ភ្នំពេញ៖ មេរោគចង្រៃកូវីដ១៩ មិនត្រឹមតែស៊ីសួតទេ វាថែមទាំងស៊ីខួរក្បាលមនុស្សថែមទៀត ដោយធ្វើអោយលេចចេញរោគសញ្ញាមួយចំនួន។ នេះបើតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ។
វេបសាយវេជ្ជសាស្ត្រ ដែលមានឈ្មោះថា Jama នៅប្រទេសអេមរិក បានចុះផ្សាយការសិក្សាស្រាវជ្រាវ ដែលនិយាយអំពីការវាយប្រហាររបស់មេរោគកូវីដ១៩ ទៅលើខួរក្បាលមនុស្ស។
វេបសាយនេះ និយាយថា អ្នកជំងឺខ្លះ មានរោគសញ្ញាបាត់ក្លិន ធ្លាក់ចុះការផ្ចង់អារម្មណ៍ ថប់បារម្ភ បាក់ទឹកចិត្ត ប្រកាច់ និងការប៉ងសម្លាប់ខ្លួន ជាដើម។
សញ្ញាទាំងនេះ បង្ហាញពីការខូចខាតទៅលើខួរក្បាល ដែលបណ្តាលមកពីមេរោគកូវីដ១៩។ មេរោគកូវីដ១៩ អាចចួលតាមចរន្តឈាម ទៅខួរក្បាល និងចូលដល់ជាលិកាខួរក្បាល។
នេះបង្ហាញពីគ្រោះថ្នាក់ធ្ងន់ធ្ងររបស់មេរោគកូវីដ១៩ ដោយវាមិនត្រឹមតែវាយប្រហារទៅលើសួតនោះទេ វាថែមទាំងអាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀត ដូចជាខួរក្បាលមនុស្ស ជាដើម។
ដូច្នេះយើងទាំងអស់គ្នា ត្រូវតែប្រយ័ត្នចំពោះមេរោគដ៏សាហាវនេះ ដោយចាក់វ៉ាក់សាំង ពាក់ម៉ាស់ លាងដៃអោយបានញឹកញាប់ រក្សាគម្លាតយ៉ាងតិចពីរម៉ែត្រ មិនធ្វើការជួបជុំមនុស្សច្រើន មិនចាប់ដៃ ឬអោបគ្នា មិនទៅកន្លែងបិទជិត ជាដើម៕
ចែករំលែកព័តមាននេះ