- ភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះ បានសម្រេចបន្តបិទខ្ទប់កំណាត់ផ្លូវលេខ ៣៥ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម…
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះ បានសម្រេចបន្តបិទខ្ទប់កំណាត់ផ្លូវលេខ ៣៥ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម…
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះ បានសម្រេចបន្តបិទខ្ទប់កំណាត់ផ្លូវលេខ ៣៥ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។ ការបន្តបិទខ្ទប់នេះ គឺមានគោលដៅ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា នៅក្នុងសហគមន៍។
កំណាត់ផ្លូវលេខ ៣៥ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានបិទខ្ទប់ ១៤ថ្ងៃរួចមកហើយ ក្នុងពេលផ្ទុះការឆ្លងរាលដាលកូវីដ ប្រភេទបំប្លែងថ្មី ដែលតា នៅតំបន់នោះ។ ការបន្តបិទខ្ទប់ ៧ថ្ងៃថែមទៀត នៅថ្ងៃទី២៦សីហា ឆ្នាំ២០២១ បង្កឲ្យអ្នកភូមិក្នុងតំបន់បិទខ្ទប់នោះ ផ្ទុះការតវ៉ានឹងអាជ្ញាធរ។
អ្នកភូមិក្នុងតំបន់បិទខ្ទប់ បានលើកឡើងនូវការលំបាកជាច្រើន ក្នុងអំឡុងពេលនៃការបិទខ្ទប់ ដែលមិនអាចចេញទៅណាមកណាបាន ហើយមិនអាចបើកទ្វារលក់ដូរ និងមិនអាចចេញទៅធ្វើការងារ ប្រកបមុខរបរកស៊ីអ្វីបានឡើយ។ ចំណូលមិនមាន ហើយមានតែការចំណាយ។
ប៉ុន្តែវិធានការបិទខ្ទប់ មិនថានៅកំណាត់ផ្លូវលេខ ៣៥ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬក៏នៅតំបន់ផ្សេង នៅផ្សារ នៅហាង ក្រុមហ៊ុនណានោះទេ អាជ្ញាធរសមត្ថកិច្ច មិនមានជម្រើសអ្វីផ្សេងឡើយ។ ពោលគឺឲ្យតែពាក់ព័ន្ធនឹងករណីឆ្លងកូវីដ ពិសេសកូវីដ បំប្លែងថ្មី ប្រភេទដែលតា ត្រូវតែបិទខ្ទប់ ហើយពេទ្យទៅយកសំណាកអ្នកពាក់ព័ន្ធភ្លាមៗ។ បើរកឃើញអ្នកវិជ្ជមាន ត្រូវបញ្ជូនទៅសម្រាកព្យាបាល ហើយតំបន់នោះ ផ្សារ ឬហាងទាំងនោះ ត្រូវបិទខ្ទប់ តាមរយៈពេលកំណត់ពី ៧ថ្ងៃ ឬ១៤ថ្ងៃ និងឡើងដល់ ២១ថ្ងៃ ព្រោះថា មេរោគថ្មី ដែលតា អាចដល់ទៅ ២១ថ្ងៃ ទើបធ្វើតេស្តរកឃើញវិជ្ជមាន។
ជាការពិត ការបិទខ្ទប់ពិតជាបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ ហើយសូម្បីអាជ្ញាធរសមត្ថកិច្ចយើង ក៏នៅមិនសុខ ដេកមិនលក់ឡើយ។ នឿយហត់ជាងគេ ពេទ្យតែម្តង។ អាជ្ញាធរសមត្ថកិច្ច ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវដាក់កម្លាំងចូលរួមអនុវត្តការបិទខ្ទប់ រៀបចំទីតាំងសម្រាប់ពេទ្យ យកសំណាក មិនថា ភ្លៀង ក្តៅ ឬក៏យប់ឡើយ។ ក្រោយយកសំណាកហើយ អាជ្ញាធរសមត្ថកិច្ច ក៏ត្រូវដាក់ពង្រាយកម្លាំង យាមនៅទីតាំងបិទខ្ទប់ទាំងនោះ ថែមទៀត។ នៅ ២៤ម៉ោង លើ ២៤ម៉ោង ក្នុង ១ថ្ងៃៗ ហើយមិនថា ថ្ងៃ យប់ ក្តៅ ត្រជាក់ ឬភ្លៀងទេ កម្លាំងអាជ្ញាធរសមត្ថកិច្ច នៅប្រចាំការ ឈរជើង ដេក អង្គុយនៅកន្លែងបិទខ្ទប់នោះថែមទៀត។
ការលះបង់ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរសមត្ថកិច្ច និងពេទ្យជាយូរខែឆ្នាំ រហូតដល់សព្វថ្ងៃនេះ ក្នុងប្រយោជន៍សុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ កុំឲ្យរាតត្បាតពីកន្លែងបិទខ្ទប់នោះ រាលទៅកាន់កន្លែងផ្សេងទៀត។ ដូច្នេះប្រជាពលរដ្ឋយើង មិនថា នៅតំបន់បិទខ្ទប់ ឬនៅក្រៅតំបន់បិទខ្ទប់ នៅភ្នំពេញ ឬតាមបណ្តាខេត្តណានោះទេ គួរតែយល់ពីការលំបាក និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធនឹងការបិទខ្ទប់។
ជាមួយគ្នានោះ វិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាច្រើនទៀត ដែលដាក់ចេញ នៅរាជធានីខេត្តនានា ក៏ដើម្បីតែទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋយើងម្នាក់ៗ គួរតែយល់ថា មកដល់ឥឡូវនេះ ទោះបីជាចំនួនអ្នកឆ្លងកូវីដ១៩ បានថយចុះ ហើយមកនៅថេរប៉ុន្មានថ្ងៃនេះ ត្រឹមជាង ៤០០នាក់ និងស្លាប់ថយពីជាង ១០នាក់ មកត្រឹមក្រោម ១០នាក់ ក្នុង ១ថ្ងៃៗ ក៏ដោយ ក៏កូវីដមិនបានទៅណាឆ្ងាយពីយើងឡើយ ពិសេសប្រភេទបំប្លែងថ្មី ដែលតា ដ៏កាចសាហាវនេះតែម្តង។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ ប្រភេទដែលតា កើនឡើងដល់ ១៣២៥នាក់ នៅក្នុង ២៣រាជធានីខេត្ត លើកលែងតែខេត្តកែប និងខេត្តក្រចេះទេ ដែលមិនទាន់មានឆ្លងដែលតា។
ម្យ៉ាងទៀត វិធានការបិទខ្ទប់ភូមិនេះ មិនមែនធ្វើឡើងតែនៅកំណាត់ផ្លូវលេខ ៣៥ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទេ គឺរាជធានីភ្នំពេញ មាននៅច្រើនសហគមន៍ទៀត ហើយផ្សារ ក៏ត្រូវបិទច្រើនដែរ។ តាមខេត្តជាច្រើន ក៏អនុវត្តនូវវិធានការបិទខ្ទប់ដូច្នេះ ដើម្បីទប់ស្កាត់កូវីដ។
ពេលនេះ ប្រជាពលរដ្ឋ គ្មានជម្រើសអ្វីក្រៅតែពីចូលរួមអនុវត្ត និងគោរពតាមសេចក្តីសម្រេច និងវិធានការនានារបស់អាជ្ញាធរសមត្ថកិច្ចប៉ុណ្ណោះ ព្រោះចូរកុំភ្លេចថា វិធានការទាំងនេះ ជាច្បាប់ តម្រូវឲ្យប្រជាពលរដ្ឋ ត្រូវតែអនុវត្ត និងត្រូវតែគោរពតាម។ ម្យ៉ាងប្រជាពលរដ្ឋយើង ក៏គួរតែគិតថា រស់នៅក្នុងតំបន់បិទខ្ទប់ ប្រសើរជាងទៅនៅក្នុងមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាល បើសិនជាឆ្លងកូវីដ ហើយធ្ងន់ធ្ងរទៀត បើល្មើសនឹងបម្រាម អាចត្រូវចាប់ខ្លួន ផ្តន្ទាទោស រហូតដល់ជាប់ពន្ធនាគារថែមទៀត។ មួយវិញទៀត បើឆ្លងកូវីដ ហើយធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវចូលពេទ្យក៏មានហានិភ័យ អាចរហូតដល់ស្លាប់ ក៏មានជាហូរហែ មិនលោះថ្ងៃសោះឡើយ មកដល់ពេលនេះ។
យ៉ាងណាក៏ដោយ អាជ្ញាធរសមត្ថកិច្ចយើង ក៏គួរតែគិតគូរថ្លឹងថ្លែងឲ្យហ្មត់ចត់ផង។ បើសិនជាស្ថានភាពនៅតំបន់បិទខ្ទប់នោះ ធូរស្រាលហើយ ក៏សូមអាជ្ញាធរសមត្ថកិច្ចយើង គួរតែបន្ធូរបន្ថយ ហើយបង្រួមការបិទខ្ទប់ ពីការបិទខ្ទប់ផ្លូវ បិទខ្ទប់សហគមន៍ទាំងមូល មកត្រឹមជាការបិទខ្ទប់តាមខ្នងផ្ទះ ដែលមានអ្នកកើតកូវីដ ឬអ្នកប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺកូវីដ។ ដោយឡែក ផ្ទះអ្នកមិនមានប៉ះពាល់នឹងអ្នកជំងឺកូវីដទេ គួរតែអាជ្ញាធរសមត្ថកិច្ចយើង អនុញ្ញាតឲ្យគ្នាចេញចូលបើទ្វារតាមធម្មតាឡើងវិញផង។ ម្នាក់ៗ ខ្លាចកូវីដហើយ តែម្នាក់ៗ ក៏ចង់រស់ ដោយត្រូវការរកស៊ី ទទួលទានរាល់ថ្ងៃដែរ៕
ចែករំលែកព័តមាននេះ