ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសេដ្ឋកិច្ចថា ការបិទខ្ទប់ខេត្តជាប់ព្រំដែនមិនបះពាល់ដល់សកម្មភាពពាណិជ្ជកម្មកម្ពុជា-ថៃ ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពាក់ព័ទ្ធផលប៉ះពាល់ពីការបិទខ្ទប់រយៈពេល ១៤ ថ្ងៃនៅតាមបណ្តាខេត្តភាគខាងលិចប្រទេស ពិសេសខេត្តមានព្រំដែនជាប់ព្រំប្រទល់ប្រទេសថៃ អ្នកជំនួញ និងអ្នកសេដ្ឋកិច្ចនៅក្នុងប្រទេសបានមើលឃើញផ្សេងៗគ្នាពីផលប៉ះពាល់ប៉ុន្តែពួកគាត់មានសុទិដ្ឋិនិយមថា វិធានការនេះមិនបង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា និងថៃនោះឡើយ…

រាជធានីភ្នំពេញ ៖ ពាក់ព័ទ្ធផលប៉ះពាល់ពីការបិទខ្ទប់រយៈពេល ១៤ ថ្ងៃនៅតាមបណ្តាខេត្តភាគខាងលិចប្រទេស ពិសេសខេត្តមានព្រំដែនជាប់ព្រំប្រទល់ប្រទេសថៃ អ្នកជំនួញ និងអ្នកសេដ្ឋកិច្ចនៅក្នុងប្រទេសបានមើលឃើញផ្សេងៗគ្នាពីផលប៉ះពាល់ប៉ុន្តែពួកគាត់មានសុទិដ្ឋិនិយមថា វិធានការនេះមិនបង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា និងថៃនោះឡើយ ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបិទខ្ទប់របស់រាជរដ្ឋាភិបាល នាពេលនេះមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចតិចតូច ។ ផលប៉ះពាល់តិចតូច លោកថា ដោយសារភាគច្រើនប្រជាពលរដ្ឋដែលគាត់ត្រឡប់មកពីប្រទេសថៃ  ដែលរស់នៅតំបន់ជនបទ មិនមានចង្វាក់ផលិតកម្មក្នុងការនាំយកទំនិញចូលមកទីក្រុងនោះទេ ។ លោកបណ្ឌិតបញ្ជាក់ថា «ការបិទខ្ទប់នេះ វាមិនមែនបិទខ្ទប់ទូទំាងខេត្តតែម្តងទៅទៀត គឺជាការបិទខ្ទប់ទៅតាមតំបន់ដែលអាជ្ញាធរខេត្ត បានកំណត់ថាជាតំបន់ លឿងទុំ ឬតំបន់ក្រហម» ។

ចំណែកចរន្តសេដ្ឋកិច្ចជាមួយប្រទេសថៃវិញ  លោកបណ្ឌិត គីសេរីវឌ្ឍន៍ បញ្ជាក់ថា «ខ្ញុំយល់ថា មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរដែរ ។ នៅក្នុងសារាចរនៃការបិទខ្ទប់ក៏មិនបានចង្អុលបង្ហាញពីការបិទខ្ទប់ការចរាចរទំនិញនោះទេ គ្រាន់តែជាការបិទខ្ទប់តាមខេត្ត ។ ដូច្នេះអាជ្ញាធរខេត្តនឹងចេញសេចក្តីសម្រេចដោយឡែកផ្សេងទៀត ។ ខ្ញុំជឿថា ប្រព័ន្ធដឹកជញ្ជូនទំនិញនឹងមិនមានបញ្ហាទេសម្រាប់ការបិទខ្ទប់នេះវាមានបញ្ហាតែទៅលើការចរាចរសម្រាប់តែមនុស្សប៉ុណ្ណោះ» ។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា មានប្រសាសន៍ថា «នៅក្នុងដំណាក់កាលនៃការរឹតបណ្តឹងនេះ ចំពោះវិស័យដឹកជញ្ជូន អាចនឹងមានការយឺតយ៉ាវបន្តិចបន្តួច ព្រោះនៅពេលទំនិញមកដល់ព្រំដែន ទាំងអ្នករៀបចំសំណុំបែបបទ និងអ្នកបើកបរ ត្រូវធ្វើតេស្តជាមុន ។ ដោយឡែកសម្រាប់ការដឹកជញ្ជូនចូលក្នុងស្រុក ប្រសិនបើខេត្តនីមួយៗមានការបែងចែកតំបន់លឿន តំបន់ក្រហម និងតំបន់លឿងទុំ វាអាចនឹងមានការយឺតយ៉ាវបន្តិចបន្ទួចថែមទៀត ។ ប៉ុន្តែទោះជាយ៉ាងណាការរឹងបណ្តឹងនេះ មិនមានបញ្ហាចោទខ្លាំងដល់ថ្នាក់កកស្ទះទំនិញនៅតាមព្រំដែន ឬការកកស្ទះដល់ការខូចខាតគុណភាពទំនិញនោះឡើយ» ។

រាជរដ្ឋាភិបាលកាលពីថ្ងៃទី ២៨ កក្កដា ឆ្នំា ២០២១ បានប្រកាសបិទខ្ទប់ខេត្តចំនួន ៨ ស្ថិតនៅភាគខាងលេចប្រទេសកម្ពុជា ក្នុងមានដូចជា ៖ ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ ១៩ ប្រភេទ ដែលតា (Delta) នេះបានសម្រេចបិទខ្ទប់បណ្តាខេត្តខាងលើជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៩ កក្កដា ឆ្នំា ២០២១ រហូតដល់ថ្ងៃទី ១២ សីហា២០២១ ។

ប្រធានសម្ព័ន្ធសមាគមដំឡូងមីខេត្តបាត់ដំបង លោក នី កាណ លើកឡើងថា នៅពេលកន្លងមកចាប់ពីមានការការរឹតត្បិតតាមច្រកព្រំដែនមក ការនាំចេញកសិផលមានការយឺតយ៉ាវខ្លះៗ តែមិនមានការកកស្ទុះដល់ថ្នាក់មិនបាននាំចេញនោះឡើយ ជាក់ស្តែងការនាំចេញដំឡូងមី ដែលមាននៅក្នុងស្តុកទុកលក់ក្នុងពេលបច្ចុប្បន្ននេះ ទោះបីមានការបិទខ្ទប់ខេត្តនៅតាមព្រំដែន តែការនាំចេញកសិផល គឺមានការនាំចេញប្រហាក់ប្រហែលគ្នា ។

តាមប្រធានសមាគម ចំពោះការរឹតបណ្តឹងនេះ ទោះបីមានការយឺតយ៉ាវក្នុងការផ្ទេរទំនិញចេញ-ចូលខ្លះៗ តែនេះជាវិធានការ ទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ កុំឲ្យឆ្លងកាន់តែខ្លាំងថែមទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ