ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងព្រលានយន្តហោះថ្មីធ្វើឱ្យទីផ្សារដីធ្លីនៅប៉ែកជើង និងខាងត្បូងក្រុងឈ្នះវិបត្តិកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយមានគម្រោងយក្សធំៗជាច្រើន ពិសេសព្រលានយន្តហោះថ្មី រួមនិងផ្លូវក្រវ៉ាត់ក្រុងទី ៣ នោះ ទោះនៅពេលវិបត្តិកូវីដ ១៩ នេះក្តី…

រាជធានីភ្នំពេញ ៖ ដោយមានគម្រោងយក្សធំៗជាច្រើន ពិសេសព្រលានយន្តហោះថ្មី រួមនិងផ្លូវក្រវ៉ាត់ក្រុងទី ៣ នោះ ទោះនៅពេលវិបត្តិកូវីដ ១៩ នេះក្តី ហាងឆេងដីធ្លី និងគម្រោងអភិវឌ្ឍន៍លំនៅឋានតូចធំ នៅតំបន់ប៉ែកខាងជើង និងខាងត្បូងរាជធានីភ្នំពេញនៅតែមានសកម្មភាពសកម្មខ្លំាង ហើយហាង ឆេងដីធ្លីនៅតែមានសន្ទុះ ។ 

អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាជាច្រើនបានមើលឃើញស្រដៀងគ្នាពីសក្ដានុពល ខ្ពស់នៅទីនោះ ។ លោកឧកញ៉ា ចេង ខេង អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្ យCPL បានឱ្យដឹងថា ការអភិវឌ្ឍវិស័យអចលនទ្រព្យនៅជុំវិញរាជធានីភ្នំពេញគេមើលឃើញថា កំពុងតែទទួលបាននូវការទាក់ទាញប្រហាក់ប្រហែលគ្នា ប៉ុន្តែបើក្រឡេកមើលជាក់ស្ដែងតំបន់ប៉ែកខាងជើងនៃរាជធានីភ្នំពេញឃើញថា ទទួលបានការអភិវឌ្ឍផ្នែកលំនៅឋានច្រើនជាងគេ និងទទួលបានការគាំទ្រពីអតិថិជនទិញលំនៅឋានផងដែរ ។ លោកថា ៖«យើងឃើញថាតំបន់នោះមានបុរីជាច្រើនបានរីកដុះដាល និងកំពុងសាងសង់យ៉ាងមមាញឹកទោះនៅក្នុងវិបត្តិកូវីដ ១៩ ក្តី ដែលបង្ហាញពីសក្ដានុពលអភិវឌ្ឍលំនៅឋានក្នុងតំបន់មួយនេះផងដែរ» ។

លោកឧកញ៉ាបន្តថា តាមពិតទៅតំបន់ផ្សេងទៀតក្រៅពីតំបន់ខាងជើងរាជធានីភ្នំពេញ ក៏មានសក្ដានុពលក្នុងការទាក់ទាញការអភិវឌ្ឍ ដូចគ្នាគ្រាន់តែ តំបន់ខាងជើងវាទទួលបានសន្ទុះខ្លាំងជាងគេបន្តិច ។ តំបន់ខាងត្បូងក៏ដូចគ្នាទទួលបានគម្រោងអភិវឌ្ឍន៍លំនៅឋានច្រើនដែរ នៅក្នុងរយៈពេលថ្មីៗនេះ ដោយសារតែមានគម្រោងរដ្ឋមួយចំនួនបានផុសឡើងនៅតំបន់ខាងត្បូង ។ 

លោក សេង សិលា អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបទៀតក៏បានមើលឃើញថា តំបន់ខាងត្បូងរាជធានីភ្នំពេញ មានគម្រោងថ្មីៗរបស់រដ្ឋ និងឯកជនបានផុសឡើងជាបន្តបន្ទាប់ ដូចជាគម្រោងផ្សារទំនើបអ៊ីអនម៉ល ៣ គម្រោងអភិវឌ្ឍន៍ផ្លូវសំខាន់ៗដូចជាផ្លូវក្រវ៉ាត់ក្រុងទី ៣ ផ្លូវជាតិលេខ ២ និងជាពិសេសគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះធំថ្មីផ្ទាល់តែម្ដង ធ្វើឱ្យវិនិយោគិនជាច្រើនបានចាប់អារម្មន៍លើការអភិវឌ្ឍន៍អចលនទ្រព្យជាពិសេសលំនៅឋាននៅក្នុងតំបន់មួយនេះ ។ 

អ្នកជំនាញដដែលថា បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ជាច្រើនក៏បាននិងកំពុងសាងសង់ជាបន្តបន្ទាប់នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញដែលជាប្រភេទ លំនៅឋានកម្រិតមធ្យមឡើងទៅសម្រាប់ផ្គត់ផ្គង់អ្នកដែលមានតម្រូវការជាក់ស្ដែងដូចជាសម្រាប់ធ្វើអាជីវកម្មឬស្នាក់នៅ ។

លោក គាម សេងឡុង ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Dram Property ក៏បានឱ្យដឹងផងដែរថា ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ ១៩ ក្ដី តែគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជានៅតែបន្តដោយមិនបានផ្អាកឬបញ្ឈប់សកម្មភាពឡើយ ។ លោកថា ៖«ការផ្អាកឬបញ្ឈប់សកម្មភាពអភិវឌ្ឍន៍គឺប្រៀបដូចជាក្រុមហ៊ុននោះដួលរលំអ៊ីចឹងដែរ ដូច្នេះ ក្រុមហ៊ុនជាច្រើនទោះបីមានបញ្ហាក៏នៅតែបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់គ្រាន់តែបន្ថយសកម្មភាព ដោយសារតែបញ្ហាពាក់ព័ន្ធនឹងកូវីដ១៩» ។ លោកបន្តថា ការអភិវឌ្ឍលំនៅឋាននៅក្នុងបរិបទកូវីដ ១៩ នេះ មិនមែនសម្រាប់ផ្គត់ផ្គង់នៅពេលនេះទេ តែគេអភិវឌ្ឍន៍ដើម្បីត្រៀមទុកនៅពេលចប់វិបត្តិដែលជឿជាក់ថា តម្រូវការនៅពេលនោះ នឹងហក់ឡើងខ្ពស់ជាក់ជាមិនខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ