ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដាំមៀនប៉ៃលិនខ្លះនៅតែបារម្ភពីការគ្មានប្រាក់បង់ធនាគារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការជួសង្គ្រោះទិញផ្លែមៀនប៉ៃលិន នៅតាមបណ្តាលខេត្តជាប់ព្រំដែនថៃ បានកំពុងសកម្ម ប៉ុន្តែអ្នកដាំមួយចំនួននៅតែបង្ហាញពីការព្រួយបារម្ភខ្លាចគ្មានប្រាក់បង់គ្រប់ទៅធនាគារ នៅគ្រាលំបាកនេះពីព្រោះមៀនប៉ៃលិនលក់ក្នុងតម្លៃទាបពេក ។  លោក អ៊ុន…

រាជធានីភ្នំពេញ ៖ ការជួសង្គ្រោះទិញផ្លែមៀនប៉ៃលិន នៅតាមបណ្តាលខេត្តជាប់ព្រំដែនថៃ បានកំពុងសកម្ម ប៉ុន្តែអ្នកដាំមួយចំនួននៅតែបង្ហាញពីការព្រួយបារម្ភខ្លាចគ្មានប្រាក់បង់គ្រប់ទៅធនាគារ នៅគ្រាលំបាកនេះពីព្រោះមៀនប៉ៃលិនលក់ក្នុងតម្លៃទាបពេក ។ 

លោក អ៊ុន ថេង អ្នកដាំមៀនប៉ៃលិនម្នាក់ដែលមានដើមមៀនជាង ១០០ ដើម និយាយថា នៅពេលនេះលោកបានសម្រេចចិត្តម៉ៅចម្ការមៀនឲ្យឈ្មួញក្នុងតម្លៃ ២៦ លានរៀល ។ លោកថា កាលពីឆ្នាំមុនៗ ចម្ការមៀនរបស់លោកលក់បាន ៥០ លានរៀលមានន័យថា ឆ្នាំនេះខាតពាក់កណ្តាល ។ លោក អ៊ុន ថេង និយាយថា «ខ្ញុំខ្ចីប្រាក់ពីខាងធនាគារមកដាំដុះនេះ បើគិតពីការប្រមូលផលមៀនលើកនេះយកលុយលក់បានទៅបង់ឱ្យខាងធនាគារ មិនទាន់គ្រប់នោះទេ បើតម្លៃលក់ដូចសព្វថ្ងៃនេះ» ។

ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាឲ្យក្រុមការងារចុះទិញមៀនពីកសិករនៅពេលមៀនប៉ៃលិនគ្មានទីផ្សារទិញយកទៅប្រទេសថៃដូចរាល់ឆ្នាំ ។ ក្រៅពីសម្តេចនាយករដ្ឋមន្រ្តី នៅមានឧកញ៉ា អ្នកជំនួញ មន្រ្តីរាជការ បាននាំគ្នាចុះទិញមៀនប៉ៃលិនក្នុងសកម្មភាពមនុស្សធម៌ជួយគ្នានៅគ្រាលំបាក ។ ជាមួយគ្នានេះនៅតែមានឈ្មួញកណ្តាលខ្លះបានបន្តទិញមៀនពីកសិករដែរ គ្រាន់តែឲ្យតម្លៃទាប ។

អ្នកដាំមៀនបានបញ្ជាក់ថា ពួកគាត់ព្រួយបារម្ភពីទីផ្សារមៀន ទៅថ្ងៃអនាគតបើទោះបីការជួយសង្រ្គោះមៀននាពេលនេះផលផុសយ៉ាងណាក្តី ។ «ខ្ញុំនៅតែបារម្ភ ដោយសារតែតម្លៃមៀនរាល់ថ្ងៃទាបណាស់ បើទៅថ្ងៃមុខការនាំមៀនទៅប្រទេសចិនមិនសម្រេចទេ អ្នកដាំនឹងនៅតែយ៉ាប់ ។ ខ្ញុំសូមស្នើរាជរដ្ឋាភិបាលជួយដោះស្រាយឲ្យបានវែងឆ្ងាយធ្វើយ៉ាងណាអាចនាំចេញទៅទីផ្សារខាងក្រៅបា ន។ ការដោះស្រាយនៅក្នុងស្រុកនេះ បានរយៈពេលខ្លីប៉ុណ្ណោះ» លោក អ៊ុន ថេង បញ្ជាក់ ។

ចំពោះការចុះទិញមៀនប៉ៃលិនរបស់ក្រុមការងារសម្តេចនាយករដ្ឋមន្រ្តី វិញ នៅខេត្តបាត់ដំបង កសិករព្រមព្រៀងលក់ក្នុងតម្លៃ ១ ៨០០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់ការបេះនៅចម្ការ បើដឹកទៅដល់ទីតាំងស្តុករបស់ក្រុមការងារ នៅទីលានបាល់ទាត់វាលបែកចាន មានតម្លៃ ២ ៥០០ រៀល ក្នុងមួយគីឡូក្រាម ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា ដើម្បីឲ្យសម្រេចបានជោគជ័យក្នុងការប្រមូលទិញតាង៉ែន តាមការណែនាំពីប្រមុខដឹកនាំរាជរដ្ឋាភិបាល រដ្ឋបាលខេត្តបាត់ដំបង បានចូលរួមសហការជាមួយក្រុមការងារសម្តេចតេជោ ដោយបានណែនាំដល់រដ្ឋបាលស្រុកទាំង ៦ របស់ខេត្តបាត់ដំបង ដែលមានដាំដំណាំផ្លែមៀនប៉ៃលិន គឺស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត រតនៈមណ្ឌល និងស្រុកបាណន់ និងស្រុកមួយចំនួនទៀត ក្នុងការជូនដំណឹងដល់កសិករក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានដឹងពីសកម្មភាពចុះទិញនេះ ។

ការប្រមូលផលផ្លែមៀនកសិករថា មានចាប់ពីពេលនេះរហូតដល់ចុងឆ្នាំឯណោះ ។ លោក សួស ស៊ីយ៉ាត ប្រធានសមាគម កសិកម្មផលិតមៀនប៉ៃលិនបានឱ្យដឹងថា តម្លៃមៀនប៉ៃលិនសព្វថ្ងៃនេះ មិនដូចពេលមុននោះទេ តែគ្រាន់ថា បានជួយសម្រួលដល់កសិករមិនឱ្យទុកមៀនខូចចោល ។ លោកបន្តថា «ការដំាដុះមៀនប៉ៃលិន ភាគច្រើនបងប្អូននៅក្នុងសមាគមខ្ចីលុយមកពីខាងធនាគារយកមកប្រើប្រាស់ បើសិនជាមានហាននិភ័យ ខ្ញុំគិតថា មិនអាចរកលុយទៅបង់ប្រាក់ឱ្យខាងធនាគារគ្រប់គ្រាន់នោះទេ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ