សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា អង្គការគ្រប់គ្រងការហោះហើរ និងអវកាសសហរដ្ឋអាមេរិក (NASA) បង្កើតអង្គភាពការពារផែនដីពីផ្កាយព្រះគ្រោះ និងផ្កាយដុះកន្ទុយ ។
អង្គភាពនោះនឹងពិនិត្យលើវត្ថុដែលអាចបង្កគ្រោះថ្នាក់បុកផែនដីឱ្យដឹងមុន ដោយវត្ថុទាំងនោះរួមមានផ្កាយព្រះគ្រោះ និងផ្កាយដុះកន្ទុយដែលចូលក្បែរផែនដីក្នុងរយៈចម្ងាយ០,០៥តារាសាស្ត្រផែនដី ឬប្រហែល១៥០លានគីឡូម៉ែត្រ និងមានទំហំប្រហែលពី៣០ទៅ៥០ម៉ែត្រ ។ ក្រៅពីនេះពួកគេប្រកាសអាសន្នទាក់ទងនឹងផ្កាយព្រះគ្រោះនោះ ឬព្យាយាមធ្វើយ៉ាងណាឱ្យផ្កាយបង្វែរទិស ប៉ុន្តែប្រសិនបើហួសពេលនឹងឃើញកម្ទេចផ្កាយព្រះគ្រោះកំពុងឆ្ពោះទៅបុកផែនដី ក្រុមការងារនិងសហការជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីរៀបចំផែនការទប់ទល់នឹងកម្លាំងប៉ះទង្គិចដែលកើតឡើង ។
ផ្កាយព្រះគ្រោះធុនតូច និងផ្កាយដុះកន្ទុយ គឺជាបំណែកនៅសេសសល់ពីយុគសម័យមុននៃប្រព័ន្ធសុរិយចក្កវាឡកាលពី៤,៦ពាន់លានឆ្នាំមុន ដោយផ្កាយព្រះគ្រោះមានទំហំជាច្រើន ហើយភាគច្រើនគោចរនៅជុំវិញព្រះអាទិត្យក្នុងតំបន់ដែលហៅថា «ខ្សែក្រវាត់ផ្កាយព្រះគ្រោះតូច» ស្ថិតនៅចន្លោះពីផ្កាយព្រះអង្គារ និងផ្កាយព្រហស្បតិ៍ ។ សម្រាប់ផ្កាយព្រះគ្រោះតូចដែលមានអង្កត់ផ្ចិតជាង១គីឡូម៉ែត្រ មានប្រវែង១,១ទៅ១,៩លានដួង និងមានទំហំតូចជាងនេះជាច្រើនលានដួងទៀត ។
បច្ចុប្បន្នអ្នកតារាសាស្ត្រពិនិត្យឃើញមានវត្ថុនៅក្បែរផែនដីច្រើនជាង១៣.៥០០បំណែក និងមានការកើនឡើងក្នុងមួួយឆ្នាំជាង១.៥០០បំណែក ៕
ចែករំលែកព័តមាននេះ