ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារផ្អាកឲ្យពលរកខ្មែរនៅថៃធ្វើដំណើរមកព្រំដែន១៤ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ឲ្យ​ពលករ​ខ្មែរ​នៅ​ថៃ​ផ្អាក​ធ្វើ​ដំណើរ​មក​ព្រំដែន​ចំនួន​១៤​ថ្ងៃ ។ ក្រសួង​ការងារ​បាន​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​សហការ​ផ្អាក​ការ​ធ្វើ​ដំណើរ ឬ​ចល័ត ចេញពី​កន្លែង​ស្នាក់​នៅ​របស់​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ឆ្ពោះ​មក​ព្រំដែន​កម្ពុជា​-​ថៃ​ចំនួន​១៤​ថ្ងៃ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ឲ្យ​ពលករ​ខ្មែរ​នៅ​ថៃ​ផ្អាក​ធ្វើ​ដំណើរ​មក​ព្រំដែន​ចំនួន​១៤​ថ្ងៃ ។

រូបតំណាង

ក្រសួង​ការងារ​បាន​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​សហការ​ផ្អាក​ការ​ធ្វើ​ដំណើរ ឬ​ចល័ត ចេញពី​កន្លែង​ស្នាក់​នៅ​របស់​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ឆ្ពោះ​មក​ព្រំដែន​កម្ពុជា​-​ថៃ​ចំនួន​១៤​ថ្ងៃ ។

ក្រសួងលើក​ឡើង​ថា យោង​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​បណ្តា​ខេត្ត​មួយ​ចំនួន ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វី​ដ​-១៩ ប្រភេទ​ដែល​តា (Delta) និង​ការ​រឹត​បន្តឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ សំដៅ​ការពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាជន​ក៏​ដូច​ជា ដើម្បី​ឈាន​ឆ្ពោះទៅ​បើក​ដំណើរការ​ប្រទេស​ជាតិ​ឡើង​វិញ លើ​គ្រប់​វិស័យ និង​ការ​រស់នៅ​ជាមួយនឹង​ជំងឺ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​នៅ​កម្ពុជា​ក៏​ដូច​ជា យោង​លើ​វិធានការ​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដែល​កំពុង​ស្ថិត​នៅ​ជា​ធរមាន​នៅ​ក្នុង​ប្រទេស​ថៃ​នោះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជូនដំណឹង​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​កុំ​ចល័ត​ចេញពី​កន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​របស់​ខ្លួន​ឆ្ពោះ​មក​ព្រំដែន​កម្ពុជា​-​ថៃ​ចំនួន​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ។ ប្រសិនបើ​មានធុរៈ​ចាំបាច់ ឬ​ចប់​ការងារ​ត្រូវ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ សូម​បងប្អូន​មេត្តា​រង់ចាំ​រហូត​ដល់​ក្រោយ​ថ្ងៃ​ទី​១២ ខែសីហា ។

រូបតំណាង

ក្រសួង​ថា ប្រសិនជា​បងប្អូន​ធ្វើ​ដំណើរ​មក​ព្រំដែន​កម្ពុជា​-​ថៃ តាម​មធ្យោបាយ​ណាមួយ​ក៏​ដោយ គឺ​បងប្អូន​នឹង​ត្រូវ​គេ​តម្រូវ​ឱ្យធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ។ ម្ចាស់​រថយន្ត ឬ​មេខ្យល់ ដែល​បំផុស ឬ​ដឹក​ជញ្ជូន​បងប្អូន​ពលករ គឺ​ល្មើស​នឹង​បម្រាម​របស់​អាជ្ញាធរ​ថៃ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ចាត់វិធានការ​តាម​ច្បាប់​ផង​ដែរ ។
ក្រសួង​បន្ត​ថា ក្នុង​រយៈពេល​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រសិនជា​បងប្អូន​ពលករ​មាន​បញ្ហា​នៅ​កន្លែងធ្វើការ ឬ​មាន​បញ្ហា​ជីវភាព​លំបាក​ខ្លាំង គឺ​អាច​ទំនាក់ទំនង​ទៅ​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ (​តាម​រយៈ​ទូរស័ព្ទ​លេខ 092 8050 561 ឬ 094 0925 905 ឬ 062 1413 009 ឬ 086 7999 957) ឬ​បងប្អូន​អាច​ទំនាក់ទំនង​ទៅ​ក្រុមការងារ​ស្ម័គ្រចិត្ត​នៃ «​ក្រុមការងារ​ទឹកចិត្ត​ពលករ​នៅ​ថៃ​» (​តាម​រយៈ​ក្រុម​តេ​ឡេ​ក្រាម​ឈ្មោះ «​ជំនួយ​កូ​វី​ដ​-១៩ នៅ​ថៃ​» https://t.me/helpkhmerinthailand) ដើម្បី​ស្ថានទូត ក៏​ដូច​ជា ក្រុមការងារ​ស្ម័គ្រចិត្ត​ពិនិត្យ និង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ជូន​បងប្អូន ។

រូបតំណាង

បងប្អូន​ពលករ គួរ​ខិតខំ​ព្យាយាម​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ថៃ ដូច​មាន​ក្នុង​ឧ​ប​សម្ព័ន្ធ​១ នៃ​សេចក្តីជូនដំណឹង​នេះ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា ចំពោះ​បងប្អូន​ពលករ​ដែល​សង្ស័យ​ថា ខ្លួន​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ឬ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ កម្រិត​ស្រាល ហើយ​មិន​ទាន់​ដឹង​ថា​ត្រូវ​ទំនាក់ទំនង​ទៅ​ផ្នែក​ណា គឺ​បងប្អូន​អាច​ទទួល​ការពិគ្រោះ​យោបល់​អំពី​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ ក្រុម​តេ​ឡេ​ក្រាម​ឈ្មោះ​«​ពិគ្រោះ​កូ​វី​ដ​-១៩ នៅ​ថៃ​» https://t.me/consultcovidinthailand ដែល​មាន​ក្រុម​គ្រូពេទ្យ​សម្រាប់​ផ្តល់​ប្រឹក្សា​យោបល់​បឋម និង​មាន​ក្រុម​ស្ម័គ្រចិត្ត ដើម្បី​ផ្តល់​កញ្ចប់​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​ជូន​បងប្អូន​ក្នុង​ករណី​ចាំបាច់ ។

រូបតំណាង

បងប្អូន​ពលករ​គួរ​ខិតខំ​ព្យាយាម​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​របស់​មន្ទីរពេទ្យ ឬ​អាជ្ញាធរ​ថៃ ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​យក​សំណាក និង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ដូច​មាននៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​២ នៃ​សេចក្តីជូនដំណឹង​នេះ ។

ក្រសួង​ការងារ​សង្ឃឹម​ថា បងប្អូន​ពលករ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន និង​សូមកុំ​ធ្វើ​ដំណើរ ឬ​ចល័ត​ចេញពី​កន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​របស់​ខ្លួន​ឱ្យ​សោះ ដើម្បី​ចៀសវៀង​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​នានា និង​ចៀសវាង​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ ដល់​មិត្តភក្តិ និង​ក្រុម​គ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ