ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករក្នុងតំបន់មួយរបស់ខេត្តកំពង់ស្ពឺ អស់សង្ឃឹមពីចំណូលស្រូវនៅឆ្នាំនេះ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កសិករជាច្រើនគ្រួសារនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានត្អូញត្អែរ ដែលហាក់បាត់ការរំពឹងដ៏ច្រើនទៅលើការធ្វើស្រែស្រូវនៅឆ្នាំនេះ ព្រោះតែមិនមានភ្លៀងធ្លាក់ ធ្វើឱ្យស្រូវ និងដំណាំនានាងាប់…

ខេត្តកំពង់ស្ពឺ ៖ កសិករជាច្រើនគ្រួសារនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានត្អូញត្អែរ ដែលហាក់បាត់ការរំពឹងដ៏ច្រើនទៅលើការធ្វើស្រែស្រូវនៅឆ្នាំនេះ ព្រោះតែមិនមានភ្លៀងធ្លាក់ ធ្វើឱ្យស្រូវ និងដំណាំនានាងាប់ ក្រិន និងមិនលូតលាស់បានល្អ ពិសេសស្រូវរបស់ពួកគាត់តែម្តង ។ កសិករថា ដីប្រែជារឹងស្ងួត ហើយវាលស្រែដែលគួរតែមានពណ៌ខៀវស្រងាត់នៅពេលនេះ បែរជាជំនួសវិញដោយស្មៅដុះក្រាស់ឃ្មឹក សឹងតែមើលដើមស្រូវមិនឃើញ ។

អ្នកស្រី យ៉ិន កសិករមួយរូបបាននិយាយទាំងទឹកមុខស្រពោន ហាក់អស់សង្ឃឹមថា ដោយ​សារមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ ហើយមេឃកាន់តែក្តៅខ្លាំងទៀត បានធ្វើឱ្យសំណាបងាប់ និងមានតែស្មៅដុះ នៅវាលស្រែមិនមានទឹកដើម្បីដកស្ទូងឡើយ ។ អ្នកស្រីនិយាយឲ្យដឹងថា កសិករភាគច្រើនគឺលែងដកស្ទូងហើយ គឺធ្វើស្រូវព្រួសតែម្តង ។ «ប៉ុន្មានឆ្នាំនេះការធ្វើស្រែមិនសូវបានផលសោះ ព្រោះតែមិនមានភ្លៀងធ្លាក់ទៀងទាត់តាមរដូវកាល» អ្នកស្រី យ៉ិន បានត្អូញត្អែរ ។

កសិករមួយរូបទៀតដែលគ្រួសារពឹងផ្អែកលើស្រែ ដើម្បីទុកជាស្បៀង និងសម្រាប់លក់ផងនោះ អ្នកស្រី សុខ ភន ថាគ្មានភ្លៀងបានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវរបស់គាត់ជាខ្លាំង ។ មិនមែនមានតែស្រែរបស់គាត់ទេ ដែលស្រូវងាប់នោះ ស្រែអ្នកភូមិជាច្រើនក៏ដូចគ្នា ។ ស្រែមួយចំនួនតូចត្រូវបានភ្ជួរចោល និងចងគោឱ្យស៊ីទៀតផង ។ កសិកររូបនេះបញ្ជាក់ថា ឆ្នាំនេះមិនរំពឹងទេ បើឆ្នាំមុនៗរំពឹងខ្លះ ព្រោះមានស្រះទឹកបូមដាក់ តែឆ្នាំនេះអត់ទាំងទឹកភ្លៀង អត់ទាំងទឹកស្រះ ។

ជាការកត់សម្គាល់ដោយសារគ្មានប្រលាយទឹក ការដាំដុះរបស់កសិករនៅក្នុងមូលដ្ឋាននេះ ពឹងលើការទឹកភ្លៀង មានភ្លៀងស្រូវលូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់ដល់កសិករ គ្មានភ្លៀវកសិករខាតបង់កម្លំាង និងលុយ ។ នៅពេលនេះគេសង្កេតឃើញកសិករខ្លះខំព្យាយាមបូមទឹកពីស្រះ ត្រពាំងដាក់បញ្ចូលក្នុងស្រែ និងប្រើប្រាស់ជីជំនួយ ដើម្បីស្រោចស្រង់ជីវិតស្រូវរបស់ពួកគាត់ឱ្យរស់ឡើងវិញ ។

ការពីដើមខែកក្កដាកន្លងមកនេះ ក្រសួងកសិកម្មបានបង្ហាញពីល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ ២០២១ នេះ សម្រេចបាន ៧៦,០១ ភាគរយនៃផែនការ ។ ទន្ទឹមនឹងនេះ ក្រសួងបានណែនាំដល់អង្គភាពជំនាញក្រោមឱវាទរួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំងអស់ឱ្យខិតខំជំរុញប្រជាកសិករក្នុងការរៀបចំដី ភ្ជួររាស់ សាប ព្រោះ តាមបច្ចេកទេសកសិកម្មសមស្រប ដើម្បីឲ្យទាន់រដូវកាលដាំដុះផងដែរ ៕ ដោយ ៖ លាក់ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ