ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡដ្ឋាន​ជាតិ​តេ​ជោ គោលដៅ​ធំ​ស៊ី​ហ្គេ​ម​២០២៣ នឹង​​បញ្ចប់​ការ​សាង​សង់​នា​ខែ​ក្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ការ​សាងសង់​កីឡដ្ឋាន​ធំ (Main Stadium) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​សម្រេច​ជា​ស្ថាពរ​គ្រប់

រាជធានី​ភ្នំពេញ ​៖ ការ​សាងសង់​កីឡដ្ឋាន​ធំ (Main Stadium) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​សម្រេច​ជា​ស្ថាពរ​គ្រប់លក្ខណៈ​សម្បត្តិ​ទាំងអស់ នា​ខែសីហា ឆ្នាំ​២០២១ ​នេះ​ហើយ​ ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គ​ណះ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ បញ្ជាក់​ប្រាប់​តាម​ប្រព័ន្ធ​អន​ឡាញ​មក​ពី​ទីក្រុង​តូ​ក្យូ​ ប្រទេសជប៉ុន កាលពី​ល្ងាច​ថ្ងៃ​ទី​២៩​កក្កដា​ កន្លងទៅនេះ​។

​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​បង្ហាញ​វឌ្ឍនភាព​ការ​សាងសង់​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយពេល​នេះ ​លោក​ទទួល​បន្ទុក​នាយ​បេសកកម្ម​កម្ពុជា កំពុង​ដឹកនាំ​ក្រុម​ប្រតិភូ​-​អត្ត​ព​លិ​ក​កម្ពុជា ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។

​លោក​​បញ្ជាក់​ជូន​ថា «​មក​ដល់​ពេល​នេះ សំណង់​នេះ​បាន​លេច​ចេញ​ជា​សមិទ្ធផល​ពេញ​គ្រប់លក្ខណៈ​សម្បត្តិ​ទាំងអស់ មាន​ន័យ​ថា កាលពី​ពេល​មុន យើង​នៅ​សេសសល់​ការ​បំពាក់​កៅអី​ខ្លះ​ៗ ទីលាន​រត់​អត្តពលកម្ម និង​ទីលាន​បាល់ទាត់ ប៉ុន្តែ​ឥឡូវនេះ​គឺ​ធ្វើ​រួចរាល់​ទាំងស្រុង​ហើយ​។ ចំពោះ​អាង​ទឹក​ជុំវិញ​​កីឡដ្ឋាន ដែល​ជា​តំណាង​កស្សិណ​អង្គរ​ក៏​បាន​ដាក់​បង្ហូរទឹក​បំពេញ​អាង និង​ប្រព័ន្ធ​ភ្លើង អំ​ពូ​ល ភ្លើង​បំភ្លឺ​អាង រួម​ទាំង​ប្រព័ន្ធ​សំឡេង (Sound System) នៅ​ផ្នែក​ខាងក្នុង ក៏​បាន​បំពាក់​រូ​ចរាល់​ដូច​គ្នា​ផង​ដែរ​។ ដូច្នេះ គ្រប់ការ​សាងសង់ ការ​បំពាក់​ឧបករណ៍ រួម​ទាំង​ការងារ​ផ្សេង​ទៀត សម្រាប់​កីឡដ្ឋាន​ធំ​នេះ ត្រូវ​បាន​ធ្វើ​រួចរាល់​ជា​ស្ថាពរ​។ ក្រៅពី​នេះ គឺ​នៅ​សល់​ការ​រៀបចំ​តុបតែង នៅ​ផ្នែក​ទីធ្លា​ខាងក្រៅ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ សរុប​មក​គឺ​ក្រុមហ៊ុន​សាងសង់​បាន​បើកភ្លើង​បំភ្លឺ​សាកល្បង ដោយ​ត្រូវ​ប្រើប្រាស់ ថាមពល​អគ្គិសនី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ អ្វី​ដែល​នៅ​សេសសល់​បន្តិចបន្តួច​នោះ គឺ​ការងារ​ទីធ្លា​ខាងក្រៅ រួម​ទាំង​ការ​បោសសម្អាត​»​។

ជាមួយ​គ្នា​នោះ ​លោក​​អគ្គលេខាធិការ​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា កិច្ចការ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការ​សាងសង់​កីឡដ្ឋាន​ធំ​នេះ​ត្រូវ​បាន​​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់ និង​ហ្មត់ចត់​បំផុត​ឲ្យ​តាមដាន​ជាប់​ជា​ប្រចាំ​។ ក្រោយ​ពី​បញ្ចប់​ការ​សាងសង់ គឺ​យើង​ត្រូវ​បន្ត​ការ​ថែទាំ បន្ទាប់​ពី​ក្រុមហ៊ុន​សាងសង់​របស់​ភាគី​ចិន​នឹង​ប្រគល់​ជូន​ដល់ CAMSOC​។ សម្រាប់​ការ​ថែទាំ​នេះ​យើង​កំពុង​ស្នើ​សុំ​ការ​ផ្តល់​ធនធានមនុស្ស អ្នកបច្ចេកទេស សន្តិសុខ សណ្តាប់​ធ្លាប់ អនាម័យ ដើម្បី​បន្ត​ការ​ថែទាំ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​មរតក​ដ៏​ធំ​មហាសាល​របស់​កម្ពុជា សម្រាប់​ការ​ទាក់ទាញ និង​ក្លាយជា​និមិត្តរូប​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោកបានបន្ត​ទៀត​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​កន្លែង​ប្រារព្ធ​ពិធី​បើក​-​បិទ​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​ការ​ប្រកួត​កីឡា​ជន​ពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​ពហុ​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​សម្រួច​គោលដៅ​យ៉ាង​យកចិត្តទុកដាក់​ប្រកបដោយ​ក្តី​សង្ឃឹម និង​ភាព​ជឿជាក់​ក្នុង​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ