ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ជើង​ចាស់ មាស សា​រ៉ា​ន់ ទោះ​ញាំញី​ដោយ​ជំងឺ ក៏​មិន​បោះបង់​បញ្ចប់​អាជីព​ចម្រៀង

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ជើង​ចាស់​លោក មាស សា​រ៉ា​ន់ បាន​បង្ហាញ​ជំហរ​នឹង​មិន​មាន​បំណង​បញ្ចប់​អាជីព​ចម្រៀង​នៅ​អំឡុង​ពេល​នេះ​ឡើយ បើ​ទោះបីជា​បច្ចុប្បន្ន​លោក​មាន​វ័យ​កាន់តែ​ចាស់ និង​ញាំញី​ដោយ​ជំងឺ​ក៏​ដោយ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើង​ចាស់​លោក មាស សា​រ៉ា​ន់ បាន​បង្ហាញ​ជំហរ​នឹង​មិន​មាន​បំណង​បញ្ចប់​អាជីព​ចម្រៀង​នៅ​អំឡុង​ពេល​នេះ​ឡើយ បើ​ទោះបីជា​បច្ចុប្បន្ន​លោក​មាន​វ័យ​កាន់តែ​ចាស់ និង​ញាំញី​ដោយ​ជំងឺ​ក៏​ដោយ​។ ក្នុង​វ័យ​៦៦​ឆ្នាំ លោក មាស សា​រ៉ា​ន់ កំពុង​ញាំញី​ដោយសារ​ជំងឺ ដោយ​ក្នុង​ខណៈ​ពេល​នេះ​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រោះតែរ​ជំងឺ​ក្រួស​ក្នុង​តម្រង់​នោម​។

យ៉ាងណា ដោយសារ​ការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ រហូត​មក​ទល់​ពេល​ជំងឺ​របស់​លោក​បាន​វិល​មក​ភាពល្អ​ប្រសើរ​ជាង​មុន​។ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាងនេះ​ក្តី លោក មាស សា​រ៉ា​ន់ នៅ​តែ​ប្រកាន់​ជំហរ​នឹង​មិន​បោះបង់​អាជីព​ជា​តារាចម្រៀង​របស់​លោក​នៅឡើយ​ទេ ត្បិត​លោក​នៅ​តែ​អាច​កាន់​ក្បាល​មេក្រូ​ច្រៀង​បាន​នៅឡើយ​។

តារាចម្រៀង​តាំងពី​សង្គម​លោក មាស សា​រ៉ា​ន់ បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​បាន​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ជំងឺ​ក្រួស​ក្នុង​តម្រង់​នោម ប៉ុន្តែ​ពេល​នេះ​លោក​រៀង​គ្រាន់បើ​វិញ​ហើយ​។

លោក​បញ្ជាក់​ថា មុន​ពេល​លោក​ឈឺ​នេះ លោក​ក៏​ទើបតែ​ថត​បទ​ចម្រៀង​អោយ​គេ​បាន​ចំនួន​២​បទ​រួច​ហើយ​ដែរ​។ ជាង​នេះ​ទៅ​ទៀត កន្លង​មក​លោក​ក៏​បាន​ដើរ​ច្រៀង​តាម​ពិធី​នានា​២៤​ខេត្ត​-​ក្រុង​ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ឡើយ​។

លោក មាស សា​រ៉ា​ន់ បន្ថែម​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វី​ដ​១៩ លោក​បាន​បាត់បង់​ការងារ​ច្រៀង​នេះ​ប្រហែលជា​១០​រោង​។ ទោះជា​យ៉ាងណា បើ​តាម​លោក មាស សា​រ៉ា​ន់ ថា ប្រសិនបើ​សុខភាព​លោក​នៅ​ល្អ សម្លេង​នៅ​តែ​អាច​ច្រៀង​បាន ហើយ​ទស្សនិកជន​នៅ​តែ​គាំទ្រ​នោះ លោក​នឹង​មិន​បោះបង់​អាជីព​ច្រៀង​នោះ​ឡើយ​។ អាច​និយាយ​បាន​ថា លោក​នឹង​នៅ​តែ​ច្រៀង​ដរាបណា​លោក​នៅ​តែ​អាច​ច្រៀង​បាន ព្រោះ​លោក​មាន​អាជីព​ជា​តារាចម្រៀង​នេះ​តែ​មួយ​គត់​។

គួរ​បញ្ជាក់​ថា ដោយសារ​សែ​សា​ឡាយ​ជា​អ្នក​ឈាមជ័រ​សិល្បៈ​ចម្រៀង​ពី​លោក មាស សា​ម៉​ន តារាចម្រៀង​លោក មាស សា​រ៉ា​ន់ បាន​ចាប់​អាជីព​ចម្រៀង​នេះ​តាំងពី​សម័យ​លន់​ណុ​ល រហូត​មក​ទល់​បច្ចុប្បន្ន​។ ក្នុង​រង្វង់​គ្រួសារ​លោក មាស សា​រ៉ា​ន់ មានកូន​ពីរ​នាក់​ដែល​មាន​ស្នង​អាជីព​សិល្បៈ​ពី​លោក គឺ​តារាចម្រៀង​លោក មាស សា​រិ​ទ្ធ និង​កូនស្រី​លោក​ម្នាក់​ទៀត​មាន​បរិញ្ញាបត្រ​ផ្នែក​ឧបករណ៍​ភ្លេង​ព្យ៉ា​ណូ ហើយ​បច្ចុប្បន្ន​បាន​ក្លាយជា​គ្រូ​ប​ង្រៀ​ង​ភ្លេង​នៅ​សាលារៀន​មួយ​នៅ​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ