ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីមានការលើកឡើងក្នុងបណ្តាញសង្គមហ្វេសបុក ដែលសុំឱ្យជួយសិស្សស្រីក្រីក្រម្នាក់ កំពុងខ្វះខាតថវិការៀនសូត្រ ដោយនាងខិតខំប្រឹងប្រែងរៀនសូត្ររហូតក្លាយជាសិស្សពូកែនៅថ្នាក់ទី១១ នៅវិទ្យាល័យព្រះបាទ សុរាម្រឹត ។
កាលពីវេលាព្រឹកថ្ងៃទី៧ មករា ២០១៦ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការទី១ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយលោកអ៊ុន សំអុល ប្រធានគណៈកម្មការ សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង រួមនិងមន្ត្រីកាកបាទក្រហម និងអាជ្ញាមូលដ្ឋានជាច្រើនរូបទៀត បានចុះទៅសាកសួរសុខទុក្ខ និងនាំយកអំណោយទៅផ្តល់ជូនសិស្សស្រីខាងលើ នៅភូមិស្រែអ៊ុក ឃុំតាំង ក្រសាំង ស្រុកទឹកផុស ។
យុវតីរូបនោះឈ្មោះសេន ជះ អាយុ១៨ឆ្នាំ មានសញ្ជាតិខ្មែរ-អ៊ិស្លាម បានរៀបរាប់ថា រូបនាងមានបងប្អូន៩នាក់ បែកទៅមានប្តី-
ប្រពន្ធអស់៤នាក់ នៅសល់៥នាក់ រួមទាំងរូបនាង ។ ម្តាយនាងបានស្លាប់យូរហើយ ចំណែកឪពុកបែកទៅមានប្រពន្ធទៀត មិនដែលគិតគូរកូនៗឡើយ ។ សព្វថ្ងៃនាងរៀនថា្នក់ទី១១ នៃវិទ្យាល័យព្រះបាទ សុរាម្រឹត ដោយបានចំណាត់ថ្នាក់លេខ១ លេខ២រាល់ខែ ។
ការរៀនសូត្ររបស់នាង គឺពឹងផ្អែកទៅលើបងៗ ជាអ្នកជួយចេញថ្លៃជួលផ្ទះឱ្យស្នាក់នៅរៀនសូត្រ និងសម្រាប់អាហារ រួមទាំងការទិញសម្ភាររៀនសូត្រ តែមិនគ្រប់គ្រាន់ទេ ខ្វះខាតខ្លាំងណាស់ ។ យូរៗនាងមកផ្ទះម្តង ដោយសុំម៉ូតូគេជិះដោយសារ ឬខ្ចីម៉ូតូគេជិះមកមើលផ្ទះម្តង ។ សិស្សស្រីរូបនោះបន្តថា ដោយសារឃើញជីវភាពក្រក្រីលំបាកបែបនេះ មានលោកពូម្នាក់គាត់អាណិត បានសុំថតរូបនាងបង្ហោះតាមហ្វេសបុក ទើបដឹងដល់ថ្នាក់លើ ហើយបានមកជួយនាង ដូចនៅថ្ងៃនេះមាន កាកបាទក្រហមកម្ពុជា ដែលបាននាំយកអំណោយមកជួយនាង ដែលកំពុងខ្វះខាត ។
ចែករំលែកព័តមាននេះ