ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានទីផ្សារអ្នកចិញ្ចឹមត្រីខ្លះផ្តើមកែច្នៃត្រីក្នុងស្រះ និងដើរលក់ដោយខ្លួនឯង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកស្រី កែវ យ៉ាដា អនុប្រធានក្រុមប្រឹក្សាសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា នៅពេលផលិផលវារីវប្បកម្មជួបប្រទះនឹងបញ្ហាគ្មានទីផ្សារ អ្នកចិញ្ចឹមត្រីមូយចំនួន ដែលមានទុនទប់ទល់បាន…

រាជធានីភ្នំពេញ ៖ លោកស្រី កែវ យ៉ាដា អនុប្រធានក្រុមប្រឹក្សាសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា នៅពេលផលិផលវារីវប្បកម្មជួបប្រទះនឹងបញ្ហាគ្មានទីផ្សារ អ្នកចិញ្ចឹមត្រីមូយចំនួន ដែលមានទុនទប់ទល់បាន ពួកគាត់មិនចាប់ត្រីក្នុងស្រះលក់នោះទេ គឺរក្សាត្រីក្នុងស្រះដដែលតែសម្រាប់កសិករដែលមិនមានទុន បានផ្ដើមកែច្នៃត្រីដែលខ្លួនចិញ្ចឹមជាលក្ខណៈគ្រួសារបែបសិប្បកម្មបុរាណ ដូចជាធ្វើត្រីងៀត ត្រីប្រលាក់ ផ្អក ដើម្បីរំដោះត្រីក្នុងស្រះ និងទទួលបានចំណូលសម្រាប់ដោះស្រាយជីវភាព ។ ចំណែកកសិករខ្នាតតូចជាលក្ខណៈគ្រួសារ ខ្លះទៀតចាប់ផ្ដើមចាប់ត្រីចិញ្ចឹម ដើរលក់តាមភូមិ តាមដែលអាចធ្វើទៅបាន ព្រោះមិនដឹងយកត្រីទំាងនោះទៅណា ។ 

លោកស្រី អនុប្រធានសមាគមឲ្យដឹងបន្តថា នៅក្នុងកាលទេសៈមានការលំបាកខាងទីផ្សារបែបនេះ អ្នកចិញ្ចឹមត្រីមួយចំនួននៅតែបន្តរបរវារីវប្បកម្មនេះទៅទៀត ព្រោះពួកគាត់ប្រកបរបរនេះយូរឆ្នាំហើយ និងម្យ៉ាងខ្លួនមានធនធាន ជាស្រះ និងឧបករណ៍នានាបម្រើដល់អាជីវកម្មស្រាប់ ក្នុងនោះគ្រាន់តែមានអ្នកមួយចំនួនបានកាត់បន្ថយបរិមាណចិញ្ចឹម ខ្លាចលក់មិនចេញទៀត ពីព្រោះទីផ្សារនៅតែមិនមានភាពច្បាស់លាស់ ។ រីឯកសិករខ្នាតតូច និងមធ្យម គ្មានទុនមួយចំនួនបានបោះបង់របរចិញ្ចឹមត្រីតែម្តង ។ 

 លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ឲ្យដឹងថា ផលវារីវប្បកម្មទទួលបានគិតពីថ្ងៃទី ១ ខែមករា ដល់បច្ចុប្បន្នមានចំនួន ១៥១,៤៥៧.២៨ តោន និងកូនពូជវារីសត្វគ្រប់ប្រភេទចំនួន ២៣៨ ៧៥៩ ៩៥២ កូន ។ ផលសរុបនេះបានមកពីវារីវប្បកម្មទឹកសាបរួមមាន ៖ ត្រីប្រា ពោ ឆ្តោ រ៉ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទីឡាព្យា ត្រីចម្រុះ កង្កែប កន្ធាយ បង្កងទឹកសាប បង្កងអូស្ត្រាលី អន្ទង់ទឹកសាបជាដើម និងវារីវប្បកម្មសមុទ្ររួមមាន ៖ ត្រីឆ្ពង់ ត្រីតុកកែ បង្គា ក្តាមថ្ម សារាយសមុទ្រ គ្រំចំពុះទា ត្រីផ្ទក់សមុទ្រ និងគ្រែងឈាម ។

ជាមួយការទទួលស្គាល់ពីកំណើនគួរឲ្យកត់សម្គាល់លើការងារវារីវប្បកម្មនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ចាប់តំាងពីការរីករាលដាលជំងឺកូវីដ ១៩ តំាងពីឆ្នាំ ២០២០ មក ដែលធ្វើកម្មវិធីជួបជុំដូចជា ការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ដែលបានធ្វើឱ្យតម្រូវការត្រីសាច់មានការថយចុះ គួបផ្សំផលិតផលវារីវប្បកម្មក្នុងស្រុកមិនអាចធ្វើការប្រកួតប្រជែងបានជាមួយការនាំចូលត្រីពីប្រទេសជិតខាង ដែលជាហេតុធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ ។ 

«យើងក៏បានសង្កេតឃើញថា វិស័យឯកជន និងវារីវប្បករដែលប្រកបរបរវារីរប្បកម្មខ្នាតធំបានជួបប្រទះនូវបញ្ហាការកកស្ទះត្រី ដោយពួកគាត់ផលិតត្រីបានហើយ ប៉ុន្តែគ្មានឈ្មួញមកទិញ ឬលក់បានក្នុងតម្លៃទាបជាងថ្លៃដើមផលិត ។ បញ្ហានេះធ្វើឱ្យមានការអូសបន្លាយរហូតដល់ឆ្នាំ ២០២១ ដែលវិស័យឯកជនមួយចំនួនមានលក្ខណៈនឿយណាយ និងពន្យារពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹមបន្ត» នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តី ។

លោកស្រី កែវ យ៉ាដា ស្នើដល់រដ្ឋាភិបាលគួរតែពង្រឹង និងជួយកសិករក្នុងការអនុវត្តគោលនយោបាយលើការនាំត្រីចូល ត្រួតពិនិត្យ គុណភាព  បរិមាណ  ការបង់ពន្ធ ឱ្យបានត្រឹមត្រូវដើម្បីឱ្យផលិតផលក្នុងស្រុកអាចលក់ចេញដោយមិនបានការបន្ទាបតម្លៃពីឈ្មួញ ។ ម្យ៉ាងទៀតលោកស្រីបានស្នើរដ្ឋាភិបាលផ្តល់កម្ចីក្នុងលក្ខខ័ណ្ឌងាយៗអាត្រាការប្រាក់ទាបដល់កសិករចិញ្ចឹមត្រី អាចមានទុនបង្វិល  ឬទុនវិនិយោគ កែ ច្នៃផលិតផលរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ