ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានសមាគមចិញ្ចឹមសត្វធានាថា ពេលបិទខ្ទប់ខេត្តចំនួន ៨ នេះសាច់ជ្រូកមិនឡើងថ្លៃទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា តម្លៃជ្រូករស់នៅលើទីផ្សារក្នុងពេលបិទខ្ទប់ខេត្តចំនួន ៨ ជាប់ព្រំដែនកម្ពុជា ថៃ មិនអាចលក់ឡើងថ្លៃដូចកាលពេលបិទខ្ទប់ក្រុងភ្នំពេញ និងខេត្តកណ្តាលនោះទេ…

រាជធានីភ្នំពេញ ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា តម្លៃជ្រូករស់នៅលើទីផ្សារក្នុងពេលបិទខ្ទប់ខេត្តចំនួន ៨ ជាប់ព្រំដែនកម្ពុជា ថៃ មិនអាចលក់ឡើងថ្លៃដូចកាលពេលបិទខ្ទប់ក្រុងភ្នំពេញ និងខេត្តកណ្តាលនោះទេ គឺតម្លៃអាចស្ថិតក្នុងរង្វង់ ១៣.០០០ រៀល ទៅ ១៣.៦០០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ។ ប៉ុន្តែសាច់ជ្រូកមិនឡើងថ្លៃ អ្នកចិញ្ចឹមជ្រូកមិនមានបញ្ហាទេ សម្រាប់អ្នកចិញ្ចឹមមាន់ អាចមានបញ្ហាដោយសារតម្លៃមាន់នឹងធ្លាក់ចុះ ។ នេះបើតាមការអះអាងរបស់ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា ។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ៣០ កក្កដា នេះថា សភាពការនៃការបិទខ្ទប់ពេលនេះមិនមានបញ្ហាដូចការបិទខ្ទប់លើកមុនឡើយ ។ ខុសពីលើកមុនដោយសារការដឹកជញ្ជួនចេញចូលរាជធានីភ្នំពេញ និងខេត្តដទៃនាពេលនេះមិនមានបញ្ហានោះឡើយ ។ គួរកត់សម្គាល់ថា កាលមានការបិទខ្ទប់ក្រុងភ្នំពេញ និងខេត្តកណ្តាល តម្លៃជ្រូករស់នៅតាមតំបន់មួយចំនួន ឈ្មួញហ៊ានទិញជ្រូកពីកសិករថ្លៃ១៥.០០០ រៀលក្នុងមួយគីឡូក្រាម ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បញ្ជាក់ដូច្នេះថា «ខ្ញុំមើលទៅសត្វនាំចេញ នាំចូល វាអត់មានប៉ះពាល់អ្វីទេ ។ តែគេបិទមែននៅប្រទេសកម្ពុជា យើងអាចទ្រំាទ្របានត្រឹមរយៈពេលជាង ១០ ថ្ងៃ ឬដល់ ២០ ថ្ងៃ ហើយខ្ញុំប្រហែលនឹងមិនឱ្យតម្លៃជ្រូករស់ឡើងថ្លៃលើសពីតម្លៃលក់លើទីផ្សារសព្វថ្ងៃនេះទេ ។ តែបើតម្លៃជ្រូករស់ឡើងថ្លៃថែមទៀត ខ្ញុំនឹងមានវិធានការ ដូចកាលពីពេលមុន សមាគមនិងចេញមុខកាប់សាច់លក់ក្នុងតម្លៃថោក» ។

លោក ស៊្រុន ពៅ សង្តក់ធ្ងន់ថា «តម្លៃជ្រូករស់នៅក្នុងរយៈពេលមានការបិទខ្ទប់ចំនួន ៨ ខេត្តជាប់ព្រំដែនកម្ពុជា ថៃ នេះ ។ ខ្ញុំធានាថា មិនអាចឡើងថ្លៃរួចបានទេ តម្លៃនៅប្រហាក់ប្រហែលពេលមុនពី ១៣.០០០ ទៅ ១៣.៦០០ រៀលក្នុងមួយគីឡូក្រាម ហើយបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ជ្រូករស់សម្រាប់ទីផ្សារក្នុងស្រុកមួយថ្ងៃមានរហូតដល់ ៧.០០០ក្បាល ហើយវិស័យចិញ្ចឹមសត្វក្នុងស្រុកមកដល់ឆ្នំា ២០២០ និងឆ្នំា ២០២១ នេះមានការកើនឡើងខ្ពស់» ។

បើទោះបីតម្លៃជ្រូករស់ស្ថិតក្នុងអន្តរកាលនៃការបិទខ្ទប់នៅតាមបណ្តាខេត្តភាគខាងលេចជាប់ព្រំប្រទល់ថៃ មិនអាចឡើងថ្លៃដូចកាលពេលមុន ប៉ុន្តែការបិទខ្ទប់នេះវាអាចនឹងធ្វើឱ្យប៉ះពាល់ទៅដល់អ្នកចិញ្ចឹមមាន់ក្នុងស្រុក ព្រោះអ្នកចិញ្ចឹមមាន់មានច្រើន និងការហូរចូលមាន់ពីប្រទេសវៀតណាមចូលមកកម្ពុជា ។

បញ្ហាអ្នកចិញ្ចឹមមាន់នេះ លោក ស្រ៊ុន ពៅ លើកឡើងថា តម្លៃមាន់មានបញ្ហា ដោយសារអ្នកចិញ្ចឹមមាន់ក្នុងស្រុកមានច្រើន តែតម្រូវការទីផ្សារបានកាត់បន្ថយ ហើយការនាំចូលពីប្រទេសវៀតណាមមានសភាពសេរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ