ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ អំឡុង​ពេលនេះ កូ​វីដ​១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី ដែល​តា នៅតែ​បន្ត​ឆ្លង​រាលដាល​ក្នុង​សហគមន៍​យើង ពិសេស​នៅ​ភ្នំពេញ ឆ្លង​ច្រើនជាងគេ​។ ក្នុងនោះ ការ​លួចលាក់​បើកហាង​ផឹកស៊ី…

ភ្នំពេញ​៖ អំឡុង​ពេលនេះ កូ​វីដ​១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី ដែល​តា នៅតែ​បន្ត​ឆ្លង​រាលដាល​ក្នុង​សហគមន៍​យើង ពិសេស​នៅ​ភ្នំពេញ ឆ្លង​ច្រើនជាងគេ​។ ក្នុងនោះ ការ​លួចលាក់​បើកហាង​ផឹកស៊ី ដែល​​ជួបជុំ​មនុស្ស​ច្រើន ក៏​ជា​ហានិភ័យ​មួយ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ បន្ត​មាន មិន​ដាច់​ដែរ​។​ ការបើកហាងផឹកស៊ី ល្មើសវិធានការសុខាភិបាលនេះ​ នឹងធ្វើអោយពិបាក​ទប់ស្កាត់កូវីដ។

​កាលពី​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​រាជធានី​ភ្នំពេញ បាន​ចុះ​បិទ​អាហារ​ដ្ឋា​ន​មួយ ឈ្មោះ «​ឬ​ស្សី​ផ្អែម​» ដែលមាន​ទីតាំង នៅតាម​ផ្លូវ​បេតុង ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ហាង​នេះ លួច​បើក​ដំណើរការ ទទួលភ្ញៀវ​ឲ្យ​ចូល​ហូបចុក ផឹកស៊ី ដោយ​អាជ្ញាធរ អះអាងថា ល្មើស​នឹង​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល កូ​វីដ​១៩​។​

​ក្នុង​ប្រតិបត្តិការ​នោះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់​មនុស្ស​ប្រុស​ស្រី​ជាង ១០០​នាក់​។ ក្នុងនោះ មានភ្ញៀវ​ចំនួន ​៧​នាក់ ដែល​ចូលទៅ​ហូបចុក និង​ផឹកស៊ី​គ្រឿង​ស្រវឹង ​ព្រមទាំង​​មេកា ២​នាក់ នៅក្នុង​ហាង ឬ​ស្សី​ផ្អែម ត្រូវបាន​ផាកពិន័យ ម្នាក់ៗ ២​លាន​រៀល ទើប​ត្រូវបាន​ដោះលែង ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ ទាំងយប់​។ រីឯ​បុគ្គលិក​ជិត ៩០​នាក់ ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ ក្រោយពី​អាជ្ញាធរ អប់រំ​រួច​។ ប៉ុន្តែ​ថៅកែ​ហាង មិន​ត្រូវបាន​ឃាត់ខ្លួន ផាកពិន័យ ឬក៏​ចាត់ការ​តាមច្បាប់​ឡើយ ខណៈដែល​កន្លងមក អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ទៅ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា ចំនួន ២​លើក​រួចមកហើយ ប៉ុន្តែ​ម្ចាស់​ហាង នៅតែ​ពុំ​ព្រមស្ដាប់ ហើយ​ថៅកែ​ហាង បាន​លួច​បើក​ដំណើរការ ទទួលភ្ញៀវ​ ឲ្យ​ចូល​ផឹកស៊ី​ដដែល​។​

​ករណី​លួច​បើកហាង​ផឹកស៊ី​នេះ ជាការ​បំពាន​បម្រាម​សុ​ខា​ភិ​បាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខណៈដែល​មកដល់​ថ្ងៃទី​២៤​សីហា​នេះ កូ​វីដ​១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី ដែល​តា នៅតែ​បន្ត​ឆ្លង​រាលដាល ក្នុង​សហគមន៍​យើង ពិសេស​នៅ​ភ្នំពេញ ឈានដល់​ការបិទ​ខ្ទប់​សហគមន៍ និង​ផ្សារ​ជាច្រើន​រួចមកហើយ​។​

ក៏​ប៉ុន្តែនិយាយដូច្នេះ ក៏មិនមែនមានន័យថា អាជ្ញាធរសមត្ថកិច្ច ចេះតែសំអាងថា ទប់ស្កាត់កូវីដ​ៗ ក៏ចុះបិទហាងគេ​តាមចិត្ត​នោះទេ។ ផ្ទុយទៅវិញ នៅពេលម្ចាស់ហាង រត់​ការ ​បង់​លុយហើយ ​បែរថា ហាងនោះ ត្រូវអាជ្ញាធរសមត្ថកិច្ច អះអាងថា គោរព​តាមបទដ្ឋាន និងវិធានសុខាភិបាល ហើយអនុញ្ញាត​ឲ្យបើកលក់ដូរ​ឡើងវិញនោះឡើយ។ តែត្រូវតែប្រាកដថា បើ​ហាង​គេ​បានគោរព និង​អនុវត្តតាមវិធានការទប់ស្កាត់កូវីដ​បានត្រឹមត្រូវហើយ អាជ្ញាធរសមត្ថកិច្ច ត្រូវតែអនុញ្ញាត​ឲ្យគេបើករកស៊ីជា​ធម្មតា ដើម្បីអ្នក​បម្រើការងារនៅក្នុងហាងនោះ មានការងារធ្វើ ទទួលចំណូលចិញ្ចឹមជីវិត ក្នុងគ្រាកូវីដនេះផង។ ពេលនេះ មិនខ្វះទេ ហាង​​លក់​ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ដែល​បាន​បើក​លក់ដូរ មិនថា នៅភ្នំពេញ ឬនៅ​តាមខេត្តនោះ​ទេ​។

​ក្រសួងសុខាភិបាល ប្រកាសថា ចាប់តាំងពី​ថ្ងៃទី​៣១ ខែមីនា រហូតមកដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩ បំប្លែង​ថ្មី ប្រភេទ​ដែល​តា សរុប​ប្រមាណ ៩៩៩​នាក់ នៅ ២៣ រាជធានី​ខេត្ត លើកលែងតែ ២​ខេត្ត​ប៉ុណ្ណោះ គឺ​ខេត្ត​កែប និង​ខេត្តក្រចេះ នៅ​មិនទាន់​រកឃើញ​នៅឡើយ​។ ក្នុងនោះ នៅ​ភ្នំពេញ រកឃើញ​ច្រើនជាងគេ រហូតដល់ ២៣៨​នាក់​។​

​នៅពេលនេះ រាជធានី​ភ្នំពេញ បានប្រែក្លាយ​វិមាន​ពិភពថ្មី សែន សុខ នៅជិតផ្សារអេអន២ ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី ប្រភេទ​ដែល​តា ដែល​មកទល់​ថ្ងៃទី​២៤​សីហា​នេះ ទទួល​អ្នកជំងឺ​ជិត ៤០០​នាក់​ហើយ​។ ក្រៅពីនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​បង្កើត​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន ២​កន្លែង គឺ​អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ និង​វិទ្យាល័យ ជា ស៊ីម ឈូក​វ៉ា សម្រាប់​ដាក់​ពលករ មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដែល​អាចមាន​លទ្ធភាព​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៥៥០ នាក់​។ ពលករ​មកពី​ប្រទេស​ថៃ និង​វៀតណាម ដែល​គេ​សង្ស័យថា អាច​ឆ្លង​កូ​វីដ​១៩ ហើយ​ជា​ប្រទេស​មេរោគ​បំប្លែង​ថ្មី ដែល​តា​។​

​ជាការ​ពិត រាជរដ្ឋាភិបាល បានសម្រេច​ដកចេញ​នូវ​វិធានការ​រដ្ឋបាល និង​បម្រាម​គោចរ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ បន្ទាប់ពី​អនុវត្ត​រយៈពេល ២១​ថ្ងៃ រួចមក គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១​​។ ប៉ុន្តែ​ការសម្រេច​នេះ មិនមែន​មានន័យថា ឥឡូវ នៅ​កម្ពុជា​យើង លែងមាន​ការឆ្លង​រាលដាល​កូ​វីដ​១៩​ ទៀត​នោះទេ​។ រាល់ថ្ងៃ នៅមាន​អ្នក​ឆ្លង​កូ​វីដ ជាង ៤០០​នាក់ ក្នុង ១​ថ្ងៃ​ និង​បាត់​បង់ជីវិត ជាង ១០​នាក់​។ ក្នុងនោះ ឆ្លង​សហគមន៍​ខ្ទង់​ជាង ៣០០​នាក់ ហើយ​ករណី​នាំចូល​ពី​ក្រៅប្រទេស ក៏ត្រូវក្រសួងសុខាភិបាល​ប្រកាសថា នៅមាន​​ជាង ១០០​នាក់ ក្នុង ១​ថ្ងៃៗ​។

​យើង​ម្នាក់ៗ ត្រូវតែ​យល់​ទាំងអស់គ្នា​ថា កូ​វីដ​១៩ មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​ទេ ហើយទីបញ្ចប់ ក៏នៅឆ្ងាយ​​។ កូ​វីដ​​១៩ នៅ​ជាមួយ​យើង​នៅឡើយ ដែល​ទាមទារ​ឲ្យ​យើងម្នាក់ៗ​ មិនត្រូវ​​ធ្វេសប្រហែស ខណៈដែល​រាជរដ្ឋាភិបាល បន្ធូរបន្ថយ បើក​ឡើងវិញ ដោយ​មិន​ឲ្យ​មាន​បម្រាម​គោចរ ជាដើម គឺ​យើង​ម្នាក់ៗ មិនត្រូវ​នាំគ្នា​សម្រុក​ចូលទៅ​ទីតាំង ដែល​បិទ​ជិតៗ ឬក៏​នាំគ្នា សម្រុក​ជួបជុំ ចូល​ហាង​ផឹកស៊ី ដោយ​យល់ថា ឥឡូវ​លែង​អី​នោះទេ​។

​ពោលគឺ​យើង​ត្រូវតែ​រួមដៃគ្នា ដើម្បី​ទប់ស្កាត់​នូវ​ការចម្លង​វីរុស​កូ​វីដ​១៩ ជាពិសេស ដែល​តា ដោយ​មិនត្រូវ​ភ្លេចខ្លួន​ឡើយ​។ បើ​យើង​ធ្វេសប្រហែស នោះ​នឹង​អាចមាន​ផ្ទុះ​ការឆ្លង​រាតត្បាត​ទ្រង់ទ្រាយ​ធំ នៅក្នុង​សហគមន៍​យើង ជាមិនខាន​។

​កន្លងមក មាន​ទាំង​ការចាត់ចែង​យុទ្ធនា​ការបិទ​ខ្ទប់ រួមទាំង​ការហាមឃាត់ មិន​ឲ្យ​បើកហាង​ផឹកស៊ី​ផង គឺ​យើង​គ្រាន់តែ​ទប់ស្កាត់ មិន​ឲ្យ​ផ្ទុះ​កូ​វីដ ឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ប៉ុណ្ណោះ​។ តែ​នៅ​បន្ត​មាន​ឆ្លង​ទ្រង់ទ្រាយ​តូចៗ ឈានដល់​ការបិទ​ខ្ទប់​ផ្សារ សហគមន៍​តាម​ភូមិ​នានា នៅ​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​។ ដូច្នេះនៅពេលនេះ ​បើ​យើង​ម្នាក់ៗ មិន​បន្ត​អនុវត្ត​វិធី​ការពារ​ទាំងអស់គ្នា​ទេនោះ ការឆ្លង​កូ​វីដ​តូចៗ​ក្នុង​សហគមន៍​យើង នឹង​អាច​ផ្ទុះ ទៅជា​ឆ្លង​ទ្រង់ទ្រាយ​ធំ ហើយ​ជាពិសេស​នៅពេលដែល​យើង​បើក និង​បន្ធូរបន្ថយ​នេះ ហើយ​ប្រជាពលរដ្ឋ​យើង មិនបាន​គិតគូរ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ នោះ​ទង្វើ​របស់​យើង ជួបជុំ ពិសេស​ការស្វែងរក​ការសប្បាយ ដោយ​ចូល​ហាង​ផឹកស៊ី វា​នឹង​បង្ក​ឲ្យ​មានការ​ចរាចរណ៍ និង​ឆ្លង​កូ​វីដ ពិសេស​ប្រភេទ ដែល​តា ខ្លាំងក្លា​ក្នុង​សហគមន៍​។​

​ចូរកុំភ្លេចថា បើសិនជា​យើង នៅ​បង្ក​ឲ្យ​មានការ​ជួបជុំ និង​ទៅ​កន្លែង ដែល​បិទ​ជិតៗ ឬក៏​កន្លែង​ណា ដែល​បង្ក​ឲ្យ​មាន​មនុស្សម្នា​ច្រើន គឺជាឱកាសនៃការឆ្លងកូវីដ​​។ ដូច្នេះ​ការអនុវត្ត​នូវ​វិធានការ​ការពារ តាមរយៈ​វិធានការ ៣​ការពារ និង​៣​កុំ នៅតែ​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព គួបផ្សំ​នឹង​វ៉ាក់សាំង នឹង​ជួយ​ការពារ​យើង​បាន​ពី​ការវាយលុក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​១៩​។ ជាក់ស្តែង សព្វថ្ងៃ នៅ​កម្ពុជា​យើង ថយចុះ​នូវ​អត្រា​ឆ្លង និង​មរណភាព​ជា​បណ្តើរៗ​។

​យើង​ត្រូវ​រៀន​រស់នៅ​ជាមួយនឹង​កូ​វីដ​១៩ ពីព្រោះ​យើង មិនអាច​លុបបំបាត់​កូ​វីដ​ទាំងស្រុង​បានទេ​។ តែ​មិនមែន​មានន័យថា យើង​បណ្តោយ​ខ្លួន ឬ​ភ្លេចខ្លួន​ឲ្យ​ឆ្លង​កូ​វីដ​ឡើយ​។ មានន័យថា រស់​នៅតាម​គន្លង​ថ្មី គឺ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការជួបជុំ​មិត្តភក្តិ​បងប្អូន ឬជួបជុំ​អ្នកធ្វើការ​នៅក្រៅ​ផ្ទះ មកជា​ការរៀន​រស់នៅ ដោយ​ផ្អាក​ការជួបជុំ​ទាំងនោះ ហើយ​បន្ត​អនុវត្ត ៣​កុំ និង​៣​ការពារ​។ ក្នុង​កាលៈទេសៈ​នេះ ម្នាក់ៗ ត្រូវធ្វើ​យ៉ាងណា កុំ​ឲ្យ​​ឆ្លង​កូ​វីដ លើ​ខ្លួនឯង និង​លើ​ក្រុមគ្រួសារ នោះ​មិនយូរ​ទេ យើង​នឹង​អាចឈាន​ទៅរក​ការរស់នៅ​តាមបែប​ធម្ម​តា និង​តាម​គន្លង​ថ្មី ដើម្បីកុំ​ឲ្យ​ឆ្លង​​កូ​វីដ៕​