ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវធ្វើ គ្មានគុណភាព អាជ្ញាធរឃុំ បដិសេធមិន​ទទួលយក តែមួយសន្ទុះក្រោយមក ព្រមទទួល​យកវិញ

2 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង៖ អាជ្ញាធរឃុំព្រែកក្របៅ នៃស្រុកពាមជរ ខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ បានបដិសេធ មិនទទួលយក​ផ្លូវក្រាលខ្សាច់ភ្នំ ជិត ១០ខ្សែ ប្រវែងសរុប…

ព្រៃវែង៖ អាជ្ញាធរឃុំព្រែកក្របៅ នៃស្រុកពាមជរ ខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ បានបដិសេធ មិនទទួលយក​ផ្លូវក្រាលខ្សាច់ភ្នំ ជិត ១០ខ្សែ ប្រវែងសរុប ៤៨០០ម៉ែត្រ ដែលទើបធ្វើរួច ដោយក្រុមហ៊ុនម៉ៅការ ឆេង អេងស្រ៊ុន ហើយទាមទារអោយក្រុមហ៊ុននេះ ធ្វើផ្លូវឡើងវិញ។

លោក ញ៉ែម ណេត មេឃុំព្រែកក្របៅ បានអោយកោះសន្តិភាពដឹងថា ក្រុមហ៊ុន ឆេង អេងស្រ៊ុន បានទទួលម៉ៅការ​ធ្វើផ្លូវក្រាលខ្សាច់ភ្នំ ក្នុងឃុំព្រែកក្របៅ ដោយក្នុងកុងត្រា គឺផ្លូវបណ្តោយប្រវែង ៤៨០០ម៉ែត្រ ទទឹង ៣,៦ម៉ែត្រ និងចាក់ក្រាលខ្សាច់ភ្នំ កំរ៉ាស់ ១តឹក ប៉ុន្តែ​ពេលធ្វើជាក់ស្តែង ក្រុមហ៊ុន បានលួចកេងបន្លំ ចាក់ខ្សាច់ មិនដល់កន្លះតឹកទេ ហើយកន្លែងខ្លះ គឺស្តើងស្ទើរតែគ្មានខ្សាច់សោះ។ ដូច្នេះហើយទើបគណៈកម្មការលទ្ធកម្មឃុំ ដែលជាម្ចាស់គំរោង បដិសេធមិនទទួលយក ហើយទាមទារអោយក្រុមហ៊ុនធ្វើឡើងវិញ អោយត្រឹមត្រូវ និងគ្រប់ស្តង់ដារ។

ដោយឡែក ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកក្របៅ បានអោយដឹងដែរថា ក្រុមហ៊ុន ឆេង អេងស្រ៊ុន ធ្វើផ្លូវគ្មានគុណភាព និងខុសស្តង់ដារ ដោយសារតែកេងយកចំណេញច្រើនពេក «ចាក់ស្តើងស៊ីក្រាស់» ហើយឃើញខាងអាជ្ញាធរឃុំ បដិសេធ មិនទទួលយក និងទាមទារអោយក្រុមហ៊ុនធ្វើឡើងវិញ ពួកគាត់ជាប្រជាពលរដ្ឋត្រេកអរណាស់។

ប៉ុន្តែការត្រេកអរនេះ បានតែមួយភ្លែត ក៏ក្លាយទៅជាការខកចិត្តវិញ ព្រោះពេលក្រុមហ៊ុន គេមកធ្វើឡើងវិញ គឺគេគ្រាន់តែមកចាក់ខ្សាច់ថែម ១ឡាន ឈូសគៀរតិចៗ កន្លែង ដែលទាប រួចក៏ថា ធ្វើឡើងវិញរួចហើយ។ ចំណែកខាងអាជ្ញាធរឃុំ មិនដឹងយ៉ាងម៉េច ក៏ព្រមទទួលយកទៀត ទាំងដែលផ្លូវនៅដដែល គ្មានគុណភាព គ្មានស្តង់ដារ ធ្វើអោយពួកគាត់ ជាប្រជាពលរដ្ឋ មានការងឿងឆ្ងល់ជាខ្លាំង តែមិនដឹងសួរអ្នកណា។

ជុំវិញរឿងធ្វើផ្លូវគ្មានគុណភាពនេះ អ្នកយកព័ត៌មានកោះសន្តិភាព បានព្យាយាមទាក់ទងទៅលោក ឆេង អេងស្រ៊ា ម្ចាស់ក្រុមហ៊ុន ឆេង អេងស្រ៊ុន ជាច្រើនដង ដើម្បីសុំការបំភ្លឺ។ ប៉ុន្តែមិនអាចទាក់ទងបាន ដោយសារតែទូរសព្ទរបស់លោក ខលចូលហើយ គ្មានអ្នកទទួល។

ប៉ុន្តែលោក ញ៉ែម ណេត បានបញ្ជាក់ នៅព្រឹកថ្ងៃទី១៨សីហានេះថា ការព្រមទទួលយកផ្លូវនេះ គឺមានការឯកភាពគ្នាពី​គណៈកម្មការលទ្ធកម្មឃុំ មន្រ្តីបច្ចេកទេសស្រុក និងខេត្តផងដែរ ហើយពេលនេះ ឃុំបានបើកលុយអោយក្រុមហ៊ុនចំនួន ៨០% រួចហើយ នៅសល់ ២០%​ទៀត គឺ​ទុក​សំរាប់​ការជួសជុល ក្នុងករណី​មាន​ផ្លូវ​ខូច ក្នុងអំឡុងពេល ៦​ខែ​ទៅមុខ​៕ សុំ ពៅ​ពិសិដ្ឋ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ