- ភ្នំពេញ
ភ្នំពេញ៖ កូវីដ បានឆ្លងរាលដាលនៅកម្ពុជាយើង ចាប់តាំងពីដើមឆ្នាំ២០២០ ហើយបន្តកាន់តែ ធ្ងន់ធ្ងរ រហូតឆ្លងចូលសហគមន៍នៅទូទាំងប្រទេស តាមរយៈព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃទី២០ ខែកុម្ភៈ…
ភ្នំពេញ៖ កូវីដ បានឆ្លងរាលដាលនៅកម្ពុជាយើង ចាប់តាំងពីដើមឆ្នាំ២០២០ ហើយបន្តកាន់តែ ធ្ងន់ធ្ងរ រហូតឆ្លងចូលសហគមន៍នៅទូទាំងប្រទេស តាមរយៈព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃទី២០ ខែកុម្ភៈ…
ភ្នំពេញ៖ កូវីដ បានឆ្លងរាលដាលនៅកម្ពុជាយើង ចាប់តាំងពីដើមឆ្នាំ២០២០ ហើយបន្តកាន់តែ ធ្ងន់ធ្ងរ រហូតឆ្លងចូលសហគមន៍នៅទូទាំងប្រទេស តាមរយៈព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលនេះ កូវីដ មិនទាន់ស្ងប់ស្ងាត់ នៅឡើយទេ។ កូវីដ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើគ្រប់ផ្នែក មិនថា វិស័យទេសចរណ៍ សាលារៀន ក្រុមហ៊ុន រោងចក្រកាត់ដេរ និងផ្នែករដ្ឋាភិបាលនោះទេ។
អំឡុងពេលម្នាក់ៗ ជួបការលំបាកក្នុងជីវភាព ទាំងមុខរបរ ទាំងការងារ និងទាំងការរកស៊ីតូចធំ ស្រាប់តែនៅក្នុងឆ្នាំសិក្សាថ្មី ឆ្នាំ២០២១-២០២២ បែរជាសាលារៀនចំណេះទូទៅឯកជនមួយចំនួន ឡើងថ្លៃសិក្សាទៅវិញ។ សាលាខ្លះ ឡើងថ្លៃពី ១០០ដុល្លារ ទៅដល់ជិត ២០០ដុល្លារ ទៅតាមកម្រិតថ្នាក់រៀនរបស់សិស្សានុសិស្ស ខណៈដែលចាប់តាំងពីកូវីដឆ្លងរាតត្បាត សាលាបានបង្រៀនតាមអនឡាញ រហូតមក។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកហើយ មាតាបិតាអាណាព្យាបាល បានត្អូញត្អែរថា សាលាឯកជន នៅភ្នំពេញ មានដូចជា សាលាសុវណ្ណភូមិ ជាដើម បានឡើងថ្លៃសិក្សា ក្នុងពេលកូវីដ ធ្វើឲ្យជីវភាព មុខរបរ និងការងាររបស់ពួកគាត់ ប៉ះពាល់ និងធ្វើឲ្យបាត់បង់ចំណូល។ ដូច្នេះ អាណាព្យាបាល បានសំណូមពរដល់សាលាឯកជន ក៏ដូចជា សំណូមពរទៅក្រសួងអប់រំ ធ្វើយ៉ាងណា ឱ្យចុះថ្លៃសិក្សា ឬយ៉ាងហោចណាស់ ក៏សូមកុំឡើងថ្លៃ ក្នុងអំឡុងពេល កូវីដឆ្លង រាតត្បាតនេះ។
អំឡុងពេលកូវីដឆ្លងរាតត្បាត គឺចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២០ មក ការសិក្សារបស់សិស្សានុសិស្ស មិនថា នៅសាលារៀនរដ្ឋ ឬសាលារៀនឯកជននោះទេ គឺត្រូវរៀនតាមអនឡាញ ដោយសារតែដើម្បីការពារ កុំឲ្យឆ្លងកូវីដ។ ការរៀនតាមអនឡាញនេះ ធ្វើឲ្យអាណាព្យាបាល ឪពុកម្តាយ ត្រូវចំណាយថវិកាច្រើនជាងមុន ទៅលើថ្លៃឧបករណ៍សម្ភារៈសិក្សា ដូចជា ទូរស័ព្ទ ឬអាយផេត កុំព្យួទ័រ និងថ្លៃសេវាអ៊ីនធឺណេត តាមទូរស័ព្ទ ឬក៏តភ្ជាប់ខ្សែអ៊ិនថឺណេត Wifi ជាដើម។ រីឯការសិក្សារបស់សិស្ស ក៏ហាក់ដូចជា មិនបានរៀនសូត្រពេញលេញ ដូចកាលពីពេលរៀនក្នុងថ្នាក់រៀនដោយផ្ទាល់នោះឡើយ។
យ៉ាងណាក៏ដោយ សម្រាប់អ្នកគ្រប់គ្រងសាលាឯកជននានា ដែលត្រូវបានមាតាបិតាអាណាព្យាបាលសិស្ស លើកឡើងថា បានឡើងថ្លៃសិក្សា បានឆ្លើយតបថា សាលាឯកជនទាំងនោះ គ្រាន់តែអនុវត្តតាមគោលការណ៍ ដែលមានស្រាប់ប៉ុណ្ណោះ ហើយថា បើទោះបីជាការសិក្សាតាមអនឡាញ ដែលធ្វើឱ្យសាលាកាត់បន្ថយថ្លៃទឹក និងថ្លៃភ្លើងបានមួយកម្រិតក៏ពិតមែន ប៉ុន្តែសាលា ក៏នៅតែចំណាយទៅលើថ្លៃផ្សេងៗទៀត ដូចជា ថ្លៃឈ្នួលអគារ ថ្លៃឈ្នួលគ្រូបង្រៀន ជាដើម ខណៈថ្លៃសេវាមួយចំនួនទៀត ដូចជា ថ្លៃអ៊ីនធឺណេត សម្រាប់គ្រូ និងបុគ្គលិក ជាដើម គឺបានកើនឡើង បើធៀបទៅនឹងការបង្រៀនដោយផ្ទាល់ ក្នុងថ្នាក់រៀន។
ការផ្ទៀងផ្ទាត់ និងប្រៀបធៀបទៅលើតារាងតម្លៃសិក្សា បង្ហាញថា តម្លៃសិក្សានៅសាលាឯកជនខ្លះ កើនឡើងមែន ប៉ុន្តែតាមរបៀបផ្សេងគ្នា បន្តិចបន្តួច។ សាលាខ្លះ ឡើងថ្លៃជាប្រព័ន្ធ ជាលក្ខណៈបច្ចេកទេស Marketing ដូចជា ឡើងថ្លៃ ដោយសារសិស្សឡើងថ្នាក់សិក្សា ខណៈសាលាខ្លះទៀត ឡើងថ្លៃ ក៏ពិតមែន ប៉ុន្តែក៏បានបន្ថែមរយៈពេលសិក្សា នេះ។ីដឆ្លងរាតត្ជាការទូទាត់ជំនួសវិញ ដូចជា បង់ ១ឆ្នាំ សាលាបន្ថែមជូន ៣ខែ រហូតដល់ ៦ខែ ក៏មាន។
ប៉ុន្តែមាតាបិតាអាណាព្យាបាលសិស្សខ្លះ បានសំណូមពរ សូមឲ្យសាលា មិនចាំបាច់បន្ថែមរយៈពេលសិក្សាជូនក៏បានដែរ ប៉ុន្តែសូមឱ្យរក្សាតម្លៃដើមដដែល បើមិនបានចុះថ្លៃ។ ទន្ទឹមនឹងនេះ មាតាបិតាអាណាព្យាបាលសិស្សខ្លះ ក៏បានសំណូមពរទៅក្រសួងអប់រំ យុវជន និងកីឡា មេត្តាជួយអន្តរាគមន៍ធ្វើយ៉ាងណា កុំឱ្យសាលាឯកជន ឡើងថ្លៃសិក្សា ក្នុងពេលកូវីដ នៅបន្តឆ្លងរាលដាលដូច្នេះ។
ជុំវិញការលើកឡើងរបស់អាណាព្យាបាលសិស្សពីសាលារៀនឯកជនឡើងថ្លៃនេះ ក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តដល់អ្នកផ្តល់សេវាអប់រំឯកជន អ្នកទទួលសេវាអប់រំឯកជន និងភាគីពាក់ព័ន្ធ បន្តពិភាក្សាចរចាគ្នា រកដំណោះស្រាយសមស្រប ប្រកបដោយការយោគយល់គ្នា កម្រិតខ្ពស់ និងសម្បទានគ្នាទៅវិញទៅមក ព្រោះទាំងអស់គ្នា សុទ្ធតែបានរងផលប៉ះពាល់អវិជ្ជមានពីការរាតត្បាត នៃជំងឺកូវីដ-១៩។
កន្លងមក អំឡុងពេលឆ្លងកូវីដដំបូង ហើយសាលារៀន ត្រូវបិទទ្វារ កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២០ ក៏មានអាណាព្យាបាល និងឪពុកម្តាយសិស្សមួយចំនួន បានលើកបដាតវ៉ានឹងសាលារៀនឯកជនមួយចំនួន ផ្នែកចំណេះទូទៅ និងភាសាអង់គ្លេស ដោយសារតែការបង្រៀនតាមអនឡាញ ដែលសិស្សរៀន មិនបានដិតដល់ ហើយសាលារៀន នៅយកថ្លៃដដែល ខណៈដែលអាណាព្យាបាល និងឪពុកម្តាយសិស្សខ្លះ ប៉ះពាល់ចំណូល ដោយសារតែកូវីដ។
កាលណោះ ក៏មានការសម្របសម្រួល ហើយសាលាឯកជនជាច្រើន ក៏បានចុះថ្លៃសិក្សាដល់ទៅ ៥០ ភាគរយ ឬលើសពី ៥០ ភាគរយ បើទោះបីជាសាលាឯកជនមួយចំនួន ជួបការលំបាក និងប្រឈមនឹងការក្ស័យធន ត្រូវបិទទ្វារក៏ដោយ។
យ៉ាងណាក៏ដោយ មកដល់ពេលនេះ សាលារៀនឯកជន បានកាត់បន្ថយចំណាយ កាត់បុគ្គលិក និងកាត់បន្ថយប្រាក់ខែគ្រូ និងបុគ្គលិក ដោយសំអាងថា ប៉ះពាល់ដោយសារតែកូវីដ ខណៈដែលសិស្ស ត្រូវបង់លុយពេញៗ ហើយពេលនេះ ឡើងថ្លៃថែមទៀត។ ចំណែកម្ចាស់អគារ ដែលជួលឲ្យសាលាឯកជនជាច្រើន ក៏បានចុះថ្លៃឈ្នួល តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល កន្លងមក។
ករណីនេះ ក្រសួងអប់រំ គួរតែអន្តរាគមន៍ ដើម្បីឲ្យមានយុត្តិធម៌ទាំងអស់គ្នា គឺទាំងសាលារៀន ទាំងបុគ្គលិក ទាំងគ្រូបង្រៀន និងទាំងអាណាព្យាបាលសិស្ស ព្រោះថា សាលារៀនឯកជន អះអាងពីការចំណាយខ្ពស់ ខណៈដែលការបង្រៀនធ្វើតាមអនឡាញ ហើយកាត់បន្ថយបុគ្គលិក និងគ្រូបង្រៀន រីឯថ្លៃឈ្នួលអាគារសិក្សា ក៏ត្រូវបានចុះថ្លៃផង។ ចំណែកអាណាព្យាបាលសិស្ស និងឪពុកម្តាយ ខិតខំរកលុយបង់ថ្លៃសាលាកូន ក្នុងពេលកូវីដ ដែលប៉ះពាល់មុខរបរ ការរកស៊ី និងការងារ ចាប់តាំងពីឆ្នាំមុន ហើយពេលនេះ មិនបានចុះថ្លៃ បែរជាសាលារៀន ឡើងថ្លៃខុសពីឆ្នាំមុនទៅទៀត។
ចំណុចនេះ គួរតែសាលារៀនឯកជនមួយចំនួន ដែលឡើងថ្លៃសិក្សា នៅឆ្នាំសិក្សាថ្មី ពិចារណា និងដាក់ចេញនូវគោលការណ៍ថ្មី ហើយបើមិនបានចុះថ្លៃទេ ក៏សូមត្រឹមកុំឡើងថ្លៃ។ សាលារៀនទាំងនោះ ក៏គួរតែកាត់បន្ថយចំណាយមិនចាំបាច់របស់ខ្លួន ខណៈដែលសិស្ស មិនបានទៅសាលារៀនផង តែសាលានៅគិតលុយថែមផ្សេងៗទៀត ដូចជា ថ្លៃរដ្ឋបាល និងឯកសណ្ឋាន ជាដើម។
ករណីនេះ មិនមែនជាការជ្រៀតជ្រែកកិច្ចផ្ទៃក្នុងសាលារៀន ក្នុងវិស័យឯកជនទេ តែរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ ត្រូវមានតួនាទី ក្នុងការតម្រង់ទិស ដើម្បីកុំឲ្យសាលារៀនឯកជន កេងចំណេញ និងឡើងថ្លៃតាមតែអំពើចិត្ត អំឡុងពេលឪពុកម្តាយ អាណាព្យាបាលសិស្ស កំពុងលំបាកគ្រប់ៗគ្នា ដោយសារតែការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅឡើយ នាពេលនេះ៕
ចែករំលែកព័តមាននេះ