ខេត្តមណ្ឌលគិរី៖ ស្ថានភាពរាលដាលជំងឺកូវីដ១៩ នៅស្រុកកោះញែក កំពុងឈានដល់ការផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយធំ ហើយភ្លាមៗ អាជ្ញាធរខេត្តមណ្ឌលគិរី បានចាត់វិធានការបន្ទាន់ ដោយចុះធ្វើតេស្តយកសំណាកបងប្អូនប្រជាពលរដ្ឋជាច្រើនភូមិ និងបិទខ្ទប់តំបន់មួយចំនួន ជាពិសេសផ្សារស្រុកកោះញែក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាបន្ត។
គិតត្រឹមល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ស្រុកកោះញែក បានក្លាយជាតំបន់ផ្ទុះករណីកូវីដ១៩ នាំមុខគេ ក្នុងខេត្តមណ្ឌលគិរី ដែលមានចំនួនអ្នកវិជ្ជមាន រហូតដល់ ១០៤ករណី (ប៉ុណ្ណោះអាសន្ន គិតត្រឹមថ្ងៃ១៧) ក្នុងមួយថ្ងៃ ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខភាពសាធារណៈ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ករណីផ្ទុះរីករាលដាលជំងឺខូវីដ១៩ ក្នុងសហគមន៍ ក្នុងស្រុកកោះញែក ដែលបានរីករាលដាលរហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់បែបនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងការគោរពតាមវិធានការសុខាភិបាល និងវិធានការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេសវិធានការរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីចម្លងកូវីដ១៩ ក្នុងសហគមន៍ក្នុងភូមិទួល ឃុំស្រែហ៊ុយ និងភូមិមួយចំនួនទៀត ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីនេះ បានកើតឡើងភ្លាមៗ ក្រោយមានពិធីបុណ្យសពមួយរបស់បងប្អូនជនជាតិដើមភាគតិច ក្នុងមូលដ្ឋាន ដោយពួកគាត់ បានចូលរួមប្រារព្ធពិធីបុណ្យសពនោះ មានការជួបជុំផឹកស៊ី តាមបែបប្រពៃណី មិនត្រឹមតែប៉ុណ្ណោះគឺមានការផឹកស្រាពាង ដែលតម្រូវបឺតទុយោរួមគ្នាបន្តពីម្នាក់ទៅម្នាក់ ទើបបង្កហានិភ័យ ក្នុងការឆ្លងជំងឺកូវីដ ក្នុងសហគមន៍យ៉ាងឆាប់រហ័សបែបនេះ។ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្ត ដែលដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង បានចុះភ្លាមៗ ដល់មូលដ្ឋានស្រុកកោះញែក ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ជាបន្ត ហើយតំបន់ ដែលមានការប្រឈមខ្ពស់ ត្រូវបានបិទខ្ទប់៕
ចែករំលែកព័តមាននេះ