ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០ ឆ្នាំក្លាយជាអ្នកភ្នំពេញ ពលរដ្ឋក្នុងសង្កាត់ស្នោរ មិនទាន់មានផ្លូវកៅស៊ូ និងទឹកស្អាតប្រើ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តំបន់មួយចំនួនស្ថិតនៅប៉ែកខាងលិចរាជធានីភ្នំពេញដែលកាលពីអតីតស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាល ប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានរាជរដ្ឋាភិបាលកាត់បញ្ចូលឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់សាលារាជធានីភ្នំពេញ នៅក្នុងនោះមានសង្កាត់ស្នោរក្នុងខណ្ឌកំបូលមួយដែរ ។ ជាទូទៅតំបន់ទំាងនោះនាពេលបច្ចុប្បន្ន កំពុងតែមានការអភិវឌ្ឍទៅលើ វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ…

រាជធានីភ្នំពេញ ៖ តំបន់មួយចំនួនស្ថិតនៅប៉ែកខាងលិចរាជធានីភ្នំពេញដែលកាលពីអតីតស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាល ប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានរាជរដ្ឋាភិបាលកាត់បញ្ចូលឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់សាលារាជធានីភ្នំពេញ នៅក្នុងនោះមានសង្កាត់ស្នោរក្នុងខណ្ឌកំបូលមួយដែរ ។ ជាទូទៅតំបន់ទំាងនោះនាពេលបច្ចុប្បន្ន កំពុងតែមានការអភិវឌ្ឍទៅលើ វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ តែពលរដ្ឋនៅត្អូញត្អែរពីផ្លូវធ្វើដំណើរនៅមិនទាន់មានការអភិវឌ្ឍ ពិសេសខ្វះទឹកស្អាតប្រើប្រាស់ប្រចំាថ្ងៃ ។ 

សង្កាត់ស្នោរ បានក្លាយជាអ្នកភ្នំពេញប្រមាណ ១០ ឆ្នាំហើយ តែពលរដ្ឋនៅទីនោះហាក់មានការអន់ចិត្តថា «មានឈ្មោះថា ជាអ្នករាជធានីភ្នំពេញនិងគេដែរ តែភូមិសង្កាត់ យើងខ្ញុំមិនទាន់មានទឹកម៉ាស៊ីនប្រើនឹងគេទេ» ។ ពលរដ្ឋបានបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលកាត់បញ្ចូលឲ្យស្ថិតនៅក្រោមរដ្ឋបាលរាជធានីភ្នំពេញ មកតំបន់របស់ពួកគាត់មានការអភិវឌ្ឍច្រើន មានភ្លើងអគ្គិសនីរដ្ឋប្រើប្រាស់គ្រប់ភូមិ តែហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត ដោយភូមិជាច្រើននៅជាផ្លូវលំ ពុំទាន់ទទួលបានផ្លូវបេតុង ឬកៅស៊ូ ។ ចំណែកទឹកស្អាតរបស់រដ្ឋ ដែលជាតម្រូវការប្រចំាថ្ងៃរបស់ពលរដ្ឋពុំទាន់ទៅដល់ឡើយ ។

ពលរដ្ឋបានទទួចសុំឲ្យមានទឹកស្អាតប្រើប្រាស់ ។ ពួកគាត់បានបញ្ជាក់ថា ទន្ទឹងរង់ចាំទឹកស្អាត និងផ្លូវកៅស៊ូនេះជាច្រើនឆ្នាំមកហើយ ។ «សព្វថ្ងៃពួកខ្ញុំប្រើទឹកអណ្ដូងដែលបានជីកនៅតាមផ្ទះដោយត្រូវទាញពីក្នុងដីដោយម៉ូទ័របូម ។ អ្នកដែលគ្មានលទ្ធភាពជីកអណ្ដូង គឺពឹងលើការទិញទឹកតាមរថយន្តដែលគេដឹកលក់ប្រចំាថ្ងៃ ។ ទឹកក្នុង ១ រថយន្តតម្លៃជាង ៣ ម៉ឺនរៀល ជាតម្លៃមួយថ្លៃប៉ះពាល់ដល់ជីវភាពពលរដ្ឋផងដែរ» នេះជាការត្អូញត្អែរបស់ពលរដ្ឋនៅក្នុងសង្កាត់ស្នោរ ។

ទាក់ទិនទៅនិងបញ្ហាដែលពលរដ្ឋបានលើកឡើងនេះ លោក សៀ គីម ចៅសង្កាត់រងសង្កាត់ស្នោរបានប្រាប់ឲ្យដឹងថា គម្រោងស្ថាបនាផ្លូវ គឺអនុវត្តតាមគម្រោងផែនការវិនិយោគសង្កាត់ និងតាមជំហ៊ានៗ ។ លោកថា ផ្លូវនៅភូមិខ្លះពលរដ្ឋនឹងទទួលបាននៅក្នុងអាណត្តិនេះ ។ លោកចៅសង្កាត់រងអះអាង ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ជាច្រើនបានបណ្តាក់ទុនដាក់ទុករកស៊ីនៅសង្កាត់ស្នោរ ដែលមិនយូរនោះទេសង្កាត់នឹងការមានអភិវឌ្ឍ មានសោភ័ណភាព ហើយលំនៅដ្ឋានពលរដ្ឋជាច្រើនស្ថិតនៅក្នុងបុរី ។ 

ចំពោះបញ្ហាទឹកស្អាតវិញ លោក សៀ គីម បានបញ្ជាក់ថា យោងតាមគម្រោងផែនការវិនិយោគរបស់រដ្ឋាករទឹក គឺនៅក្នុងឆ្នាំ ២០២២ ទៅ ២០២៣ ខាងមុខនេះបន្ទាប់ពីអាងទឹកស្អាតនៅបាក់ខែងស្ថាបនារួចរាល់នោះ ខណ្ឌនៅជាយរាជធានីភ្នំពេញប៉ែកខាងលិច និងមានទឹកស្អាតប្រើប្រាស់គ្រប់គ្នាលែងអត់ទៀតហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ