ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកពេលកាត់ទោសសំណុំរឿង រ៉ុង ឈុន ទៅថ្ងៃទី១៨ ខែសីហា ខាងមុខទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា  ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក រ៉ុង ឈុន និងគូកន…

រាជធានីភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា  ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក រ៉ុង ឈុន និងគូកន មកបើកសវនាការជំនុំជម្រះទោស ពាក់ព័ន្ធពីបទ​ញុះញុង បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺពាក់ព័ន្ធបញ្ហាព្រំដែន តាមបញ្ញតិមាត្រា៤៩៤ និងមាត្រា​៤៩៥ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែសវនាការនេះ ត្រូវបានលើកពេលទៅថ្ងៃទី១៨ ខែសីហា ខាងមុខទៀត។

សំណុំរឿងនេះ មានជនត្រូវចោទចំនួន ៣នាក់ គឺ​៖ ១.លោក រ៉ុង ឈុន អាយុ ៥១ឆ្នាំ អតីតជាគ្រូបង្រៀនឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា។ ២.ឈ្មោះ តុល និមល ភេទប្រុស អាយុ ៣៨ឆ្នាំ និង៣.អ្នកស្រី ឈ្មោះ ស កណ្ណិការ ពួកគាត់អតីតជាសកម្មជនគណបក្សសង្គ្រោះជាតិ។ ជនជាប់ចោទ សុទ្ធមានមេធាវីការពារក្តីរៀងខ្លួន។

សវនាការ បានធ្វើឡើងជាសាធារណៈក្រោមការដឹកនាំដោយលោក លិ សុខា ចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សវនាការលើកនេះ ក៏មិនខុសពីលើកមុនដែរ ដោយមានការចូលរួមពីសំណាក់​មហាជន តំណាងអង្គទូត អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន។ ចំណែកនៅក្រៅបរិវេណសវនាការវិញ ក៏មានក្រុមស្រ្ដីតវ៉ាថ្ងៃសុក្រ ៧នាក់ ជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ និងសកម្មជនអតីតតវ៉ាដីធ្លីសហគមន៍ថ្មគោល (ច្រាយ នីម) និងអ្នកឃ្លាំមើលអង្គការសិទ្ធិមនុស្ស អង្គការលីកាដូ​ និងមានអ្នកសារព័ត៌មានផងដែរ។ ក្នុងនោះ ក៏មានសមត្តកិច្ចនគរបាលមូលដ្ឋានខណ្ឌ ៧មករា បានដាក់កម្លាំងការពារ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ រហូតដល់​សវនាការ ត្រូវបានបិទបញ្ចប់ នៅម៉ោង ១១ និង៤០នាទី ព្រឹកថ្ងៃដដែល​។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកបណ្តឹងសុំនៅក្រៅ ឃុំរបស់ជនសង្ស័យ ២នាក់ គឺលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា និងអ្នកស្រី ស កន្និកា សកម្មជនដីធ្លី មកជំនុំ​ជម្រះ មុនអង្គសេចក្តី តាមការស្នើសុំរបស់ជនត្រូវចោទ។ ទីបំផុត សាលក្រមបានប្រកាសភ្លាមៗ ដោយតុលាការ បដិសេធមិនអនុញ្ញាតឲ្យជនសង្ស័យទាំង ២នាក់ បាននៅក្រៅឃុំនោះទេ។ សវនាការបានធ្វើឡើងដោយកំបាំងមុខជនសង្ស័យ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ តែចាត់ទុកចំពោះមុខ ដោយមានមេធាវីការពារក្តីឲ្យជនជាប់ចោទបានចូលរួម។

សវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន គេបានសង្កេតឃើញវត្តមានតំណាងមកពីស្ថានទូត អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានជាតិ សរុបប្រមាណ ១៩ រូប បានចូលរួមស្តាប់ ហើយក៏មានអ្នកតាមដាន និងឃ្លាំមើលនៅក្រៅរបងតុលាការមួយចំនួនដែរ ប៉ុន្តែអ្វីដែលគួឲ្យកត់សម្គាល់នោះមិនមានកើតឡើងទេ​។

សូមរម្លឹកថា កាលព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង រ៉ុង ឈុន និងបក្ខពួក មកបើកសវនាការជំនុំជម្រះ​ម្តងរួចមកហើយ។ តែសវនាការនោះ បានលើកមកបើកសវនាការ នៅថ្ងៃទី៣០កក្កដានេះ ហើយក៏នឹងត្រូវបន្តនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

លោក រ៉ុង ឈុន ត្រូវបានចោទប្រកាន់ និងចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយលោក បានចេញ​​សេចក្តី​ថ្លែងការណ៍ ពាក់ព័ន្ធបញ្ហា​​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និងវៀតណាម ដោយ​លោក រ៉ុង ឈុន លើកឡើងថា ការបោះបង្គោល​ព្រំដែន​លេខ​១១៤ ​ដល់​១១៩ ​នៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញា​ក្រែក​ ខេត្តត្បូងឃ្មុំ មាន​ភាព​មិន​ប្រក្រតី​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី ​ទៅភាគីវៀតណាម​ជាច្រើន​រយ​ហិកតា។

ក៏ប៉ុន្តែភ្លាមៗ ​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ដែលជាតំណាងរាជរដ្ឋាភិបាល​​កម្ពុជា បាន​ប្រកាស​ច្រានចោល​សេចក្តីថ្លែងការណ៍​នេះ​ ដោយ​លើកឡើងថា លោករ៉ុងឈុន ផ្សាយនូវ​ព័ត៌មាន​មិន​ពិត​ និង​បំផ្លើស ​ដែល​មាន​ចេតនា​ទុច្ចរិត។

ក្រោយការចាប់ខ្លួន​លោករ៉ុងឈុន ក៏មានអ្នកតវ៉ា ទាមទារ​ឲ្យតុលាការដោះលែងលោករ៉ុងឈុន។ ប៉ុន្តែ​ការតវ៉ានោះ នាំ​ឲ្យមនុស្ស ២នាក់ទៀត គឺ​ឈ្មោះ តុល និមល ​និងឈ្មោះ ស កណ្ណិការ ត្រូវ​បាន​ចាប់ និងនាំមកកាន់ទោស​នាពេលនេះ៕  ដោយ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ