ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាស រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៩៨នាក់ ជាសះស្បើយ ចំនួន ៧១នាក់ និងស្លាប់ចំនួន ៣នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងខេត្តសៀមរាប។
ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៦ ដល់ទី១៨ គឺជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក និងករណីទី១៩ ដល់ទី២២ ជាករណីមានប្រភពចម្លងចេញពីមជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ក្នុងនោះ ករណីទី២៣ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ លាស់ ហេង ករណីទី២៤ ដល់ទី២៧ គឺជាករណីមានប្រភពចម្លងពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ និងករណីទី២៨ គឺជាករណីឆ្លងបន្តពីអ្នកដំណើរ មកពីខេត្តបាត់ដំបង។ ជាមួយគ្នានេះ ករណីទី២៩ ដល់ទី៣៤ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៣៥ ដល់ទី៩៨ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
រីឯអ្នកជាសះស្បើយ ទាំង ៧១នាក់ ត្រូវបានក្រុមគ្រូពេទ្យ បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។
រីឯករណីស្លាប់ចំនួន ៣ករណី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានរដ្ឋបាលខេត្តសៀមរាប ប្រកាសថា មានរាយនាម ដូចខាងក្រោម៖ ១- ឈ្មោះ ប៊ុន លីម៉េង ភេទប្រុស អាយុ ៨២ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ ២- ឈ្មោះ ឆែម ធៀន ភេទស្រី អាយុ ៥៧ឆ្នាំ មានអាសយដ្ឋាននៅភូមិទំរឹង ឃុំរើល ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២ និង០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ ៣- ឈ្មោះ ម៉ម ម៉េត ភេទប្រុស អាយុ ៧៥ឆ្នាំ អាសយដ្ឋាននៅភូមិថ្មី ឃុំគោកធ្លក ក្រោម ស្រុកជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង ៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា នៅខេត្តសៀមរាប រហូតដល់ថ្ងៃទី២៧កក្កដា មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤០២០ នាក់ បានព្យាបាលជាសះស្បើយចំនួន ២០៩៥នាក់ ស្លាប់ ៤៥នាក់ និង១៨៨០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធ ដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្ត នឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណា ដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ