ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC ទើបអនុញ្ញាតឱ្យក្រុមហ៊ុនពីរវិនិយោគលើការចិញ្ចឹមមាន់ ទា ជ្រូក នៅកម្ពុជា និងកែច្នៃផ្លែឈើខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងចំណោមគម្រោងវិនិយោគចំនួន ៧ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័តនៅក្នុងខែសីហានេះ ឃើញមានក្រុមហ៊ុនចំនួនពីរ នឹងវិនិយោគលើការចិញ្ចឹមសត្វមាន់ ទា និងជ្រូក ចំណែកក្រុមហ៊ុនមួយទៀត…

រាជធានីភ្នំពេញ ៖ ក្នុងចំណោមគម្រោងវិនិយោគចំនួន ៧ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័តនៅក្នុងខែសីហានេះ ឃើញមានក្រុមហ៊ុនចំនួនពីរ នឹងវិនិយោគលើការចិញ្ចឹមសត្វមាន់ ទា និងជ្រូក ចំណែកក្រុមហ៊ុនមួយទៀត នឹងធ្វើការកែច្នៃកសិផលខ្មែរ ដោយត្រូវបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ។ ក្រុមហ៊ុនដែលទើបអនុម័តនោះឈ្មោះ CAMBODIAN XING CAN SHI PIN CO., LTD  គ្រោងវិនិយោគនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥៤ នាក់ ។

ចំណែកគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វមាន់, ទា, ជ្រូក ឈ្មោះ ក្រុមហ៊ុន  SOMA FARM (CAMBODIA) CO., LTD. មានទីតាំងវិនិយោគស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១១,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២ នាក់ ។

ការវិនិយោគរបស់ក្រុមទំាងពីរខាងលើនេះទំនងអាចនឹងបានជួយសម្រួលដល់ទីផ្សារកសិផលខ្មែរកាន់តែធំឡើង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា និងអាចឲ្យកម្ពុជាមានសាច់មាន់ ទា ជ្រូក គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងចំណោមគម្រោងដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ នោះមានគម្រោងខ្លះបានចាប់ផ្តើមដំណើរការហើយ និងគម្រោងខ្លះទៀតរង់ចំាមើលស្ថានភាពកូវីដ ១៩ ធូរស្បើយ ។ លោកជឿថា គម្រោងទំាងអស់នេះនឹងដំណើរក្នុងពេលខាងមុខនេះឆាប់ៗ នៅពេលកម្ពុជាបានចាក់វ៉ាក់សំាងដល់ពលរដ្ឋតាមផែនការនោះ ។

«គណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចចេញវិញ្ញាបនបត្រលើគម្រោងនេះ វាឆ្លុះបញ្ចាំងពីការមិនភ័យខ្លាចរបស់អ្នកវិនិយោគិន នៅក្នុងប្រទេសកម្ពុជា ។ នៅពេលខាងមុននេះយើងនឹងអនុវត្តច្បាប់វិនិយោគថ្មី អាចធ្វើឱ្យមានការទាក់ទាញមានកាន់តែច្រើន ។ លើសពីនេះការកែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅរបស់រាជរដ្ឋាភិបាល បានកាត់បន្ថយចំណាយថ្លៃដើមបានកាន់តែច្រើន វាជាការពង្រឹង និងការទាក់ទាញវិនិយោគិនបន្ថែមទៀត» លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ ។

ជាការកត់សម្គាល់ក្នុងចំណោមគម្រោងទំាង ៧ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនោះ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង ពីវត្ថុធាតុដើមចាស់ៗប្រមូលទិញក្នុងស្រុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៥ នាក់ ។  ក្រុមហ៊ុនបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥ មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤ នាក់ ។  ក្រុមហ៊ុន បង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ អានុភាព ២៣ មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦ នាក់ ។ ក្រុមហ៊ុន បង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៩,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២ នាក់ និងក្រុមហ៊ុន គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧៤ នាក់ ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ