ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ពិធី​សែន​ក្បាលទឹក នៅ​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២២ ខែសីហា ឆ្នាំ​២០២១​។ ពិធី​សែន​ក្បាលទឹក​នេះ ត្រូវបាន​បងប្អូន​ខ្មែរ​កាត់​ចិន រៀបចំ​បាយ​ម្ហូបនំចំណី…

ភ្នំពេញ​៖ ពិធី​សែន​ក្បាលទឹក នៅ​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២២ ខែសីហា ឆ្នាំ​២០២១​។ ពិធី​សែន​ក្បាលទឹក​នេះ ត្រូវបាន​បងប្អូន​ខ្មែរ​កាត់​ចិន រៀបចំ​បាយ​ម្ហូបនំចំណី ​សែន​តាម​ផ្ទះ​រៀងៗ​ខ្លួន ជូន​ដល់​កុងម៉ា ញា​តិ​សន្តាន ដែល​បាន​ចែក​ឋាន​។ ប៉ុន្តែពិធីបុណ្យ​សែន​ក្បាលទឹក ដែលការធ្វើដំណើរ និងការជួបជុំ នាពេលនេះ អាចធ្វើអោយកូវីដ ឆ្លងរាលដាលបាន។

​សែន​ក្បាលទឹក ត្រូវបាន​បងប្អូន​ខ្មែរ​កាត់​ចិន ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា​យើង​ ដូចនឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែរ​។​ ពិធីបុណ្យ​សែន​ក្បាលទឹក ជា​ពិធីបុណ្យ​ធំ​មួយ បន្ទាប់ពី​បុណ្យចូលឆ្នាំ​ចិន​។ បុណ្យ​សែន​ក្បាលទឹក រៀបចំ​សែន ពីរដង គឺ​លើកទីមួយ នៅពេល​ព្រឹក ឬ​ពេល​ថ្ងៃ សែន​ដល់​កុងម៉ា ញាតិសន្តាន ដែល​ស្លាប់ និង​សែន​លើក​ទី​ពីរ នៅពេល​ល្ងាច គឺ​សែន​ដល់​ខ្មោច​បិសាច​អនាថា ដែល​គ្មាន​ញាតិ គ្មាន​ផ្ទះសម្បែង ឬ​រក​ផ្ទះ​ញាតិ មិនឃើញ​។​

​ការ​សែន​នេះ ត្រូវបាន​ធ្វើតាម​ទម្លាប់​រៀងៗ​ខ្លួន​។ គ្រួសារ​ខ្លះ សែន​ផ្លែឈើ នំនែក​ពី​ព្រឹក ហើយ​ពេល​ថ្ងៃត្រង់ សែន​បាយ​សម្លរ​ម្តងទៀត ដោយ​មិន​សែន​ពេល​ល្ងាច​នោះទេ​។ តែ​គ្រួសារ​ខ្លះ ក៏​សែន​ល្ងាច​ម្តងទៀត​។ បន្ទាប់ពី​សែន​រួច គេ​ដុត​ក្រដាសសែន លុយ​សែន មាសប្រាក់ សម្លៀកបំពាក់ ប៉ាស្ព័រ វី​សា សំបុត្រ​យន្តហោះ រថយន្ត ផ្ទះ​ក្រដាស សម្រាប់​សែន ដើម្បី​សុខ​សប្បាយ និង​រកស៊ី​មានបាន តាម​ការជឿ​របស់គេ​រៀងៗ​ខ្លួន​។​

​ទាំងអស់នេះ ជា​ជំនឿ​មួយ ក្នុងចំណោម​ជំនឿ​របស់​ខ្មែរ​កាត់​ចិន ដែល​ត្រូវបាន​ធ្វើឡើង​យូរ​ឆ្នាំ​មកហើយ នៅក្នុង​ប្រទេស​កម្ពុជា​យើង មិន​ថា នៅ​ភ្នំពេញ ឬ​នៅតាម​ខេត្ត​នានា​នោះទេ​។ ក្នុង​ពិធីបុណ្យ​សែន​ក្បាលទឹក​នេះ ខ្មែរ​យើង ដែល​អះអាងថា កាត់​ចិន-យួន តែង​តែ​​សែន​​គ្រប់​ផ្ទះ ហើយ​អ្នកខ្លះ ធ្វើដំណើរ​ទៅ​ស្រុកកំណើត ជួបជុំ​ឪពុកម្តាយ​បងប្អូន ញាតិមិត្ត នៅ​ស្រុកកំណើត​។ បន្ទាប់ពី​សែន​ហើយ ក៏​ជួបជុំ​បងប្អូន ញាតិមិត្ត ទទួលទាន​បាយរួមគ្នា ហើយ​ភាគច្រើន តែងតែ​ផឹកស៊ី​គ្រឿង​ស្រវឹង​ថែមទៀត​។

​ម្យ៉ាង​នៅពេលនេះ កូ​វីដ​នៅ​ឆ្លង​រាលដាល​នៅឡើយ​។ តែ​ការជួបជុំ​ក្នុង​រង្វង់​គ្រួសារ ញាតិមិត្ត បងប្អូន​ មិត្តភក្តិ ក្នុង​ពិធី​សែន​ក្បាលទឹក នា​ថ្ងៃអាទិត្យ ទី​២២​សីហា​នេះ នៅតែ​ធ្វើឡើង ហើយ​ត្រូវបាន​ថត​បង្ហោះ​ព្រោងព្រាត​តាម​ហ្វេ​ស​ប៊ុ​ក​។ ការជួបជុំ​នោះ​ទៀតសោត ក៏​មិន​ពាក់​ម៉ាស និង​មិនមាន​រក្សា​គម្លាត ឲ្យបានត្រឹមត្រូវ​ទេ ដោយសារតែ​អ្នក​ជួបជុំ​ទាំងអស់​នោះ អាង​តែ​ជា​ឪពុកម្តាយ បងប្អូន​កូនក្មួយ​នឹង​គ្នា ទោះបី​ជាមាន​កូនចៅ​ច្រើន​រស់នៅ​ភ្នំពេញ និង​បណ្តា​ខេត្ត​​ផ្សេង​​ក៏ដោយ​។​

​ការជួបជុំ​សែន​ក្បាលទឹក នៅ​ឆ្នាំនេះ ជា​​សារ​បង្ហាញថា ខ្មែរ​យើង​មួយចំនួន ដែល​អះអាងថា កាត់​ចិន ជាប់សែស្រឡាយ​ចិន-យួន​ នៅតែ​បន្ត​ជួបជុំ ក្នុង​រង្វង់​គ្រួសារ ហើយ​ធ្វើដំណើរ​ចល័ត​ពី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ទៅកាន់​ស្រុកកំណើត​។ ការជួប​ជុំនោះ ក៏​មិន​អនុវត្តតាម​វិធាន​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ការឆ្លង​រាលដាល​កូ​វីដ​ឡើយ​។ ដូច្នេះ​សូមកុំ​ឲ្យ​ផ្ទុះ​កូ​វីដ ក្នុងអំឡុងពេល​សែន​ក្បាលទឹក​នេះ ព្រោះ​ប្រទេស​យើង កំពុងតែបន្ត​ឆ្លង​រាលដាល​កូ​វីដ​រៀងរាល់ថ្ងៃ ចន្លោះ​ពី​ជិត ៥០០​នាក់ ទៅ​ជាង ៥០០​នាក់ ហើយ​ក៏មាន​អ្នកស្លាប់​ជាង ១០​នាក់ ក្នុង ១​ថ្ងៃៗ ស្រាប់​ទៅហើយ​។​

​របាយការណ៍​ប្រចាំថ្ងៃ បង្ហាញថា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស មាន​ករណី​ឆ្លង​ថ្មី ៤៩៦​នាក់ ជាសះស្បើយ ៥៧៥​នាក់ និង​ស្លាប់ ១៤​នាក់​។ ក្នុងនោះ ៣២០​នាក់ ជា​ករណី​ឆ្លង​សហគមន៍ និង ១៧៦​នាក់ ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។ ជារួម គិត​ត្រឹម​ថ្ងៃទី​២១​សីហា នៅ​ទូទាំងប្រទេស មាន​ករណី​ឆ្លង​កូ​វីដ​សរុប ចំនួន ៨៩២៣១​នាក់​។ ករណី​ជាសះស្បើយ មាន​ចំនួន​សរុប ៨៥០៨១​នាក់ និង​ករណី​ស្លាប់​សរុប កើនឡើង​ដល់ ១៧៩២​នាក់​។​

​កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែសីហា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ការរកឃើញ​មេរោគ​កូ​វីដ បំប្លែង​ថ្មី ដែល​តា សរុប​ចំនួន ៩៩៩​នាក់ គិត​ត្រឹម​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា​។ មេរោគ​បំប្លែង​ថ្មី ដែល​តា ទាំងនេះ រកឃើញ​នៅ ២៣ រាជធានី​-​ខេត្ត លើកលែងតែ​ខេត្ត​កែប និង​ខេត្តក្រចេះ ហើយ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​ច្រើនជាងគេ រហូតដល់ ២៣៨​នាក់​។​

​ដូច្នេះ​ការជួបជុំ​សែន​ក្បាលទឹក នៅ​ថ្ងៃអាទិត្យ​នេះ ជា​សារ​ដាស់តឿន​ថា ទោះជា​កូ​វីដ នៅ​ឆ្លង​រាលដាល​ខ្លាំង ហើយ​រាតត្បាត​ប្រភេទ​ដែល​តា យ៉ាងណាក៏ដោយ ក៏​ប្រពៃណី​មួយចំនួន នៅ​ធ្វើតាម​ធម្មតា នៅតាម​ផ្ទះ រួមទាំង​ការធ្វើដំណើរ​ឆ្លង​រាជធានី​ខេត្ត ក៏​នៅតែ​កើតឡើង ខណៈដែល​វិធាន​សុខាភិបាល មិនត្រូវ​អនុវត្ត ដោយមាន​ការជួប​គ្នាច្រើន មិន​ពាក់​ម៉ាស និង​មិន​រក្សា​គម្លាត​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។

​នៅពេល​ខាងមុខ រាល់​ការជួបជុំ ពិសេសបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៥-៧ ខែតុលាខាងមុខនេះ រាប់ទាំង​ក្នុង​រង្វង់​គ្រួសារ ដែលមាន​កូនចៅ​​នៅ​​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេងទៀត មិនត្រូវ​ធ្វេសប្រហែស​នោះទេ​។ ការពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព ត្រូវ​ធ្វើជា​ចាំបាច់ ព្រោះថា វិធានការ​នេះ សាមញ្ញ និង​នៅតែ​ចាំបាច់​គ្រប់ពេលវេលា គ្រប់ទីកន្លែង​ ដើម្បី​​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ ព្រោះ ដែល​តា កំពុង​វាយលុក ដែល​ម្នាក់ៗ តោង​កុំ​ប្រហែស ហើយក៏កុំ​ហៅ​បងប្អូន​មិត្តភក្តិ​ផឹកស៊ី ជុំគ្នា​​ដូច្នេះ​។

​ឪពុកម្តាយ​នៅ​ស្រុក មិន​ហ៊ាន​ទៅណា តែបើ​កូនចៅ​នាំគ្នា​ទៅលេង ទៅ​ជួបជុំ ដោយ​សំអាងថា ជា​ទម្លាប់​សែន តាម​ប្រពៃណី ដើម្បី​បាន​សេចក្តីសុខ និង​សុំ​ឲ្យ​កុងម៉ា ញាតិសន្តាន ជួយ​ឲ្យ​មានបាន តែ​ការពិត បែរជា​នាំ​កូ​វីដ​ទៅ​ឆ្លង​ដល់​អ្នកផ្ទះ និង​ឪពុកម្តាយ នៅ​ស្រុកកំណើត​វិញ​នោះ គឺជា​រឿង​មួយ ដែល​មិនគួរ​កើតឡើង​ទាល់តែសោះ​។

​ចូរ​ចាំ​ថា គ្មាន​ការ​បន់ស្រន់​ណា ហើយក៏​គ្មាន​ការ​សែនព្រេន​ឯណា អាច​ផ្តល់នូវ​សេចក្តីសុខ លាភ​សំណាង និង​ជួយ​ឲ្យ​កូនចៅ មានបាន​នោះទេ បើសិនជា កូនចៅ​មិន​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​។ ផ្ទុយទៅវិញ ការ​សែនព្រេន និង​ជំនឿ ដោយ​ការយល់​ខុស​ទាំងនេះ បានធ្វើ​ឲ្យ​កូនចៅ ត្រូវ​ចំណាយលុយ និង​ពេលវេលា​មិនតិច​នោះទេ​។ នេះ​មិនទាន់​គិតដល់​មហន្តរាយ ដែល​កើត​ពី​ការ​ធ្វេ​ស​ប្រហែស​នៃ​ការ​សែន ដុត​ទៀនធូប ដុតក្រដាសសែន រហូតដល់​ឆេះ​​ផ្ទះ និងការ​ស្រូប​ផ្សែង​ទៀនធូប ដែល​នាំ​ឲ្យ​ខូចសុខភាព ដោយ​មិនដឹង​ខ្លួន​ផង​នោះ​៕​