ខេត្តពោធិ៍សាត់ ៖ មន្ត្រីរាជការ ព្រះសង្ឃ ដូនជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបជិត៥០០០នាក់ មកពីក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង បានចូលរួមអបអរសាទរខួបទី៣៧ ថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ – ៧ មករា ២០១៦ ដែលប្រារព្វធ្វើនៅបុរីវប្បធម៌កោះសំពៅមាស ដោយមានការចូលរួមពីសំណាក់លោករដ្ឋមន្ត្រី ស៊ុយ សែម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ លោក ខូយ សុខាប្រធានគណបក្សខេត្ត លោក ម៉ៅ ធនិន អនុប្រធានគណបក្សខេត្ត ព្រមទាំងសមាជិក សមាជិកា គណបក្សជាច្រើនរូបទៀត ។
លោករដ្ឋមន្ត្រី ស៊ុយ សែម បានអានសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានរំឭកគុណថ្ងៃ៧មករា ជាថ្ងៃជ័យជំន្នះ លើរបបផ្ដាច់ការនៃពួកប៉ុលពត ។ ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស និងជាថ្ងៃចាប់ផ្ដើមកើតឡើងវិញនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ គ្រប់វិស័យរាប់ទាំងវិស័យសាសនាផងដែរ ។ បច្ចុប្បន្ន អ្នកណាដែលប្រឆាំងនឹងថ្ងៃ៧មករា អ្នកនោះគឺប៉ុលពត ។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រស់ក្នុងរបបដ៏ខ្មៅងងឹង និងយង់ឃ្នងនេះ ពួកអាវខ្មៅបង្ខំឲ្យប្រជាជនធ្វើការទាំងយប់ទាំងថ្ងៃ បង្អត់អាហារ ធ្វើទារុណកម្ម និងកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុតមកលើប្រជាជនស្លូតត្រង់ និស្សិត បញ្ញាវ័ន្ត អ្នកចំរៀង សូម្បីព្រះសង្ឃ និងកុមារតូចៗ ក៍ពួកវាមិនលើកលែងដែរ សរុបប្រមាណជាង៣លាននាក់ នេះបានចំជាទមិឡឥតសាសនា ។
ដោយសារតែថ្ងៃ៧ មករា ១៩៧៩ នេះហើយ ទើបប្រជាជនបានរស់រានមានជីវិតឡើងវិញ ហើយអ្វីៗក៍បានកើតឡើងពីពេលនោះមកដែរ ប្រទេសកម្ពុជាបានចាប់ផ្ដើមកសាងពីបាតដៃទទេក្នុងភ្នក់ភ្លើងសង្គ្រាមរ៉ាំរ៉ៃដែលមកដល់ពេលនេះមានរយៈពេល៣៧ឆ្នាំ និងបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ។ យើងទាំងអស់គ្នាត្រូវប្រឆាំងដាច់ខាតនូវការវិលត្រឡប់មកវិញនៃរបបបនប្រល័យពូជសាសន៍ប៉ុលពត និងត្រូវធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជារៀងរហូតនូវរាល់ការបោះឆ្នោត បើមិនដូចច្នេះទេ ប្រាកដជាមានការប្រែប្រួលជាមិនខាន ។ បើមានគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំនោះ ប្រទេសជាតិនឹងមានសុខសន្តិភាព មានការអភិវឌ្ព្យរីកចម្រើន ហើយប្រជាជនក៍រស់នៅដោយសុខដុមរម្យនាផងដែរ ។
ក្នុងឱកាសនេះដែរ ក៍មានការសម្ដែងរឿងខ្លី ស្ដីពីការធ្វើទារុណកម្មរបស់ពួកប៉ុលពត មកលើជាតិសាសន៍ឯង ដោយក្រុមសិល្បៈរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ការសូត្រកំណាព្យ បន្ទាប់មកគណៈអធិបតី បានធ្វើពិធីលែងសត្វព្រាប និងបង្ហោះប៉េងប៉ោងផងដែរ ៕
ចែករំលែកព័តមាននេះ