ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមត្រៀម ! ចាប់ពីថ្ងៃទី១៨ ដល់២៤ សីហា តំបន់មួយចំនួនមានភ្លៀងពីតិចទៅច្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០២១​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២៤​សីហា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០២១​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២៤​សីហា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៨-២៤ ខែសីហា ឆ្នាំ​២០២១​បាន​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ខ្សោយ ។

ក្រសួង​លើក​ឡើង​ទៀត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧​អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥​អង្សា​សេ ។

ក្រសួង​បន្ត​ថា ចាប់ពី ថ្ងៃ​ទី​១៨-២០ ខែសីហា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​ប៉ៃលិន ខេត្តពោធិ៍សាត់ និង​ខេត្តសៀមរាប នឹង​អាច​មាន​ភ្លៀង​កម្រិត​ខ្សោយ ។ ចំណែក​បណ្តា​ខេត្ត​ដទៃ​ទៀត​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

នៅ​ថ្ងៃ​ទី​២១-២៤ ខែសីហា បណ្ដា​ខេត្ត​ភាគច្រើន​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។ ព្រម​ជាមួយ​នោះ​ក៏​អាច​មាន​បណ្តា​ខេត្ត​ខ្លះ​ទៀត​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ។

ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ អង្សា​សេ​អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ អង្សា​សេ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ