ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពីចំណាយ និងសន្សំ ចំណូលពលរដ្ឋត្រូវបង់ពន្ធជូនរដ្ឋច្រើនប្រភេទទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពលរដ្ឋម្នាក់ៗមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ។ នាពេលបច្ចុប្បន្ន ការប្រមូលពន្ធរបស់រដ្ឋពីប្រជាពលរដ្ឋមានច្រើនប្រភេទ ហើយមានពលរដ្ឋខ្លះមិនដឹងថា ខ្លួនបានបង់ពន្ធអ្វីខ្លះជូនរដ្ឋដើម្បីបានថវិកាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនោះទេ ។…

រាជធានីភ្នំពេញ ៖ ពលរដ្ឋម្នាក់ៗមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ។ នាពេលបច្ចុប្បន្ន ការប្រមូលពន្ធរបស់រដ្ឋពីប្រជាពលរដ្ឋមានច្រើនប្រភេទ ហើយមានពលរដ្ឋខ្លះមិនដឹងថា ខ្លួនបានបង់ពន្ធអ្វីខ្លះជូនរដ្ឋដើម្បីបានថវិកាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនោះទេ ។ ពន្ធដែលជាប្រភពចំណូលរបស់រដ្ឋដ៏សំខាន់នោះនៅកម្ពុជាបច្ចុប្បន្នមានដូចជា ៖ ពន្ធប្រាក់បៀរវត្ស ពន្ធមធ្យោយបាយធ្វើដំណើរ ពន្ធអារករលើតម្លៃបន្ថែម ពន្ធអចលនទ្រព្យ ជាដើម ។

អ្នកស្រី សុផល ពលរដ្ឋម្នាក់នៅភ្នំពេញនិយាយថា ក្នុងមួយខែគាត់បានចំណាយលុយបង់ពន្ធជូនរដ្ឋលើប្រាក់បៀវត្សប្រមាណជា ២០០ ដុល្លារ ។ ក្រៅពីនេះ គ្រួសារស្រ្តីដែលធ្វើការឲ្យក្រុមហ៊ុនឯកជន និងដែលមានប្រាក់ខែប្រមាណ ២ ពាន់ដុល្លារនេះ ត្រូវបង់ពន្ធគេហដ្ឋានក្នុងមួយឆ្នាំ ២០០ ដុល្លារទៀត ។ «រឿងបង់ពន្ធនេះគិតទៅចំណាយច្រើនដែរ ។ ខ្ញុំមិនច្បាស់ប៉ុន្មានទេ គ្រាន់ដឹងថា ប្រាក់ខែចាប់ពីពី ១.៣០០.០០១ រៀល ដែលស្មើប្រមាណ ៣២៥ ដុល្លារ ដល់ ២.០០០.០០០ រៀល ស្មើ ៥០០ ដុល្លារ មានអត្រាពន្ធ ៥% ។ ហើយប្រាក់ខែកាន់តែច្រើនជាប់ពន្ធកាន់តែច្រើន ។ មែនទែនទៅក្រៅប្រាក់ខែ ផ្ទះ យើងទៅផ្សាររាល់ថ្ងៃ ទិញទំនិនិញពីផ្សារទំនើបៗនោះសុទ្ធតែជាប់ពន្ធ VAT និងនៅពន្ធលើរថយន្តទៀត គិតទៅច្រើនដែរបញ្ហាបង់ពន្ធនេះ ប៉ុន្តែវាជាកាតព្វកិច្ចពលរដ្ឋ» អ្នកស្រី សុផល បញ្ជាក់ ។

សម្រាប់ពន្ធលើប្រាក់បៀរវត្ស ឯសារពន្ធបានបញ្ជាក់ថា រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស ។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេលបើកប្រាក់បៀវត្សឱ្យដល់បុគ្គលិក និងត្រូវបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធ ។ សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សមាន ពី ០ រៀល ដល់ ១.៣០០.០០០ រៀល មានអត្រាពន្ធ ០% ពី ១.៣០០.០០១ រៀល ដល់ ២.០០០.០០០ រៀល មានអត្រាពន្ធ ៥% ពី ២.០០០.០០១ រៀល ដល់ ៨.៥០០.០០០ រៀល មានអត្រាពន្ធ ១០% ពី ៨.៥០០.០០១ រៀល ដល់ ១២.៥០០.០០០ រៀល មានអត្រាពន្ធ ១៥% និងអ្នកមានប្រាក់បៀវត្ស លើសពី ១២.៥០០.០០០ រៀលមានអត្រាពន្ធ ២០% ។

ចំណែកពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទវិញ ពន្ធនេះជាទូទៅពលរដ្ឋទំនងស្គាល់ច្រើនជាងគេ ពីមុនអ្នកមានម៉ូតូ អ្នកមានរថយន្តសុទ្ធតែជាប់កាតព្វបង់ពន្ធ ប៉ុន្តែនៅប៉ុន្មានឆ្នាំក្រោយនេះ រដ្ឋបានលើកលែងសម្រាបម៉ូតូមិនជាប់ពន្ធនោះទេ ។ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ គឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលក្នុងនោះរួមមាន រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្ដោង ជលយាន ឬជលយានយន្ត ទាំងផ្លូវទន្លេ និងសមុទ្រ។ តម្លៃបង់ពន្ធលើធម្យោបាយធ្វើដំណើរនិងដឹកជញ្ជួននេះអាស្រ័យទៅតាមកម្លំាងម៉ាស៊ីនមធ្យោបាយទំាងនោះ ។

ពន្ធនៅមានច្រើនប្រភេទទៀត ដោយមិនរាប់ពីពន្ធគយនោះឡើយ ។ ការបង់ពន្ធ ជាកាតព្វកិច្ចរបស់ពលរដ្ឋមែនទែនទៅពលរដ្ឋប្រទេសណាក៏ត្រូវបង់ពន្ធនេះដែរ ។ ប្រាក់បានពីពន្ធរដ្ឋយកទៅប្រើប្រាស់កិច្ចការសង្គម ដូចជាការកសាផ្លូវ សាលារៀន មន្ទីរពេទ្យ រួមនឹងការបើកប្រាក់បៀវត្សមន្រ្តីរាជាការផងដែរ ។ ក្នុងឆមាសទី ១ ឆ្នាំ ២០២១ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលចំនួន ១ ៥១៥.៩០ លានដុល្លារថយចុះ ១០.៦០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ