ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានាំទំនិញទៅថៃបាន ៥១៦ លានដុល្លារ ខណៈការនាំចូល ៣,៤៦៦ លានដុល្លារនៅរយៈ ៦ ខែឆ្នាំនេះ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បានបង្ហាញថា ក្នុងរយៈពេល ១ ឆមាសដើម ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បានបង្ហាញថា ក្នុងរយៈពេល ១ ឆមាសដើម ឆ្នាំ ២០២១ នេះ កម្ពុជាបាននាំទំនិញចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ប្រមាណ ៥១៦ លានដុល្លារ  ធ្លាក់ចុះ ៣៣% ។ ចំណែកការនាំចូលរបស់កម្ពុជាពីថៃមានទឹកប្រាក់រហូតដល់ជាង ៣,៤៦៦ លានដុល្លារ ។

ទោះបីកម្ពុជា និងថៃ បានជួបវិបត្តិជំងឺកូវីដ ១៩ ដូចគ្នា តែសកម្មភាពពាណិជ្ជកម្មប្រទេសទំាងពីរ មានដំណើរការរលូន ដោយមានការធ្លាក់ចុះតិចតួចប៉ុណ្ណោះក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ នេះ បើធៀបនឹងឆ្នាំ ២០២០ ។ យោងទិន្នន័យរបាយការណ៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចេញថ្ងៃទី ៣០ កក្កដា ២០២១ ឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ នេះមានទឹកប្រាក់សរុប ៣.៩៨២ លានដុល្លារអាមេរិកធ្លាក់ចុះប្រមាណ ១ ភាគរយប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ កន្លងទៅ ។ 

ទំនិញដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញ មានដូចជា រថយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្ភស្សជាដើម ។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការធ្លាក់ចុះនៃការនាំចេញរបស់កម្ពុជារហូតដល់ ៣៣% ក្នុងរយៈ ៦ ខែដើមឆ្នាំនេះ ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដ ១៩ ជាពិសេសចាប់តាំងពីមានព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដែលធ្វើឱ្យមានការរារាំងដល់ការដឹកជញ្ជូន និងការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ ។ 

បញ្ហាកូវីដ ១៩ ត្រូវគេមើលឃើញថា បានធ្វើរារាំងដល់ផែនការជំរុញទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងថៃ ឲ្យដល់ ១៥ ពាន់លានដុល្លារផងដែរ ។ កាលពីឆ្នាំ ២០២០ កន្លងទៅទំហំពាណិជ្ជកម្មប្រទេសទំាងពីរមាន ៧,២៥ ពាន់លានដុល្លារធ្លាក់ចុះឆ្នាំ ២០១៩ ដែលមាន ៩,៤ ពាន់លានដុល្លារអាមេរិក ៕