ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ខ្លះ​ៗជំនួយដល់​យុវជនក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក ថន តុលា (​ភី​ត ) ជា​អ្នក​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​របស់​លោក គាត់​គឺជា​អ្នក​ថត​ផ្សព្វផ្សាយពី​យន្តហោះ សណ្ឋាគារ…

រាជធានីភ្នំពេញ ៖ លោក ថន តុលា (​ភី​ត ) ជា​អ្នក​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​របស់​លោក គាត់​គឺជា​អ្នក​ថត​ផ្សព្វផ្សាយពី​យន្តហោះ សណ្ឋាគារ និង​អាហារ​ដ្ឋា​ន​ល្បី​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​នៅ​លើ​ពិភពលោក​ផង​ដែរ ​។ មិន​តែ​ប៉ុណ្ណោះ លោក​ក៏​មាន​ជំនួញ ​និង​ការងារ​ឯង​ជន​ផង​ដែរ​ ។

ក្នុង​វ័យ ២៦ ឆ្នាំ ទទួល​បាន​បទ​ពិសោធន៍ទេសចរណ៍​ទៅ​ក្រៅប្រទេស​ជាង ៥០ ។ លោក ភី​ត បាន​ចែករំលែក​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​លោក​ថា ​៖ «​ការ​ចាយវាយ​លុយកាក់​ត្រូវ​តែ​មានការ​ប្រយ័ត្ន​ខ្ពស់ ការ​ចាយវាយ​ត្រូវ​ចាយ​ឱ្យ​ត្រូវ​ផ្លូវ ដើម្បី​បង្កើត​លុយ​មក​វិញ និង​ទទួល​បាន​ចំណេះដឹង​មក​វិញ​ផង​ដែរ​ ។ ដូច​គ្រប់​គ្នា​បានដឹង​ហើយ​ថា លុយ​ពិត​ណាស់​គឺ​ពិបាក​រក ដូចនេះ​ពេល​យើង​ចាយ ត្រូវ​តែ​ទទួល​បាន​ផល​អ្វីមួយ​មក​វិញ​»​ ។


លោក ភី​ត បាន​ចែករំលែកគន្លឹះ​ទាំង ៦ ដើម្បី​ជា​ជំនួយ​ដល់​ស្មារតី​របស់​យុវជន ក្នុង​ការ​សន្សំ​ប្រាក់ ​៖
១. ចំណាយ​ទៅ​លើ​របស់​ដែល​ចាំបាច់ និង​ត្រឹមត្រូវ ​៖ ការ​ទិញ​ខោអាវ ស្បែកជើង ​។​ល​។ សុទ្ធតែ​គ្រប់​គ្នា​ត្រូវ​ពាក់ តែ​សួរ​ថា បើ​អ្នកទិញ​ស្បែកជើង​មួយគូ​តម្លៃ ១០ ​ដុល្លារ តែ​ពាក់​បាន​តែ ៦ ​ខែ ទៅ​មួយ​ឆ្នាំ ចឹ​ង​អ្នក​គួរ​ទិញ​ស្បែកជើង​តម្លៃ ៣០ ​ដុល្លារ ហើយ​ពាក់​បាន ​៥ ​ឆ្នាំ ដូចនេះ​អ្នក​គួរ​ថ្លឹងថ្លែង​ដែរ​ ។ របស់​ថ្លៃ​តែ​ពាក់​បាន​យូរ នោះ​យើង​គួរតែ​ចំណាយ​ ។

២. ចំណាយ​ប្រចាំ​ថ្ងៃ​ដែល​ផ្តល់​សុខភាព ​៖ ចំពោះ​អាហារ​របស់​អ្នក គួរ​ជ្រើសរើស​ចំណីអាហារ​ឱ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​ធ្វើ​ឱ្យ​ខូចសុខភាព ហើយ​អស់​លុយ​ទៀត​ ។ ហើយ​ប្រសិនជា​អាហារ​ដែល​យើង​អាច​ធ្វើ​ខ្លួនឯង​បាន​នោះ​វា​រឹតតែ​ចំណេញ ទាំង​ថវិកា​ និង​សុខភាព ​។ មាន​ន័យ​ថា ​អ្នក​គួរ​ជ្រើសរើស​របប​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ (​អ្នក​អាច​រក​មើល​របប​អាហារ​ទាំងនោះ​បាន​តាម​អ៊ិ​ន​ធើ​ណេ​ត គេ​តែងតែ​ប្រាប់​)​ ។

៣. ការ​ចំណាយ​ទៅ​លើ​ការ​ជួបជុំ​ ៖ ឧទាហរណ៍​យើង​ចូល​ចិត្ត​កាហ្វេ ដូច​ចេះ​ប្រសិនបើ​យើង​ញុំ​ា​កាហ្វេ​រាល់ថ្ងៃ អ្នក​គួរ​ជ្រើសរើស​ហាង​ល្មម មើលទៅ​ទំនើប​ដែរ តែ​មិន​ថ្លៃ​ដូច​ប្រ៊េ​ន​គេ​ល្បី​ៗ នោះ​វា​កាត់​បន្ថយ​ការ​ចំណាយ​ខ្លះ ប៉ុន្តែ​ប្រសិនជា​យើង​មានការ​ជួបជុំ​យូរ​ៗ​ម្តង និង​ពិភាក្សា​ការងារ​អ្នក​គួរ​ជ្រើសរើស​ហាង​ប្រ៊េ​ន​ៗ​ខ្លះ​ ។

៤. ការ​សន្សំ​ទៅ​លើ​ហេតុការណ៍​អ្វីមួយ​ដែល​មើល​មិនឃើញ​ ៖ ជា​ការ​ពិត​ហេតុការណ៍​អ្វីមួយ​ក្នុង​ពេល​អនាគត​ ឬ​នៅ​ថ្ងៃស្អែក យើង​មើល​មិនឃើញ​នោះ​ទេ អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​តែ​មានការ​សន្សំ​ប្រាក់​ទុក​សម្រាប់​គ្រា​មាន​អាសន្ន ហើយ​លុយ​នោះ​មិន​អាច​យក​ចាយ​ផ្តេសផ្តាស់​បាន​ទេ ទាល់តែ​យើង​មានការ​ចាំបាច់​ខ្លាំង​ឬ​ទាក់ទង​សុខភាព ទើប​យើង​អាច​ប្រើប្រាស់​វា​បាន​ ។ អ្នក​គួរ​សន្សំ ១៥ ទៅ ២០% នៃ​ប្រាក់​ចំណូល​របស់​អ្នក ។

៥. សន្សំ​សម្រាប់​វិនិយោគ​លើ​ចំណេះដឹង ឬអ្វី​មួយ​ដែល​បង្កើត​លុយ​មក​វិញ​ ៖ ខ្ញុំ​តែងតែ​ទុកដាក់​លុយ​ចំនួន ដើម្បី​វិនិយោគ​លើ​មនុស្ស អចល​ទ្រព្យ ទីផ្សារ​ភាគហ៊ុន និង​ការ​ធ្វើ​អាជីវកម្ម​ ។ ទៅ​លើ​មនុស្ស​មាន​ន័យ​ថា ប្រសិនបើ​គេ​ជា​មនុស្ស​តំរង់​ទិស ជា​អ្នកចេះ​ដឹង​បង្ហាញផ្លូវ​យើង យើង​គួរ​ចាយ​លុយ​លើ​ពួក​គាត់​ ។ លើ​អចល​ទ្រព្យ​មាន​ន័យ​ថា ​សន្សំទុក​ពេល​ណា​យើង​មើលឃើញ​ឱកាស អាច​ទិញ​ផ្ទះ​ ឬ​ដី ព្រោះ​ទាំងនេះ​វា​នឹង​បង្កើត​លុយ​មក​វិញ ​។ សម្រាប់​អាជីវកម្ម​វិញ​មាន​ន័យ​ថា យើង​សន្សំទុក​ប្រសិនបើ​យើង​ឃើញ​ឱកាស​ជាមួយ​មនុស្ស​ដែល​យើង​ទុកចិត្ត​ហើយ នោះ​យើង​អាច​យក​លុយ​របស់​យើង​ទៅ​បណ្តាក់ទុន​ជាមួយ​ពួក​គេ​ ។

៦. សន្សំ​សម្រាប់​ដំណើរ​កម្សាន្ត ដែល​ផ្តល់​ចំណេះដឹង​ ៖ ប្រសិនបើ​យើង​យក​លុយ​ទៅ​ទិញ​ឡាន​ទំនើប ទូរស័ព្ទ​ទំនើប​ៗ ទាំង​ដែល​យើង​មាន​ប្រើ​ហើយ (​ដូរ​សេ​រ៊ី​ថ្មី​រហូត ដើម្បី​បង្អួត​គេ​) អ្នក​គួរ​គិតគូរ​ទៅ​លើ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅប្រទេស (​មិន​សំដៅលើ​ស្ថានភាព​បច្ចុប្បន្ន​) ព្រោះ​ការ​ដើរ​លេង​ក្រៅប្រទេស​អ្នក​អាច​រៀន​ច្រើន​ពី​ប្រទេស​គេ ទាំង​ការងារ បទ​ពិសោធន៍ ការ​លក់ដូរ​ និង​អាជីវកម្ម​នានា ដែល​យើង​មិន​ធ្លាប់​បានឃើញ ​។ ទាំងនេះ​សុទ្ធតែ​ចំណាយ​ទៅ​លើ​ចំណេះដឹង​ទូទៅ​ ៕

អត្ថបទសរសេរ ដោយ