ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! បើករថយន្ត​សុខ​ៗ​ធ្លាក់​ផ្លូវ រួច​បុក​ដើម​ពុទ្រា​ឆាបឆេះ​សន្ធោសន្ធៅ

2 ខែ មុន
  • សៀមរាប

បុរស​ម្នាក់​ស៊ីឈ្នួល​ដឹកស្រូវ រួម​នឹង​មាន​កម្មករ​ចំនួន​៣​នាក់​នៅ​ពីលើ ខណៈ​កំពុង​តែ​បើក​សុខ​ៗ ស្រាប់តែ​អ្នក​បើករថយន្ត​ងងុយដេក​មួយភាំង ក៏​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ រួច​ទៅ​បុក​ជាមួយនឹង

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស៊ីឈ្នួល​ដឹកស្រូវ រួម​នឹង​មាន​កម្មករ​ចំនួន​៣​នាក់​នៅ​ពីលើ ខណៈ​កំពុង​តែ​បើក​សុខ​ៗ ស្រាប់តែ​អ្នក​បើករថយន្ត​ងងុយដេក​មួយភាំង ក៏​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ រួច​ទៅ​បុក​ជាមួយនឹង​ដើម​ពុទ្រា បណ្តា​ឱ្យ​ឆាបឆេះ​រថយន្ត​ដោយ​ខ្លួនឯង​យ៉ាង​សន្ធោសន្ធៅ​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៣៤-៣៣៥ បង្ក​ឱ្យ​មានកា​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​នៅ​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ទួលរ​វៀង ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ឯក ពេ​ទ ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២១ នេះ​ថា មាន​ករណី​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ២,៥​តោន ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 3A.1335 បើកបរ​ដោយ​ឈ្មោះ លី សុខា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​១០០ ឃុំ​ចំការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។

លោក​អធិការ​នគរបាល​ស្រុក​ពួក បន្ត​ថា ហើយ​រថយន្ត​ខាងលើ​នេះ បាន​ដឹក​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​ដោយ ១-​ឈ្មោះ ជួន សុ​ចិន អាយុ​១៨​ឆ្នាំ​, ២-​ឈ្មោះ សុខ លី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៣-​ឈ្មោះ សុ​គុណ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ អ្នក​ទាំង​៣​នាក់ រស់នៅ​ភូមិ​ស្រែ​១០០ ឃុំ​ចំការ​រ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ជាមួយ​គ្នា​។

លោក​អធិការ​នគរបាល​ស្រុក​ពួក បន្ត​ទៀត​ថា មុន​ពល​កើតហេតុ រថយន្ត​ខាងលើ​នេះ បាន​បើកបរ​មក​ពី​ទិស​ដៅ​ខាង​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​រ៉េ​ចង្កូត​ធ្លាក់​ទៅ​ជ្រោះ​ផ្លូវ​ខាងត្បូង រួច​ក៏​បុក​ជាមួយនឹង​ដើម​ពុទ្រា​ទៀត បណ្តាល​ឱ្យ​ឆាបឆេះ​រថយន្ត​យ៉ាង​សន្ធោសន្ធៅ​ខ្ទេច​អស់​តែ​ម្តង ប៉ុន្តែ​សំណាងល្អ មាន​តែ​អ្នក​របួសស្រាល​ម្នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ លោក​បានឱ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក យក​រថយន្ត​សង្គ្រោះ​ពន្លត់​អគ្គិសនី​ចំនួន​១​ឡាន ដើម្បី​ជួយ​អន្តរាគមន៍ ក្នុង​នោះ​ក៏​បាន​ប្រើប្រាស់​ឡានទឹក​របស់​អធិការ​នគរបាល​ស្រុក​ពួក អស់​១​ឡាន ទើប​ពន្លត់​រលត់​ទៅ​វិញ​ទទួល​បាន​ជោគជ័យ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ករណី​ខាងលើ​នេះ បណ្តាល​ឱ្យ​របួសស្រាល​មនុស្ស​១​នាក់ គឺ​ឈ្មោះ សុ គុណ និង​ខូចខាត​រថយន្ត​១​គ្រឿង​យ៉ាង​ធ្ងន់​។ ចំពោះ​មូលហេតុ​នោះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ក្នុង​ស្ថា​ភាព​ងងុយដេក ទើប​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង​។
បច្ចុប្បន្ន ទាំង​អ្នកបើកបរ និង​កម្មករ​ទាំង​៣​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ឱ្យ​ម្ចាស់​មក​ទទួល​មនុស្ស​ទៅ​ផ្ទះ​វិញ រួម​ទាំង​រថយន្ត​ដែល​ឆេះ ដោយ​បាន​ហៅ​រថយន្ត​ស្ទួ​ចម​ក​ស្ទូច​យក​ទៅ​ផង​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២១​នេះ​រួចរាល់​អស់ហើយ​៕