ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ធ្វើឱ្យការលក់ កញ្ជើ ល្អី ទ្រូ លប ចល័តរបស់លោក ម៉ៅ សុខា ធ្លាក់ចុះខ្លំាង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធ្លាប់រកចំណូលបានលើសពី ៥០០ ដុល្លារក្នុងមួយខែពីការលក់ឧបករ ណ៍នេសាទបុរាណ និងកញ្ជើ ល្អី ធ្វើពីឫស្សី និងផ្តៅ…

រាជធានីភ្នំពេញ ៖ ធ្លាប់រកចំណូលបានលើសពី ៥០០ ដុល្លារក្នុងមួយខែពីការលក់ឧបករ ណ៍នេសាទបុរាណ និងកញ្ជើ ល្អី ធ្វើពីឫស្សី និងផ្តៅ តែកូវីដ ១៩ បានធ្វើឲ្យការលក់ដូរចល័តរបស់លោក ម៉ៅ សុខា ធ្លាក់ចុះជាខ្លំាង ។ លើសពីនេះជាងពីរឆ្នាំនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ លោក ម៉ៅ សុខា អ្នកស្វាយរៀងពុំបានធ្វើដំណើរទៅកាន់លំនៅឋាន មើលថែកូនស្រីនៅចាំផ្ទះឡើយ ពីព្រោះមិនចង់ចំណាយថវិកានៅពេលការរកស៊ីលំបាកនោះ ។

ស្ថិតនៅក្នុងវ័យជិត ៦០ ឆ្នាំ លោក ម៉ៅ សុខា បាននាំប្រពន្ធ ព្រមទាំងចៅប្រុស ២ នាក់ ឃ្លាតឆ្ងាយពីស្រុកកំណើត ប្រកបមុខរបរលក់ឧបករណ៍នេសាទបែបបុរាណ និងសម្ភារប្រើប្រាស់ចម្រុះច្រើនមុខទៀត នៅតំបន់ជាយៗរាជធានីភ្នំពេញដើម្បីចិញ្ចឹមជីវិត ។ គាត់បានដឹកទំនិញខាងលើតាមម៉ូតូសណ្ដោ ងរ៉ឺម៉ក ១ គ្រឿងត្រាច់ចរ ពីតំបន់មួយទៅតំបន់មួយ ។

លោកឲ្យដឹងថា ថ្ងៃខ្លះលក់ដាច់ច្រើន ថ្ងៃខ្លះទៀតលក់ពុំសូវដាច់ឡើយ ។ «ថ្ងៃដែលដាច់យើងសប្បាយចិត្ត ពីព្រោះទូទាត់ថ្លៃដើម និងការចំណាយផ្សេងៗ អាចសល់ចំណេញខ្លះៗគ្រាប់ចិញ្ចឹមជីវិត ។ តែបើមិនដាច់ពិបាកចិត្ត ចាយវាយត្បិតត្បៀតទៅតាមនោះ» ។

លោក ម៉ៅ សុខា មានស្រុកកំណើតនៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ លោកមានកូនប្រុស ២ នាក់ និងស្រី ២ នាក់ ប៉ុន្តែកូនបងៗមានប្ដី និងប្រពន្ធអស់ហើយ ព្រមទាំងប្រកបមុខរបរដូចជាលោកដែរ នៅសល់តែកូនស្រីពៅម្នាក់នៅលីវដែលកំពុងសិក្សានៅឡើយ និងត្រូវប្រឡងបាក់ឌុបនៅក្នុងឆ្នាំនេះ ។

បុរសវ័យកណ្តាលរូបនេះបានចាប់ផ្ដើមចាប់យកមុខរបរនេះនៅក្នុងអំឡុងឆ្នាំ ២០១៤ ដោយបានចាកចេញពីស្រុកកំណើតដឹកអីវ៉ាន់ដើរលក់គ្រប់ច្រកល្ហក និងស្នាក់នៅតាមវត្ត សាលាសង្កាត់ មានន័យថា យប់ត្រង់ណាសម្រាកត្រង់នោះ ។ «ចំណែកអីវ៉ាន់ដែលខ្ញុំដឹកលក់នេះរួមមានឧបករណ៍នេសាទត្រីបែបលក្ខណៈគ្រួសារ ឬបែបបុរាណដែលជាស្នាដៃរបស់ខ្មែរសុទ្ធសាធមានដូចជា ៖ ទ្រូ លប អង្រុត ប៉ោង លាយ ឆ្នៀង ជាដើម ។ ក្រៅពីនេះនៅមានសម្ភារប្រើប្រាស់ចម្រុះជាច្រើនទៀតដូចជា  ៖ កញ្ជើ ល្អី កញ្រ្ចែង កន្រ្តងប្រហុក កន្រ្តក អំបោស ប៉ៅអ៊ី ជាដើម ។ ឧបករណ៍នេសាទ និងរបស់ទាំងនេះខ្ញុំទិញមកពីខេត្តកំពង់ឆ្នាំង» លោក សុខា រៀនរាប់ទំាងទឹកមុខស្ងួត ។

ក្រៅពីសម្ភារៈដែលបានរៀបរាប់ខាងលើ លោកមានលក់សម្ភារៈផ្សេងទៀតផលិតពីជ័រ និងដែក ដែលលោកបានទិញពីផ្សារ មកលក់បន្តដើម្បីឲ្យវាសម្បូរបែបពេលអ្នកទិញសួរមានគ្រប់មុខ។ លោកពូ ម៉ៅ សុខា រៀបរាប់ថា ការលក់នេះពុំអាចកំណត់បានថា មួយថ្ងៃបានប៉ុន្មានហើយចំណេញប៉ុន្មានបានទេ ព្រោះវាអត់ទៀង ។ ថ្ងៃខ្លះក៏លក់ដាច់ បានប្រាក់ច្រើន ហើយថ្ងៃខ្លះទៀតក៏លក់ពុំសូវដាច់ ។ ប៉ុន្តែលោកថា មុនផ្ទុះជំងឺកូវីដ ១៩ លោករកស៊ីងាយស្រួល ។ កាលនោះ ការលក់ដូររបស់លោកអាចរកប្រាក់បង់ធនាគារ ក្នុង ១ ខែ៥០០ ដុល្លារ ។ «បង់ធនាគារហើយ ខ្ញុំនៅសល់ ៣០០ ទៅ ៤០០ ដុល្លារសម្រាប់ចាយវាយ  តែក្រោយផ្ទុះជំងឺកូវីដ ១៩ មក បានធ្វើឲ្យការលក់ដូររបស់លោកមានការលំបាក ។ ពលរដ្ឋហាក់ពុំសូវចង់ចំណាយថវិកា ក្នុងការទិញរបស់ប្របើប្រាស់ឡើយ» ។

មុនប្រកបរបរដឹកអីវ៉ាន់ដើរលក់នេះ លោកបានចេញទៅរកស៊ីនៅឯខេត្តកោះកុង ។ ក្រោយមកដោយសំឡឹងឃើញ ការធ្វើការឲ្យគេមិនអាចរកសល់ប្រាក់បានលោកបានងាកមកប្រកបមុខរបរលក់អីវ៉ាន់នេះវិញ ។ លោកបានចាកចេញពីផ្ទះមករកស៊ី ដោយស្នាក់តាមវត្ត ទីសាធារណនៅក្នុងរយៈពេលកន្លះខែ ឬ ១ ខែម្តងបានទៅស្រុកកំណើត មើលផ្ទះសម្បែង និងកូនស្រីពៅវិញ ។ តែរយៈពេល ២ ឆ្នាំចុងក្រោយនេះពុំដែលបានទៅសូម្បីតែម្តងឡើយ ព្រោះការលក់ដូរពុំសូវដាច់ រកប្រាក់ពុំសូវបាន ។ ពេលទៅស្រុកម្ដងៗ ត្រូវចំណាយប្រាក់ច្រើន ហេតុនេះទើបពុំបានទៅ ដើម្បីសន្សំប្រាក់ដោយគ្រាន់តែផ្ញើរប្រាក់ដែលសន្សំបានទៅឲ្យកូនរៀនសូត្រប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ