ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រកួតកីឡាអេឡិចត្រូនិកលីគថ្នាក់ជាតិដំបូងនៅកម្ពុជា រកឃើញ៤ក្រុមឡើងទៅវគ្គបន្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៤​ថ្ងៃ​លើ​វិញ្ញាសា​Mobile Legends Bang Bang​

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៤​ថ្ងៃ​លើ​វិញ្ញាសា​Mobile Legends Bang Bang​ទីបំផុត​គេ​បាន​រក​ឃើញ​ហើយ​ក្រុម​ខ្លាំង​ចំនួន​៤​ដែល​បាន​កក់​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍​កីឡា​អេ​ឡិច​ត្រូ​និក​លី​គ​អាជីព​ថ្នាក់​ជាតិ​ដំបូង​បង្អស់​នៅ​កម្ពុជា រដូវ​កាល​ទី​១​។

តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​ប្រកួត​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​លី​គ​អាជីព​ថ្នាក់​ជាតិ​រដូវ​កាល​ទី​១​នេះ គ្រាន់តែ​ធ្វើការ​ប្រកាស​ផ្សព្វផ្សាយ​ភ្លាម​មានការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ពី​អ្នក​ស្រឡាញ់​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និករ​ហូត​ដល់​ទៅ​៦៣៦​ក្រុម​ឯណោះ​ ។ ​ប៉ុន្តែ​គណៈកម្មការ​ប្រកួត​ធ្វើការ​ចម្រាញ់ ជ្រើសរើស​យក​ត្រឹមតែ​២៥៦​ក្រុម​ប៉ុណ្ណោះ​ ​ហើយ​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​ទៀត​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​៤​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១១​ សីហា​ ឆ្នាំ​២០២១ ​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន​១៦​ឈាន​ទៅ​ប្រជែង​យក​កៅអី​៤​ក្រុម​ចុង​ក្រោយ ដែល​ការ​ប្រកួត​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១២​ ដល់​១៥ ​សីហា រហូត​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៤​តាម​ការ​កំណត់​របស់​គណៈកម្មការ​ប្រកួត​សម្រាប់​ប្រជែង​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​រួម​មាន​ ក្រុម DG Quantum, ក្រុម FENNEC Esport,
ក្រុម Notorious Angels និង​ក្រុម Wolker Esport។

គណៈកម្មការ​ប្រកួត​បានឱ្យ​ដឹង​ទៀត​ថា​ក្នុង​ចំណោម​ក្រុម​ទាំង​៤​ខាងលើ​ដែល​បាន​ឈ្នះ​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​រាប់រយ​ក្រុម ហើយ​បាន​បន្តដំណើរ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​នេះ​ទៀត ទោះបី​ក្រុម​ខ្លះ​ទើបតែ​បាន​បង្កើត​ឡើង​មែន​តែ​សមាជិក​ក្រុម​និ​មួយ​ៗ​សុទ្ធសឹងតែ​ជា​អ្នក​ដែល​មានបទពិសោធន៍​ខ្ពស់ ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​រាប់​មិន​អស់ទាំង​ក្នុងស្រុក​និង​នៅ​លើ​ឆាក​អន្តរជាតិ​ ។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ក្រុម​ទាំង​៤​ខាងលើ​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​ជា​បន្ត​ទៀត​ជាមួយ​ក្រុម​ខ្លាំង​រៀមច្បង​ចំនួន​៤​ទៀត​ដែល​កំពុង​តែ​ឈរ​រង់ចាំ​គឺ​ក្រុម​Impunity KH,SeeyouSoon,NewBlood និង​ក្រុម​Burn Gaming​ ។ ​ដូច្នេះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ចុង​ក្រោយ​នេះ​គឺជា​ការ​ប្រជែង​គ្នា​យ៉ាង​ខ្លាំងក្លា​បំផុត ដែល​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៨ ​សីហា​ រហូត​ដល់​ថ្ងៃ​ទី​១៩​ កញ្ញា ឆ្នាំ​២០២១ ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ ស្វែងរក​ម្ចាស់​ជើងឯក​កីឡា​អេ​ឡិច​ត្រូ​និក​លី​គ​ថ្នាក់​ជាតិ​រដូវ​កាល​ទី​១​នេះ តំណាង​ឱ្យ​កម្ពុជា​សម្រាប់​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នៃ​ព្រឹត្តិការណ៍​M3 World Championship​ចុងឆ្នាំ​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ