ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​​អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​ខេត្តបាត់ដំបង​សង់​រួចរាល់​ជា​ស្ថាពរ​ហើយ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​មណ្ឌល​អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​ខេត្តបាត់ដំបង ដែល​មាន​តម្លៃ​ប្រមាណ​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក

ខេត្តបាត់ដំបង​ ៖ ​មណ្ឌល​អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​ខេត្តបាត់ដំបង ដែល​មាន​តម្លៃ​ប្រមាណ​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ ​។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ហែម គី​រី​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដែល​លោក​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ផ្ទាល់​កាលពី​ថ្ងៃ​ទី​២១​សីហា​។​នៅ​សល់​តែ​ការ​បំពាក់​សម្ភារ​បន្ថែម​តិចតួច​ប៉ុណ្ណោះ​បើ​និយាយ​ពី​ការងារ​ធំ​ៗ​គឺ​រួចរាល់​អស់ហើយ​។

លោក​អគ្គលេខាធិការ​រូប​នេះ បានឱ្យ​ដឹង​ទៀត​ថា តាម​ពិត​ទៅ​សំណង់​មួយ​នេះ​គ្រោង​នឹង​បញ្ចប់​តាម​ផែនការ​តាំងពី​ខែ​កុ​ម្ភះ​មក​ម្លេះ ប៉ុន្តែ​ដោយសា​រ​បញ្ហា​ផ្ទុះ​ជម្ងឺ​កូ​វី​ដ​-១៩ ​ទើប​មានការ​អូស​បន្លាយ​រហូត​ដល់​ខែសីហា​នេះ​តែ​ម្ដង​ ។ ​ម្យ៉ាងវិញទៀត​មណ្ឌល​អាង​ហែល​ទឹក​នៅ​លើ​ទឹកដី​នៃ​ខេត្តបាត់ដំបង​មួយ​នេះ គម្រោង​ដំ​ណើរការ​សាងសង់​មាន​រយៈ​២៤​ខែ​ ។ ​សាងសង់​លើ​ផ្ទៃដី​​ទំហំ​១១២​មែ​ត្រ​គុណ​នឹង​៦៥​ម៉ែត្រ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ហើយ​គោលបំណង​សាងសង់​មណ្ឌល​អាង​ហែល​ទឹក​នេះ​ឡើង គឺ​ដើម្បី​ឱ្យ​កីឡាករ​ហែលទឹក​នៅ​ខេត្តបាត់ដំបង​មាន​សកម្មភាព​ហ្វឹកហាត់​ឡើង​វិញ ក៏​ដូច​ជា​ដើម្បី​ពង្រឹងសមត្ថភាព​ពួក​គេ​ផង​ដែរ​ ។

លោកបានបន្ត​ថា ​ដូច្នេះ​យើង​ត្រូវការ​អាង​ហែល​ទឹក​ថ្មី​មួយ​ដែល​មាន​លក្ខណៈ​ស្តង់ដា​ត្រឹមត្រូវ និង​មាន​​ទំហំ​ដូច​គ្នា​ទៅ​នឹង​អាង​ហែល​ទឹក​នៅ​ខេត្តកំពង់ចាម មាន​អាង​សម្រាប់​ប្រកួត​​ទំហំ​២៥​គុណ​នឹង​៥០​ម៉ែត្រ ជម្រៅ​ពីរ​ម៉ែត្រ អាង​សម្រាប់​លោតទឹក​ទំ​ហំ​២០​គុណ​២៥​ម៉ែត្រ ជម្រៅ​៤,៥០​ម៉ែត្រ ប៉ម​លោតទឹក​កម្ពស់​១០​ម៉ែត្រ មាន​៣​ថ្នាក់​មួយ​ថ្នាក់​ទី​១​កម្ពស់​៣,៥០​ម៉ែត្រ ថ្នាក់​ទី​២​កម្ពស់​៧​ម៉ែត្រ និង​ថ្នាក់​ទី​៣​កម្ពស់​១០​ម៉ែត្រ​ ។​ ហើយ​នៅ​មាន​កន្លែង​សម្រាប់​អ្នក​អង្គុយ​ទស្សនា​ផ្ទុក​បាន​មនុស្ស​៤០០​នាក់​និង​កន្លែង​សម្រាប់​គណៈអធិបតី​ចំនួន​៥០​នាក់​ផ្សេង​ទៀត​ ។ ​ក្រៅពី​នោះ​ក៏​នៅ​មាន​បន្ទប់​សម្រាប់​ផ្លាស់​ប្ដូ​សម្លៀក​បំពាក់​កីឡាករ បន្ទប់ទឹក ក៏​ដូច​ជា​បន្ទប់ទឹក​ជន​ពិការ និង​កន្លែង​ចត​រថយន្ត​ដ៏​ធំ​ទូលាយ​ផង​ដែរ​ ។​ អាង​ហែល​ទឹក​នៅ​ខេត្តបាត់ដំបង ជា​ផែនការមេ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក្នុង​ការ​អភិវឌ្ឍន៍ និង​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី​ឈុត​ធំ​និង​ថ្នាល សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

មណ្ឌល​អាង​ហែល​ទឹក​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង ហើយ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​១៤ ​សីហា​ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡាហោម ស ខេ​ង​និង​លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ