ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេអះអាងថា បណ្ដាលមកពីការដុតធូបមូសទុកចោល បានបង្កទៅជាអណ្ដាតភ្លើងឆាបឆេះរាលដាលពាសពេញឃ្លាំងស្ដុបអីវ៉ាន់ចាប់ហួយដ៏ធំមួយកន្លែង កាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ កក្កដា នៅចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត បណ្ដាលឱ្យឆេះទំនិញនិងសម្ភារផ្សេងៗអស់ជាច្រើន ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងស្ដុកទំនិញចាប់ហួយចម្រុះនោះ ឈ្មោះ ភា ផុន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។ ឃ្លាំងដែលរងគ្រោះដោយអគ្គិភ័យនេះ មានទំហំ៨ម៉×១២ម៉ ធ្វើពីឈើប្រក់ស័ង្កសី ដែលទីតាំងលក់អីវ៉ាន់ចម្រុះ ។ បើតាមលោក ជា សុផល មេប៉ុស្ដិ៍កំពង់ល្ពៅ ដែលបានស្រង់សំដីម្ចាស់ឃ្លាំងដែលបាននិយាយជំហានដំបូងថា អគ្គិភ័យនេះទំនងផ្ដើមចេញពីភ្លើងធូបមូសដែលគាត់ដុតទុកចោលក្បែរធុងទឹកកក ដែលមានថង់ប្លាស្ទិក និងការ៉ុងនៅក្បែរនោះ។
ជនរងគ្រោះ គឺ លោក ភា ផុន បានប្រាប់សមត្ថកិច្ចថា មុនពេលសំរាន្ត គាត់បានដុតធូបមូសដាក់ក្បែរធុងទឹកកកដ៏ធំមួយនៅក្នុងឃ្លាំងលក់ទំនិញ ហើយគាត់និងក្រុមគ្រួសារក៏ចូលសំរាន្តលង់លក់អស់ទៅ។ គាត់បានប្រាប់ថា ពេលកំពុងសំរាន្តលក់ រហូតរំលងអធ្រាត្រទៅហើយ ស្រាប់តែមានអគ្គិភ័យឆេះសន្ធោរសន្ធៅពេញឃ្លាំង ធ្វើឲ្យគាត់និងក្រុមគ្រួសារភ្ញាក់ផ្អើលយ៉ាងខ្លាំងផ្អើលទាំងអ្នកភូមិទៀត ។ ពេលនោះ គាត់បានព្យាយាមដងទឹកពន្លត់ រីឯអ្នកជិតខាងក៏បានជួយបាញ់ទឹកពន្លត់ដែរ តែអគ្គិភ័យបានឆាបឆេះទំនិញស្ទើរអស់ទៅហើយ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច ទ្រព្យសម្បត្តិដែលរងកាលរងការខូចខាតដោយសារអំណាចភ្លើងធូបមូសរួមមាន៖ ឈើគ្រឿងសម្រាប់ធ្វើផ្ទះចំនួន១៥ម៉ែត្រគូប. ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង. ឌីណាម៉ូចំនួន០២. ធុងទឹកកកចំណុះ១,០០០លីត្រចំនួន០៥. ម៉ូតូសេរីចាស់អត់ពន្ធចំនួន០២គ្រឿង. ការ៉ុងចំនួន១,០០០ការ៉ុង. អំបិលចំនួន២តោន. ប្រេងម៉ាស៊ុតចំនួន១០ប៊ីដុង. កង់ជិះ ចំនួន០៣គ្រឿង. រថយន្តម៉ាក TOYOTA Vigo ០១គ្រឿងឆេះរួញផ្នែកខាងមុខ និង សម្ភារៈ រួមទាំងអីវ៉ាន់ចាប់ហួយមួយចំនួនទៀត។
អធិការស្រុកសំឡូត លោក ម៉ែន រីម មិនអាចសុំការបំភ្លឺបន្ថែមជុំវិញការជួយអន្តរាគមន៍ទៅលើគ្រោះអគ្គិភ័យខាងលើនេះបានទេ ដោយលោកមិនលើកទូរស័ព្ទ ។ ដោយឡែក លោក ជា សុផល មេប៉ុស្ដ៍កំពង់ល្ពៅ បានប្រាប់ថា រថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចមិនជួយអន្តរាគមន៍ទាន់ពេលទេ តែអ្នកភូមិបានប្រើប្រាសម៉ូទ័រអណ្ដូងទឹកនៅក្បែរៗនោះជួយបាញ់ពន្លត់បានខ្លះៗ ។ លោក បានបញ្ជាក់ថា អគ្គិភ័យបានឆេះអស់សម្ភារ និងទំនិញជាច្រើន តែមិនមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះទេ៕
ចែករំលែកព័តមាននេះ