ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមិនខ្វះវ៉ាក់ចាក់ជូនពលរដ្ឋ ខណៈវ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសទៀតដឹកមកដល់នឹងបន្តបន្ទាប់ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ របស់​ប្រទេស​ចិន ចំនួន​១​លាន​ដូ​ស​បន្ថែម​ទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជា​ទិញ​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នា​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ របស់​ប្រទេស​ចិន ចំនួន​១​លាន​ដូ​ស​បន្ថែម​ទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជា​ទិញ​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នា​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១ ។

រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ជាង​១៨​លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន ។ វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​កម្ពុជា​ទទួល​បាន​ហើយ​កំពុង​ចាក់​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើន​បំផុត​ជា​របស់​ចិន ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ។

រាជរដ្ឋាភិបាល​នឹង​សម្រេចការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ឬ​យ៉ាង​យូរ​បំផុត​នៅ​ដើមឆ្នាំ​២០២២ ។

លោក​ជំទាវ​យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មិន​ខ្វះ​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ ហើយ​វ៉ាក់សាំង​នឹង​មក​ដល់​កម្ពុជា​ជា​បន្ដបន្ទាប់​ទៀត​ផង​ដែរ ។

លោក​ជំទាវ​យក់ សម្បត្តិ បាន​ថ្លែង​ថា ៖«​វ៉ាក់សាំង​យើង​មិន​ខ្វះ​ទេ គឺ​យើង​មាន​គ្រប់គ្រាន់​ក្នុង​ដៃ​ហើយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ច្បាស់​ថា វ៉ាក់សាំង​ដែល​ជា​យុទ្ធសាស្ដ្រ គឺជា​វ៉ាក់សាំង​ដែល​យើង​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន ហើយ​យើង​មាន​វ៉ាក់សាំង​គាំទ្រ​ច្រើន​ទៀត​តាម​ប្រព័ន្ធ​ពី​ខាង​កូ​វ៉ា​ក់​យើង​នឹង​ទទួល​ជា​បន្ដបន្ទាប់ ហើយ​វ៉ាក់សាំង​សម្រាប់​ប្រទេស​កម្ពុជា​យើង យើង​មិន​ខ្វះ​ទេ យើង​មាន​ផែនការ​គ្រប់គ្រាន់​» ។

លោក​ជំទាវ​បន្ដ​ថា អ្វី​ដែល​ចំពោះ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង ហើយ​មក​ដល់​ជា​បន្ដបន្ទាប់​ជាង ២៦​លាន​ដូ​ស ។ លោកស្រី បញ្ជាក់​ថា វ៉ាក់សាំង​មាននៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ មានគុណ​ភាពល្អ​ដូច​គ្នា ។

លោកស្រី ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ផែន​ច្បាស់លាស់ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ខ្លូ​ន ឲ្យ​បាន​គ្រប់​ៗ​គ្នា ។ យោង​តាម​របាយការណ៍​របស់ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ ទូ​ទាំង​ប្រទេស​ចំនួន ៧,២៣៣,២៤៧​នាក់ ក្នុង​នោះ លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ​១០​លាន​នាក់ បាន​ចំនួន​៧២.៣៣% ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ