ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការនាំអង្ករ ១ លានតោនអាចមិនសម្រេចទៀតនៅឆ្នាំនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផែនការនាំអង្ករចេញរបស់កម្ពុជាឲ្យបាន ១ លានតោននៅឆ្នាំ ២០២១ នេះអាចមិនសម្រេចទៀត ។ មិនសម្រេចដោយសារនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះការនាំអង្កររបស់កម្ពុជាបានធ្លាក់ចុះដោយសារវិបត្តិកូវីដ ១៩…

រាជធានីភ្នំពេញ ៖ ផែនការនាំអង្ករចេញរបស់កម្ពុជាឲ្យបាន ១ លានតោននៅឆ្នាំ ២០២១ នេះអាចមិនសម្រេចទៀត ។ មិនសម្រេចដោយសារនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះការនាំអង្កររបស់កម្ពុជាបានធ្លាក់ចុះដោយសារវិបត្តិកូវីដ ១៩ ដែលធ្វើឲ្យការដឹកជញ្ជួនមានតម្លៃខ្ពស់ ។ សម្រប់ឆ្នាំ ២០២១ នេះ គិតត្រឹមរយៈពេល ៧ ខែ ការនាំចេញអង្ករខ្មែរបានប្រមាណជាង ៣០ តោន ថយចុះជាង ១១ ម៉ឺនតោន ឬស្មើប្រមាណជាង ២៧% បើប្រៀបធៀបនិងពេលដូចគ្នាឆ្នំា ២០២០ ។ ការនាំចេញអង្ករធ្លាក់ចុះនេះ អគ្គនាយករងក្រុមហ៊ុនអេមរុ រាយស៍ថាដោយសារតែតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃថ្លៃមួយទ្វេជា ៧ ទៅ ៨ ដង បើធៀបទៅនិងមុនៗ ។

លោក កាន់ គន្ធី អគ្គនាយករងនៃក្រុមហ៊ុន អេមរុ រាយស៍ ឲ្យដឹងនៅថ្ងៃទី ៣១ កក្កដានេះថា តម្លៃដឹកជញ្ជូនតាមកប៉ាល់វាឡើងថ្លៃខ្ពស់ ។ ការដឹកជញ្ជូនអង្ករទៅសហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងមួយកុងតឺន័រ ពី ៨.០០០ ទៅ ៩.០០០ ដុល្លារអាមេរិក ពោលវាមានតម្លៃថ្លៃជាងតម្លៃអង្ករទៅទៀត ហើយបញ្ហានេះកម្ពុជា ថៃនិងវៀតណាមជួបប្រទះដូចគ្នា ។ ប្រភពដដែលឲ្យដឹងថា កាលពីឆ្នាំមុនៗ ការដឹកជញ្ជួនអង្ករមួយកុងតឺន័រនាំចេញទៅអឺរ៉ុបថ្លៃតែ ១.៥០០ ដុល្លារតែឥឡូវឡើងដល់ ៨.០០០ ទៅ ៩.០០០ ដុល្លារ គឺឡើងថ្លៃមួយគុណ ៧ ទៅ ៨ ដង ខណៈដែលកុងតឺន័រមួយទូអាចដាក់អង្ករបានប្រមាណ ២៥ តោន ។

លោក កាន់ គន្ធី ឲ្យដឹងបន្តថា ដោយសារតម្លៃនៃការដឹកជញ្ជូនតាមកប៉ាល់ឡើងថ្លៃបែបនេះ ទើបធ្វើឱ្យការនំាចេញអង្ករក្នុងរយៈពេល ៦ ខែ និង ៧ ខែវាធ្លាក់ចុះ ហើយតម្លៃកាប៉ាល់ឡើងថ្លៃនេះ ចាប់ផ្តើមតំាងពីចុងឆ្នំា ២០២០ តែគ្រាន់ថាឥលូវនេះវាថ្លៃជាងពេលមុន ។

កម្ពុជាមានផែនការនាំចេញអង្ករឲ្យបាន ១ លានតោនៅឆ្នាំ ២០២១ នេះ ។ កាលពីឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករ និងស្រូវក្នុងបរិមាណសរុបជាង ៣,៥៨ លានតោន ស្មើរតម្លៃជាង ១,២៦ ពាន់លានដុល្លារ ក្នុងនោះអង្ករត្រូវបាននាំចេញជាផ្លូវការទៅប្រទេសចំនួន ៦០ ខណៈការនាំចេញស្រូវត្រូវបានធ្វើឡើងសម្រាប់ប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករសរុប ៦៩០ ៨២៩ តោន ដោយមានតម្លៃជិត ៥៣៩ លានដុល្លារ កើនឡើង ១១,៤០% បើធៀបនឹងឆ្នាំ ២០១៩ ។ ការធ្លាក់ចុះបរិមាណនាំចេញនាពេលនេះបាននាំឲ្យមានការសន្និដ្ឋានផែនការនាំចេញ ១ លានតោនទំនងមិនបានសម្រេចនៅក្នុងឆ្នាំនេះទេ ។ មានក្រុមហ៊ុនមិនតិចជាង ៧០ ទេ បានធ្វើការនាំអង្ករកម្ពុជាចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៦០ ប្រទេសនៅក្នុងឆ្នាំ ២០២០ ។ ប្រទេសចិនឈរនៅលំដាប់ទី ១ ជាប្រទេសនាំចូលអង្ករពីកម្ពុជាក្នុងបរិមាណ ២៨៩ ៤៣៩ តោនស្មើ ៤១,៩ % នៃការនាំចេញអង្ករសរុប ។ រីឯទីផ្សារសហភាពអឺរ៉ុបឈរនៅលំដាប់ទី ២ ដោយមានបរិមាណ ២០៣ ៧៩១ តោនស្មើនឹង ២៩,៥០ ភាគយ ។

លោក កាន់ គន្ធី អគ្គនាយករងនៃក្រុមហ៊ុន អេមរុ រាយស៍ បានឲ្យដឹងថា ទាក់ទងការនាំចេញអង្ករធ្លាក់ចុះនេះកន្លងមក មានការពិភាក្សាគ្នាពីអ្នកពាក់ព័ន្ធដែល ដោយក្នុងនោះមានការគិតគូរថាចូលដល់ឆមាសទី ២ ឬដល់ខែកក្កដា ការនាំចេញអាចប្រសើរឡើង តែមកដល់ឥឡូវអត់ឃើញមានភាពប្រសើរនោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ