ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​ធ្វើ​ឱ្យ​មនុស្ស​ទាល់​គំ​និត​ចេះ​តែ​បង្កើត​មុខរបរ​កាន់តែ​ច្រើន​ដើម្បី​ដោះស្រាយ​ជីវភាព

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ក្នុង​សម័យកាល​កូ​វី​ដ​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មនុស្ស​ភាគច្រើន​ចេះ​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង មិន​ថា ប្រុស ឬ​ស្រី ហើយ​ក៏​លែង​គិត​ពី​កា​អៀនខ្មាស់ ដោយ​អ្នកមាន

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​សម័យកាល​កូ​វី​ដ​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មនុស្ស​ភាគច្រើន​ចេះ​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង មិន​ថា ប្រុស ឬ​ស្រី ហើយ​ក៏​លែង​គិត​ពី​កា​អៀនខ្មាស់ ដោយ​អ្នកមាន​ប្រាក់​បង្កើត​មុខរបរ​លក់ដូរ​ផ្សេង​គ្នា​ៗ​ជា​ហូរហែ រីឯ​អ្នក​គ្មាន​ប្រាក់​ក៏​នាំ​កូន​នាំ​ចៅ​ចូល​ព្រៃ​បេះ​បន្លែ​, រាវ​គ្រុំ​ឬ​ខ្យង​លក់ និង​ខ្លះ​ទៀត​ក៏​នាំ​គ្នា​រើស​អេ​ត​ចាយ ដែល​ទាំងនេះ​ព្រោះតែ​កត្តា​ជីវភាព​គ្រួសារ​។

មុខរបរ​លក់ដូរ​ដែល​សំបូរ​ជាងគេ​នា​សម័យ​កូ​វី​ដ​នេះ គឺ​លក់​បន្លែ​ត្រី​សាច់ ដោយ​ខ្លះ​លក់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ខ្លះ​រុញ​រទេះ​លក់​ដោយ​ថ្មើ​ជើង​។ ហើយ​មុខរបរ​លក់​បន្លែ​ត្រី​សាច់​នា​ពេល​បច្ចុប្បន្ន​នេះ មិន​ថា​តាម​ទីផ្សារ ឬ​តាម​ដងផ្លូវ​នោះ​ទេ ឲ្យ​តែ​ជា​តំបន់​ប្រជុំជន គឺ​ហាក់​មានការ​កើនឡើង រហូត​ដងផ្លូវ​មួយ​ចំនួន​ក្លាយជា​ទីផ្សារ​ទៅ​ហើយ ហើយ​អ្នកលក់​ពេល​នេះ​ស្ទើរតែ​ច្រើន​ជាង​អ្នកទិញ​ទៅ​ទៀត។

បើ​តាម​ស្ត្រី​អ្នកលក់​បន្លែ​ត្រី​សាច់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ម្នាក់ បាន​និយាយ​ថា មុន​សម័យ​កូ​វី​ដ គាត់​ចេញចូល​ទៅ​ធ្វើ​កម្មករ​នៅ​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ​។ លុះ​សម័យ​កូ​វី​ដ​នេះ​ចេះ​តែ​អូស​បន្លាយពេល គាត់​មិនដឹង​ថា ប្រកប​មុខរបរ​អ្វី​ក៏​សម្រេចចិត្ត​លក់​បន្លែ​ត្រី​សាច់ គ្រាន់​បាន​កម្រៃ​ខ្លះ​ដោះស្រាយ​ជីវភាព​គ្រួសារ​។ មិន​ថា​តែ​ស្ត្រី​ទេ បច្ចុប្បន្ន​បុរស​ៗ​ក៏​ក្លាយជា​អ្នក​លក់ដូរ​តាម​ម៉ូតូ ឬ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ព្រោងព្រៀត​ដូច​គ្នា​។

ចំណែក​អ្នកលក់​ទឹកអំពៅ​តាម​ដងផ្លូវ​ម្នាក់​ក៏​បាន​និយាយ​ដែរ​ថា បច្ចុប្បន្ន​ការ​លក់ដូរ​មិនសូវ​ដាច់​ទេ ព្រោះ​ទាំង​គេ ទាំង​គ្រួសា​គាត់​សុទ្ធតែ​ជួប​បញ្ហា​ជីវភាព​រក​ប្រាក់​មិនសូវ​បាន​។ ដ្បិត​មុខរបរ​លក់ដូរ​កើត​មាន​ជា​ហូរហែ ប៉ុន្តែ​អ្នកលក់​ទំនិញ​ខុស​ពី​បន្លែ​ត្រី​សាច់ ដូច​ជា​ទំនិញ​ថ្លៃ​ៗ ឬ​សំលៀក​បំពាក់ ហាក់​លក់​មិន​ដូច​ដាច់​ទេ​។

បើ​តាម​អាជីវករ​លក់​សម្លៀក​បំពាក់​នៅ​ផ្សារ​ថ្មី​ប៉ោយ​ប៉ែ​ត មួយ​គ្រួសារ និង​មាន​ទីលំនៅ​ភូមិ​សាមគ្គី​មាន​ជ័យ ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ពួក​គាត់​បង្ខំចិត្ត​បិទ​តូប​ហើយ ព្រោះ​គ្មាន​អ្នកទិញ ។

គ្រួសារ​ខាងលើ​នេះ បាន​អះអាង​ទៀត​ថា ថ្ងៃ​ខ្លះ​លក់​មួយ​ថ្ងៃ​មិន​បាន​កម្រៃ​សូ​ម្បី​១០០​រៀល ដែល​ករណី​នេះ​គេ​គិត​ថា បើ​កូ​វី​ដ​នៅ​តែ​អូស​បន្លាយពេល​យូរអង្វែង​តទៅ​ទៀត កុំ​ថា​ឡើយ​អ្នកក្រ​ដែល​អាច​ប្រឈម​បញ្ហា​ជីវភាព សូ​ម្បី​អ្នកមាន​ជីវភាព​កម្រិត​មធ្យម​ក៏​គង់តែ​លក់​ខ្ទេច​លក់​ខ្ទី ឡាន ឬ​ម៉ូតូ ដើម្បី​ដោះស្រាយ​ជីវភាព​ដូច​គ្នា​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ