ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ចុះ​យក​សំណាក​អាជីវករ និង​ពលរដ្ឋ​ក្នុង​ផ្សារ ព្រមទាំង​បិទ​ផ្សារ​សែន​មនោ​រម្យ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ សហការ​ជាមួយ​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី បាន​ចុះ​យក​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​អាជីវករ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ផ្សារ

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ សហការ​ជាមួយ​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី បាន​ចុះ​យក​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​អាជីវករ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ផ្សារ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២១ ក្រោយ​មាន​ករណី​ផ្ទុះ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​។

ដំណើរការ​នៃ​សកម្មភាព​ប្រកប​របរ​ទិញ​លក់ ម្ហូបអាហារ ត្រី​សាច់ បន្លែ​ផ្លែ​ឈើ ក្នុង​ផ្សារ​សែន​មនោ​រម្យ ដែល​ជា​មណ្ឌល​សេដ្ឋកិច្ច​ធំ​ជាងគេ​ប្រចាំ​ខេត្តមណ្ឌលគិរី ត្រូវ​បាន​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន ហើយ​ផ្នែក​ខ្លះ​ទៀត​នៃ​ផ្សារ​ត្រូវ​បិទ​ខ្ទប់ ដោយសារ​តែ​កំណើន​អ្នក​វិជ្ជមាន​ក្នុង​សហគមន៍​បាន​ផ្ទុះ​រាលដាល​ជា​ច្រើន​ករណី​។

បើ​គិត​ត្រឹម​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២១​នេះ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ធ្វើតេស្ត​ទៅ​លើ​ប្រជាពលរដ្ឋ និង​អាជីវករ ក្នុង​ផ្សារ​សែន​មនោ​រម្យ​ចំនួន​២៦៥​នាក់ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ និង​ប្រុស​ម្នាក់​។

លោក ហៀ​ក សុ​ផា​ន អភិបាលក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២១​នេះ​ថា ស្ថានភាព​រួម​នៃ​ការ​រីក​រាល​ដាល​កូ​វី​១៩ ក្នុង​ក្រុង​សែន​មនោ​រម្យ គិត​ត្រឹម​ថ្ងៃ​ទី​១៤ មាន​អ្នក​វិជ្ជមាន​ចំនួន ២៩៦​នាក់ ដែល​ក្នុង​នោះ​ឃើញ​ថា មួយ​ផ្នែក​នៃ​ភូម​ចំបក់ ដែល​រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តីសម្រេច​បិទ​ខ្ទប់​កាលពី​ថ្ងៃ​ទី​០១ ខែសីហា​នេះ ដែល​មានផ្ទះ​ជួល​៥៧​បន្ទប់ និង​យើង​ឃើញ​ថា មាន​អ្នក​វិជ្ជមាន​រហូត​ដល់​ពេល​នេះ​ប្រហែល​៦០​នាក់​ជាង ។

លោក​អភិបាលក្រុង​បន្ត​ថា សម្រាប់​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​៥៧​បន្ទប់​នេះ មាន​ប្រជាពលរដ្ឋ​សរុប ២១៨ នាក់ ក្នុង​នោះ​ស្រី​១០១​នាក់ ហើយ​បងប្អូន​នៅផ្ទះ​ជួល​ហ្នឹង ហើយ​ភាគច្រើន​ជា​អ្នក​លក់ដូរ និង​មាន​មួយ​ចំនួន​លក់ដូរ​តាម​ម៉ូតូ​ទៅ​តាម​ភូមិ​ទៀត អ​ញ្ចឹ​ង​ឃើញ​ថា តំបន់​នេះ​ជា​តំបន់​ក្រហម ។

ហើយ​សម្រាប់​ការ​រៀបចំ​យក​សំណាក​នៅ​ក្នុង​ផ្សារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ដោយសារ​តែ​ស្ថានភាព​នៅ​ខាងក្រោយ​ផ្សារ មាននៅ​តំបន់​ក្រហម​មាន​អ្នក​វិជ្ជមាន​ច្រើន ហើយ​គាត់​មានការ​ចេញ​-​ចូល​ខ្លះ​នៅ​ក្នុង​ផ្សារ អ៊ីចឹង​បាន​ក្រុម​គ្រូពេទ្យ និង​រដ្ឋបាល​ក្រុង សម្រេច​បន្ត​យក​សំណាក​ធ្វើតេស្ត​បន្ថែម​។

គិត​ត្រឹម​វេលា​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា​នេះ ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩​នៅ​ខេត្តមណ្ឌលគិរី មាន​៤៨២​ករណី ជា​សះស្បើយ​២៨៤​ករណី កំពុង​សម្រាក​ព្យាបាល​ចំនួន​១៩៥​ករណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ