ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកូរ៉ូឡា បើកកៀររថយន្តឈប់ចតស្ងៀម ហើយបើកគេចខ្លួន ត្រូវសមត្ថកិច្ច ចាប់បាន

1 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តកូរ៉ូឡាមួយគ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្ន ជ្រុលរេចង្កូត ទៅកៀរ​ចំពីមុខរថយន្តមួយគ្រឿងទៀត ដែលកំពុងចតស្ងៀម នៅលើខឿន…

ភ្នំពេញ៖ បុរសម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តកូរ៉ូឡាមួយគ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្ន ជ្រុលរេចង្កូត ទៅកៀរ​ចំពីមុខរថយន្តមួយគ្រឿងទៀត ដែលកំពុងចតស្ងៀម នៅលើខឿន តាមចិញ្ចើមផ្លូវ ហើយបានបន្ថែមល្បឿន បើករត់គេច​យករួចខ្លួន។ តែត្រូវសមត្ថកិច្ច ជិះម៉ូតូ​ដេញតាម និងស្ទាក់ចាប់បាន​ កាលពីវេលាម៉ោង ៩ និង ១០នាទី យប់​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរស្តុបត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅ​មុនពេលកើតហេតុ គេឃើញ​បុរសពីរនាក់បើកបររថយន្តមួយគ្រឿងម៉ាក​កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AX-4864 ធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ២៥៣ ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនលឿន​ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅខាងស្តាំ ទៅកៀរចំផ្នែកខាង​មុខរថយន្តមួយគ្រឿងទៀត ម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-1865 ដែលឈប់ចតស្ងៀម នៅលើ​ខឿនតាមចិញ្ចើមផ្លូវ ត្រង់ចំណុចជាប់ខាងកើត មន្ទីរពេទ្យកុមារជាតិ   តាមបណ្តោយផ្លូវ២៥៣ កែងនឹងផ្លូវ១១២ ស្ថិតក្នុងសង្កាត់​ទឹកល្អក់ទី១ ខណ្ឌទួលគោក បណ្តាលឲ្យរថយន្ត SSANGYONG រងការខូចខាតកាងផ្នែកខាងមុខបន្តិចបន្តួច។


ភ្លាមៗនោះ រថយន្តកូរ៉ូឡា មិនបានឈប់ចុះមក​ដោះស្រាយតាមសម្រួលនោះទេ បែរជាបន្ថែមល្បឿន បើកគេចចេញពី​កន្លែងកើតហេតុទាំងរងការខូចខាតក្រពឹត និងឆ្កូតថ្នាំមួយចំហៀងខាងស្តាំ។ ប៉ុន្តែហេតុការណ៍នោះ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានឃើញហេតុការណ៍ ក៏ជិះម៉ូតូដេញ​តាមពីក្រោយ រហូត​ស្ទាក់ចាប់បាន នៅត្រង់ចំណុចខាងលើតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បាននាំរថយន្តបង្ក រួមទាំងអ្នកបើកត្រឡប់មក​ចរចាដោះ​ស្រាយគ្នា ជាមួយនឹងម្ចាស់រថយន្តរងគ្រោះ ហើយភាគីទាំងពីរ ក៏ព្រមសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្ក បានចេញ​សំណងចំនួន ១៥០ដុល្លារ ឲ្យទៅភាគីខាងរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ៕