រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទយីឌុបមួយគ្រឿងកំពុងតែឈប់ចត ខណៈប្អូនអ្នកបើកបរឡើងទៅបញ្ឆេះបើក បញ្ចក់ប្រុងសម្រាក ស្រាប់តែរ៉ឺយ៉ែលថយក្រោយទៅបុករថយន្តឃ្លុបដឹកទំនិញមួយគ្រឿង និងរុញទៅបុកសំយាបផ្ទះកន្លែងលក់ដូរ បណ្តាលអោយរងការខូចខាតធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណា ពុំបណ្តាលអោយមនុស្សរងរបួសឡើយ ។
គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ទី២៦ ខែសីហា នៅតាមផ្លូវបេតុងខាងកើតបឹងបៃតង ក្នុងភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តដែលបង្កគ្រោះថ្នាក់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាកស្លាកលេខ បាត់ដំបង៣A..៣០៥៤ បើកបរ ដោយឈ្មោះ សែម ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅភូមិអូរ ដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ចំណែករថយន្តដែលឈប់ចត ត្រូវគេបុករុញនោះម៉ាកKIA ពណ៌សទ្រុងឃ្លុប ពាកស្លាកលេខភ្នំពេញ២AI.៧០២២ ដែលជារថយន្ត របស់ផ្ទះជួល បន្ទប់លេខ៩ ដែលរងការខូចខាតតែម្តង ។
តាមអ្នកបើកបរ រថយន្តប្រភេទយីឌុប បានអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានដឹកខោអាវមកពីប៉ោយប៉ែត មកទំលាក់នៅរោងចក្រក្បែរកន្លែងកើតហេតុ ។ ពេលទំលាក់ខោអាវរួច ក៏បានមកឈប់ចតនៅក្បែរចិញ្ចើមផ្លូវ ដោយដាក់លេខរ៉ឺយ៉ែល។
តាមអ្នកបើកបរបានអោយដឹងទៀតថា ខណះនោះ ប្អូន ប្រុសបានបើកឡើងមកបញ្ឆេះ ដើម្បីទំលាក់កញ្ចក់ស្រាយតែ ថយក្រោយ ជ្រុលទៅបុក រថយន្តម៉ាកគា ចំផ្នែកចំហៀងខាងក្រោយ ក៍បានរុញទៅបុកបង្គោលរោងសំយាបផ្ទះជួលនិងធុងលក់ភេសជ្ជៈព្រមទាំងលក់បាយបណ្តាលអោយបាកបែក និងចាក់ចោលសម្ល ។
តាមព័ត៌មានបានអោយដឹងថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ ម្ចាស់រថយន្តដែលជាម្ចាស់ផ្ទះជួល បានទារការខូចខាតចំនួន៥ពាន់ដុល្លារ ហើយខាងម្ចាស់រថយន្តបង្កសម្របសម្រួលសង១.៧០០ដុល្លារ តែម្ចាស់ផ្ទះចុះនៅត្រឹមចំនួន២ពាន់ ដែលការទារនោះត្រូវបានគេអះអាងថា វាលើសនឹងទំហំនៃការខូចខាត ៕
ចែករំលែកព័តមាននេះ