ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ទឹក​កួច​ចូល​ប្រឡាយ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឱ្យ​ជន់​លិច​នៅ​ព្រះ​សីហ​នុ

1 ខែ មុន
  • ព្រះសីហនុ

បុរស​ម្នាក់​ដែល​​​បាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា​ ក្នុង​ហេតុការណ៍​ទឹក​កួច​ចូល​ប្រឡាយ​នោះ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ហើយ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​មាន​អាយុ​ចន្លោះ​៤៥​ឆ្នាំ​ឡើង ដែល​បាន​បាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២១ ក្នុង​ហេតុការណ៍​ទឹក​កួច​ចូល​ប្រឡាយ​នោះ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា វេលា​ម៉ោងជាង​១០​ព្រឹក​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ហើយ គឺ​ស្ថិត​នៅ​ក្នុង​ប្រឡាយ​ម្តុំ​ចន្លោះ​ស្ពាន​អាច​ម៌​មឹក និង​ស្ពាន​អង្គការ​ម្លប់​តា​ប៉ា​ង ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

បើ​តាម​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត បាន​បញ្ជាក់​ថា សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុមការងារ​ចំរុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​រក​ឃើញ​ហើយ​នៅ​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២១ ។ បន្ទាប់​ពី​នៅ​យប់​ថ្ងៃ​ទី​២៤ ខែសីហា​នោះ នៅ​ក្នុង​ក្រុងព្រះសីហនុ ចាប់ពី​ចន្លោះ​ម៉ោង​០៥​ល្ងាច​ដល់​ម៉ោង​០៨​យប់ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ដោយ​កម្រិត​ទឹកភ្លៀង​កើនឡើង​ពី​ចន្លោះ​១២០​ម​ម ទៅ​ដល់​២៧៩​ម​ម បណ្តាល​ឱ្យ​ទឹក​ជន់​លិច​នៅ​តំបន់​ទំនាប​មួយ​ចំនួន រហូត​មក​ដល់​ម៉ោង​១០​យប់ ទឹកភ្លៀង​ក៏​បាន​ស្រក​វិញ នៅ​តាម​អូរ​ប្រឡាយ​សំខាន់​ៗ​នៅ​ក្នុង​ក្រុងព្រះសីហនុ​។

បើ​យោង​តាម​ការ​ព្យាករណ៍​នឹង​មាន​ករណី​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ខេត្ត​ព្រះ​សីហ​នុ ដូច្នេះ​រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត ដោយ​ស្វែងរក​ទីតាំង​ដែល​មាន​សុវត្ថិភាព និង​កុំ​ចាក​ចេញពីផ្ទះ បើ​គ្មាន​ភាព​ចាំបាច់ ជា​ពិសេស​កុំ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជម្រាលភ្នំ និង​ទីកន្លែង​ដែល​មានទឹក​ហូរ​កាត់​ខ្លាំង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ​ណាមួយ​។