ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​​ជំងឺ​កូ​វី​ដ​១៩ ​កំពុង​ឆ្លង​រាលដាល​លើ​មនុស្សស្រាប់តែ​មាន​ករណី​ផ្ទុះ​ជំងឺ​ដុំ​ពក​លើ​សត្វពាហនៈ​ទៀត

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តពោធិ៍សាត់ លោក​ផាត់ សា​រុន បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១០​ខែសីហា ឆ្នាំ​២០២១​នេះ…

ខេត្តពោធិ៍សាត់ ៖ ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តពោធិ៍សាត់ លោក​ផាត់ សា​រុន បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១០​ខែសីហា ឆ្នាំ​២០២១​នេះ មានស្រុក​ចំនួន​០៥ គឺ​ស្រុក​តា​លោ​សែន​ជ័យ ស្រុក​បាកាន ស្រុក​កណ្តៀង ស្រុក​ភ្នំ​ក្រ​វ៉ា​ញ និង​ក្រុង​ពោធិ៍សាត់ បាន​ផ្ទុះ​ឡើង​នូវ​ជំងឺ​ដុំ​ពក​លើ​សត្វ​គោ ក្របី ដែល​ជា​ជំងឺឆ្លង​ប្រភេទ​ថ្មី​នៅ​កម្ពុជា​យើង ។

លោក​ប្រធាន​ការិយាល័យ បាន​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី ប្រភេទ​ថ្មី​នេះ​(​ហៅ​កាត់ LSD) បង្ក​ឡើង​ដោយ​វីរុស​ក្នុង​គ្រួសារ Poxviridae​ក្រុម​Capripoxvirus ។ វីរុស​នេះ មាន​ភាព​ធន់​ជាមួយនឹង​បរិស្ថាន ហើយ​អាចរ​ស់បាន​យូរ​ចាប់ពី​០៣​ខែ​ឡើង​ទៅ​នៅ​លើ​កំណក​កមរមាស់​លើ​ស្បែក​គោ និង​ក្របី ។

លោក​ប្រធាន​ការិយាល័យ​ខេត្ត​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​នេះ​បាន​ផ្ទុះ​ជា​លើក​ដំបូង​នៅ​ប្រទេស​ស៊ាំ​ប៊ី​ក ក្នុង​ឆ្នាំ​១៩២៩ ហើយ​ក៏​បាន​ឆ្លង​រាលដាល​នៅ​ទ្វីបអាហ្វ្រិក ម​ជ្ឈឹ​ម​បូព៌ា អឺរ៉ុប​ប៉ែក​អាគ្នេយ៍ អាស៊ី​កណ្តាល អាស៊ី​ខាងត្បូង និង​ប្រទេស​ចិន ដែល​បង្ក​ការ​ខូចខាត​ដ៏​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​កសិករ​ចិញ្ចឹមសត្វ និង​សេដ្ឋកិច្ចជាតិ ។ ជំងឺ​នេះ​ឆ្លង​រាលដាល​ក្នុង​ប្រទេស​វៀតណាម ប្រទេស​ឡាវ និង​ប្រទេស​ថៃ ក្នុង​អំឡុង​ឆ្នាំ​២០២០ រហូត​មក​ដល់​ខែកក្កដា ឆ្នាំ​២០២១​នេះ ។

ចំណែក​នៅ​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​ផ្ទុះ​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី​នេះ នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២១​នេះ ដំបូង​នៅ​ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និង​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​ចំនួន​ទៀត ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជំងឺ​នេះ​ឆ្លង​តាម​រយ​:​សត្វល្អិត​ប៊ឺ​ត​ជញ្ជក់​ឈាម​ដូច​ជា មួ​ស តា​បោ​ម រុយ សង្កែ ការ​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល ការ​បង្កាត់​ពូជ ឬ​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​សត្វ និង​សម្ភារ​:​បរិក្ខា​បសុព្យាបាល​ជាដើម ។

រោគ​សញ្ញា​សំ​គាស់​ជំងឺ​នេះ គឺ​ធ្វើ​ឲ្យ​គោ ក្របី មាន​អាការ​:​គ្រុនក្តៅ (​កំ​ដៅ​ឡើង​ដល់​៤១​អង្សា​សេ ចេញ​ដុំ​ពក​មូល​ៗ​លើ​ស្បែក​ពាសពេញ​ខ្លូ​ន ទឹកមុខ​ស្រងូតស្រងាត់ មិន​ស៊ី​ចំណី ហៀរ​សំបោរ ហៀរ​ទឹកមាត់ ពងបែក​បង្ក​ជា​ដំបៅ​ក្នុង​មាត់ ប្រព័ន្ធ​រំលាយ​អាហារ បំពង់ខ្យល់​និង​សួត និង​អាច​ងាប់​បើ​យើង​មិន​បាន​ព្យាបាល​ទាន់​ពេលវេលា​ទេ​នោះ ពិសេស​កូន​តូច​ៗ ។ ចំពោះ​សត្វ​ឈ្មោល​អាច​បាត់បង់​សមត្ថភាព​បង្ក​កំណើត និង​មេ​ផើម​អាច​រលូត​កូន​បាន ។ វា​អាច​ជា​សះស្បើយ​បន្តិច​ម្តង​ៗ​ក្នុងអំឡុងពេល​ពី​០២​ទៅ​០៣​ស​ប្តា​ហ៍ ប៉ុន្តែ​ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្យ​ទេ​។

ចំពោះ​វិធាន​ការពារ​និង​ទប់​ស្តា​ត់ គឺ​ត្រូវ​ឲ្យ​សត្វ​គោ ឬ​ក្របី​ដេក​ក្នុង​ក្រោល ដែល​មាន​ហ៊ុម​ព័ទ្ធ​មុង​ត្រឹមត្រូវ បោសសំអាត​ក្រោល​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ មាន​ពន្លឺ​ចេញចូល​គ្រប់គ្រាន់ និង​ដុត​ធូប​មួ​ស​ឬ​ដុត​ភ្នក់​ផ្សែង​ដើម្បី​បណ្តេញ​មុ​ស​និង​ស​ត្ខ​ល្អិត ។ បើ​សត្វ​គោ​ឬ​ក្របី មាន​រោគ​សញ្ញា​ដុំ​ពក​លើ​ស្បែក​ត្រូវ​ប្រ​ញ៉ាប់​រាយការណ៍​ជា​បន្ទាន់​ដល់​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ ដើម្បី​មាន​វី​ធាន​ទប់​ស្តា​ត់​ការ​ឆ្លង​រាលដាល និង​ព្យាបាល​ទាន់​ពេលវេលា​។

លោក​ផាត់ សា​រុន បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី​នេះ ក្រសួងកសិកម្មរ​ក្ខា​ប្រមាញ់ និង​នេសាទ អគ្គ​នាយ​ដ្ឋា​ន​សុខភាព​សត្វ និង​សុខភាព​សាធារណ​:​បសុព្យាបាល ក៏​ដូច​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ទាំង​២៥​ខេត្ត​ក្រុង បាន​ចុះ​ផ្សព្វផ្សាយ​វិធានការ​បង្កា​ទប់ស្កាត់​ការពារ​និង​ព្យាបាល​គោ ក្របី​ជូន​កសិករ​អ្នក​ចិញ្ចឹមសត្វ ក្នុង​នោះ​ក៏​មាន​សត្វ​ខ្លះ​ងាប់​និង​មួយ​ចំនួន​ធំ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​ផង​ដែរ​។

ដោយឡែក​នៅ​ខេត្តពោធិ៍សាត់ ចំពោះ​ស្រុក​ទាំង​០៥​ដែល​ផ្ទុះ​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី​នេះ គិត​ត្រឹម​ថ្ងៃ​ទី​១០​ខែសីហា​ឆ្នាំ​២០២១​សរុប​មាន​ចំនួន​៣៥៧​ក្បាល ងាប់​០៤​ក្បាល ឈឺ​ថ្មី​បន្ថែមចំនួន​៩០​ក្បាល និង​ជា​សះស្បើយ​ជា​បន្តបន្ទាប់​ចំនួន​១៣៤​ក្បាល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ