ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ បន្ទាប់​​​ពី​​​​​អនុ​វត្ត​​​បាន ២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​​ យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ…

ភ្នំពេញ៖ បន្ទាប់​​​ពី​​​​​អនុ​វត្ត​​​បាន ២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​​ យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​នៅ​​​ទូ​​​ទាំង​​​​ប្រ​ទេ​ស​ ​​ត្រូវ​​បាន​​បិទ​បញ្ចប់​ហើយ​។ ​ប៉ុ​​​ន្តែនេះមិន​មែន​មាន​ន័យថា កម្ពុជាអាចជិះសេះលែងដៃបានទេ។ ម្នាក់ៗ ត្រូវប្រយ័ត្នបំផុត ដើម្បីរួមគ្នាទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ​១៩​នេះ។

​ក្នុង​សារលិខិត ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ជារួម ការអនុវត្ត​ដោយ​ម៉ឺងម៉ាត់ និង​តឹងរឹង​នូវ​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស រយៈពេល ២១​ថ្ងៃ កន្លង​មកនេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​វិជ្ជមាន ដោយបាន​ជួយ​ដល់​ការគ្រប់គ្រង និង​ការ​ពន្យារពេលបាន​មួយកម្រិត​នូវ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​១៩​ប្រភេទ​ដែល​តា​។ ជាក់ស្តែង ការវិវត្ត​សភាព​ការណ៍ ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ​នេះ បង្ហាញថា អត្រា​នៃ​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​១៩ និង​អត្រា​អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​មធ្យម ក៏ដូចជា​អត្រា​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ មាន​និន្នាការ​ថេរ ហើយ​ទន្ទឹមនេះ អត្រា​អ្នកជា​សះស្បើយ ក៏មាន​ការកើនឡើង បើទោះបីជា​មេរោគ​កូ​វីដ​១៩ ប្រភេទ​ដែល​តា បាន​ឆ្លង​រាលដាល​ក្នុង​សហគមន៍ ក្នុង​ចំនួន​កាន់តែ​ច្រើនឡើងៗ ហើយ​បច្ចុប្បន្ន បាន​រីក​រាលដាល​រហូត​ទៅដល់ ២៣​រាជធានី​ខេត្ត​ក្តី​។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី សម្តេច​ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ជាមួយនឹង​ការរកឃើញ​ជា​បន្តបន្ទាប់​ ក្នុង​ចំនួន​ច្រើន និង​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស លទ្ធភាព​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ ​ក្នុង​ពេលខាងមុខ​នៃ​មេរោគ​កូ​វីដ​១៩ ប្រភេទ​ដែល​តា​នេះ នៅ​បន្ត​ជា​បញ្ហា​ប្រឈម​ចំពោះមុខដ៏​គួរ​ឲ្យ​ព្រួយបារម្ភ សម្រាប់​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា ដោយសារតែ​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​យុទ្ធនាការ​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល ២១​ថ្ងៃ កន្លងមកនេះ បានរួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការជួយ​ទប់​ស្កាត់បាន​មួយកម្រិត​នូវ​ល្បឿន​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ ប្រភេទ ដែល​តា ក្នុង​សហគមន៍ ហើយ​វិធានការ​ទាំងនេះ ក៏​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ជា​ដុំកំភួន​ដល់​សកម្មភាព​ខាង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ក៏ដូចជា​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​នោះទេ​។ រាជរដ្ឋាភិបាល យល់ឃើញថា វិធានការ​ទាំងនេះ នៅតែ​ជា​វិធានការ​គន្លឹះ និង​មាន​ភាពចាំបាច់​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​ប្រភេទ ដែល​តា ក្នុង​សហគមន៍​។​

​ក្នុង​លិខិត​ដដែល សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា ដោយ​ពិនិត្យឃើញថា ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ នៅតាម​បណ្តា​រាជធានី​ខេត្ត​និ​មួយៗ មាន​លក្ខណៈខុសៗ​គ្នា ដូចនេះ រាជរដ្ឋាភិបាល សម្រេច​បិទ​បញ្ចប់​ការអនុវត្ត «​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩» នៅ​ទូទាំងប្រទេស តាម​កាលបរិច្ឆេទ​កំណត់​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ នេះ និង​សូម​ធ្វើការ​ណែនាំ​ដល់​បណ្តា​គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​បន្ត​ការអនុវត្ត​ការ​រឹតបន្តឹង​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​ផ្អែក​តាម​សភាពការណ៍​វិ​វត្ត​ជាក់ស្តែង នៃ​ជំងឺ​នេះ ក្នុងភូមិ​សាស្ត្រ​រាជធានី​ខេត្ត ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន ក្រោម​ការសម្របសម្រួល​របស់​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ​អន្តរក្រសួង និង​អនុគណៈកម្មការ ដែលមាន​ការពាក់ព័ន្ធ​។

​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ដែលជាថ្ងៃចុងក្រោយ ក្នុងរយៈពេល ២១ថ្ងៃ នៃយុទ្ធនាការទប់ស្កាត់កូវីដ គឺយ៉ាងហោចណាស់ មាន​រាជធានី​​ខេត្ត ៦ បានប្រកាស​បន្តអនុវត្ត​នូ​វ​វិ​ធាន​ការ​​រដ្ឋបាល​ និង​បម្រាម​​​គោចរ រយៈពេល​ចាប់ពី ៧​ថ្ងៃ ទៅ ១៤​ថ្ងៃ​ទៀត គិត​ចាប់ពី​ថ្ងៃទី​២០ ខែសីហា ដើម្បី​ទប់ស្កាត់​​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខណៈដែល​ជំងឺ​កូ​វីដ​១៩ នៅ​បន្ត​ឆ្លង​រាលដាល​ក្នុង​សហគមន៍ តាម​រាជធានី​ខេត្ត​ទូទាំងប្រទេស ហើយ​អ្នកធ្វើដំណើរ​ឆ្លងដែន ​មកពី​ក្រៅប្រទេស ក៏នៅតែបន្តរកឃើញ​​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជា​បន្តបន្ទាប់រៀងរាល់ថ្ងៃ។​

​រាជធានី​ខេត្ត​ទាំង ៦នោះ រួមមាន ខេត្តស្វាយរៀង បន្ទាយមានជ័យ ខេត្ត​ព្រះសីហនុ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​នៅ​រាជធានី​ភ្នំពេញ។ ​ក្នុងអំឡុងពេល នៃ​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល រយៈពេល ៧​ថ្ងៃ រហូតដល់ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០សីហាតទៅ នៅ​ក្នុងខេត្តទាំងនោះ ក៏​បន្ត​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ពី​ម៉ោង ២១ ដល់​ម៉ោង ៣ទៀបភ្លឺ។ នៅ​ខេត្តខ្លះ​ ក៏បាន​សម្រេច​ហាម​ដាច់ខាត​នូវ​រាល់​ការលក់ ចែកចាយ​ស្រា ស្រា​បៀរ រួម​នឹង​ភេសជ្ជៈ ដែលមាន​ជាតិ​អាល់កុល ( បណ្តាល​ឲ្យ​ស្រវឹង ) ផងដែរ​។

ក្នុងអំឡុងពេល​នៃ​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ ក៏ត្រូវបាន​កំណត់​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដូចខាងក្រោម​៖ សាលារៀន រួមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ទាំង​ឯកជន ប៉ុន្តែ​អាចធ្វើ​ការបណ្តុះបណ្តាល​តា​ម​ប្រព័ន្ធ​អន​ឡាញ អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួន​កុមារ និង​សួន​កម្សាន្ត​នានា អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ទី​ម​គ្រប់​ប្រភេទ ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ រោងភាពយន្ត និង​ក្លិប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ​។​

​ចំណែក​​រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម ដែល​មិន​​ត្រូវ​បាន​​ហាម​ឃាត់​​ខាងលើនេះ ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ឲ្យ​បាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​​ពាក់​​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្តៅ ការ​ស្កេ​ន QR Code និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​សុខា​ភិ ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ «៣​ការពារ និង ៣​កុំ​»​។​

​នៅ​​ភ្នំពេញ ទោះ​ជា​​លើក​លែង​​ប​ម្រាម​គោចរ នៅពេលយប់​ក៏ដោយ តែវិធានការ​រដ្ឋបាល នៅតែ​បន្ត​អនុវត្ត ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ​រហូតដល់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​។​

​ចំណែក​នៅខេត្ត​ព្រះវិហារ កាល​ពីថ្ងៃទី២០ ខែសីហា ក៏បាន​ប្រកាសសម្រេច បន្ត​បិទ​ខ្ទប់ និង​កំណត់​ស្រុក​ជាំ​ក្សាន្ត ជា​តំបន់​ក្រហម ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី ដែល​តា​។ ការបិទ​ខ្ទប់​​នេះ មាន​រយៈពេល ២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​២១ ខែសីហា រហូតដល់​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២១​។​

ដូច្នេះ​នៅពេលនេះ បើទោះបីជា​រាជរដ្ឋាភិបាល​ បញ្ចប់យុទ្ធនាការប្រយុទ្ធ និងទ​ប់ស្កាត់​កូវីដ រយៈពេល ២១ថ្ងៃ ក៏ពិតមែន តែក៏មិនមែនមានន័យ​ថា អាជ្ញាធរសមត្ថកិច្ចតាមរាជធានីខេត្ត មិនអើពើចាត់វិធានការ​រដ្ឋបាល និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាល​កូវីដ ពិសេសមេរោគបំប្លែងថ្មី ដែល​តា នោះទេ​។ ​ប្រជាពលរដ្ឋ ក៏ដូចគ្នា។ តិចលឺថា រាជរដ្ឋាភិបាល​បញ្ចប់​​​យុទ្ធនាការហើយ បែរជាលែង​​ខ្លាច ហើយ​លែងប្រុងប្រយ័ត្ន លែងការពារ​អ្វីទាំងអស់​ នោះគឺ​ជាការ​យល់ខុសមួយ​ ដែលអាចជាគ្រោះថ្នាក់​ធ្ងន់ធ្ងរ​។

ក្នុងសារលិខិត នៅថ្ងៃទី១៩សីហា​ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងរួចហើយថា បច្ចុប្បន្ន ដែលតា បាន​រីក​រាលដាល ​រហូត​ទៅដល់ ២៣​រាជធានី​ខេត្តហើយ ខណៈដែលមុនថ្ងៃទី១៣សីហា ដែលតា ឆ្លងនៅត្រឹម ២២ខេត្ត​រាជធានី​។ ក្នុងនោះ សម្តេច​ប្រមុខរាជរដ្ឋាភិបាល ក៏បានលើក​ឡើងដែរ​ថា «ជាមួយនឹង​ការរកឃើញ​ជា​បន្តបន្ទាប់​ ក្នុង​ចំនួន​ច្រើន និង​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស លទ្ធភាព​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ ​ក្នុង​ពេលខាងមុខ​នៃ​មេរោគ​កូ​វីដ​១៩ ប្រភេទ​ដែល​តា​នេះ នៅ​បន្ត​ជា​បញ្ហា​ប្រឈម ​ចំពោះមុខ​ ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ សម្រាប់​កម្ពុជា»​។​

នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ​ប្រកាសថា ​គិត​ត្រឹម​ថ្ងៃទី​១៩ ខែ​សីហា រកឃើញកូវីដ​បំប្លែងថ្មី ដែលតា សរុប ៨៣៦​នាក់ ( ស្ត្រី ៤០៥​នាក់ )​។ អ្នក​ឆ្លង​កូ​វីដ ដែល​តា ជា​អ្នកដំណើរ​មកពី​បរទេស​តាម​ជើងហោះហើរ ពលករ​ខ្មែរ​ត្រលប់​មកពី​ប្រទេស​ថៃ ពី​ប្រទេស​វៀតណាម ប្រជាជន​អ្នកភូមិ​នៅក្នុង​សហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ​ភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិក​ធនាគារ ដូន​ជី​នៅ​វត្ត និង​​សិស្ស ហើយ​បាន​ប៉ះពាល់​ដល់ ២៣​រាជធានី​-​ខេត្ត លើកលែងតែ ២​ខេត្ត​ប៉ុណ្ណោះ គឺ​ខេត្ត​កែប និង​ខេត្តក្រចេះ នៅ​មិនទាន់​រកឃើញ​នៅឡើយ​។​

​ក្រសួងសុខាភិបាល ក៏ប្រកាសថា កូ​វីដ ដែល​តា ទាំង ៨៣៦​នាក់ នៅ ២៣​រាជធានី​ខេត្ត គឺច្រើនជាងគេ នៅ​ភ្នំពេញ ១៦៨​នាក់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ១៦៥​នាក់ ​សៀមរាប ១៣០​នាក់ និងខេត្តបន្ទាយមានជ័យ ១១៦​នាក់។

តាមទីប្រជុំជន តាមខេត្ត តាមផ្សារ តាមសហគមន៍​ ពិសេស​នៅភ្នំពេញ នាប៉ុន្មានថ្ងៃចុង​ក្រោយនេះ ឲ្យតែរកឃើញថា មានអ្នក​ឆ្លងកូវីដ ដែលតា ធ្លាប់ចូលទៅផ្សារ ឬនៅផ្ទះ​ម្តុំណា គឺ​អាជ្ញាធរសមត្ថកិច្ច ចាត់វិធានការបិទខ្ទប់ផ្សារ និងតំបន់នោះ ហើយពេទ្យ ចាត់ចែងយកសំណាក ធ្វើតេស្តរកកូវីដ មិនថា ថ្ងៃ ឬយប់ ឬក៏ភ្លៀងនោះទេ​។ វិធានការឆ្លើយតបបន្ទាន់ភ្លាមៗដូច្នេះ ដើម្បី​ឈានទៅគ្រប់គ្រង និង​ទប់ស្កាត់ឲ្យបានលឿន ខណៈដែល​កូវីដប្រភេទបំប្លែងថ្មី ដែលតា ត្រូវបានគេដឹងថា ឆ្លងលឿន និងកាចសាហាវជាង​កូវីដធម្មតា​។

ដូច្នេះ​នៅខេត្តរាជធានី ដែល​បន្តដាក់ចេញនូវវិធានការរដ្ឋបាល និង​បម្រាមគោចរ​រយៈពេល ៧ថ្ងៃ ទៅ ១៤ថ្ងៃ​បន្ថែម​ទៀត ​គឺ​ប្រជាពលរដ្ឋយើង សូមបន្តអនុវត្ត និងគោរពឲ្យបានខ្ជាប់ខ្ជូន ដើម្បីកុំ​ឲ្យរងនូវការផាកពិន័យផង និងដើម្បីសំខាន់បំផុត កុំ​ឲ្យឆ្លងកូវីដផង​។ ចំណែក​អ្នកនៅក្នុងខេត្ត ដែល​មិនមានបន្តដាក់ចេញនូវ​វិធានការរដ្ឋបាលទេ ក៏រឹងរឹតតែត្រូវគោរពតាម​វិធានការសុខាភិបាល ពិសេស​វិធានការ ៣កុំ និង៣ការពារ​ ឲ្យបានម៉ឺង​ម៉ាត់ដូចគ្នា។ ចូរកុំភ្លេចថា កូវីដ ទៅដល់​គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយ​ឆ្លង​គ្រប់គ្នា បើយើង​ធ្វេស​ប្រហែសតែបន្តិច។ ដូច្នេះ ត្រូវតែគ្រប់គ្នា ពាក់ម៉ាស លាងសម្អាតដៃញឹក​ញាប់ និងរក្សាគម្លាតសុវត្ថិភាពជាប់ជាប្រចាំ ពិសេស​ជៀសវាងការជួបជុំ​ នៅទីសាធារណៈ ចាប់ពី ២នាក់ឡើងទៅ​៕