងការ​រកលុយ​ផង និង​ក៏​អាច​ប្រឈមនឹង​​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​កូ​វីដ​ទៅទៀត បើសិនជា​ហាង​លក់ដូរ​នោះ មិន​គោរព​តាម​វិធាន​សុខាភិបាល​ត្រឹមត្រូវ។ តែបើ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​លក់ដូរ ដោយសារតែ​មានការ​ត្រូវរ៉ូវ​គ្នា ក្រៅផ្លូវការ​ណាមួយ គឺជាគ្រោះថ្នាក់​​។ ដូច្នេះករណីនេះ គួរតែមាន​ស្តង់ដារ​វាយតម្លៃ​មួយ កុំ​ឲ្យ​សម្រេច​តែ​លើ​បបូរមាត់​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ បកស្រាយថា ហាងណា​ខុស​មានហានិភ័យ ហើយហាងណា មិនមានហានិភ័យ ឆ្លងកូវីដ​។​

​ជា​សរុបទៅ ការ​បើកហាង​ផឹកស៊ី​គ្រឿង​ស្រវឹង ក្លិប​កម្សាន្ត ហាង​ម៉ាស្សា និង​ហាង​ខារ៉ាអូខេ រួមទាំង​ការជួបជុំ​ផឹកស៊ី ក្នុងអំឡុងពេល​ហាមឃាត់ ដែល​អនុវត្ត​វិធានការ​រដ្ឋបាល​នាពេលនេះ គឺជា​រឿង ដែល​ត្រូវ​ហាមឃាត់​ ដើម្បីទប់ស្កាត់ការឆ្លង​រាលដាលជំងឺកូវីដ១៩​។ តែបើ​ហាង​លក់ដូរ​ម្ហូប​អាហារ ឬ​ភោជនីយដ្ឋាន​ណា ដែល​គោរព​អនុវត្តតាម​ការណែនាំ និង​វិធានការ​ទប់ស្កាត់​កូ​វីដ​​បានត្រឹម​ត្រូវ ដោយ​មិនមាន​លក់ដូរ​គ្រឿង​ស្រវឹង​ទេ នោះ​គួរតែ​អាជ្ញាធរ​សមត្ថកិច្ច អនុញ្ញាត​ឲ្យ​គ្នា​រកស៊ី​បានដោយស្រួល​​ផង​​៕​