ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​រក​ប្រាក់​ពី​ភ្ញៀវ​ទេសចរ ត្រូវ​បង្ខំចិត្ត​ប្តូរ​អាជីព​ថត​​ស្វា​បង្ហោះ​ Youtube វិញ​ម្តង

1 ខែ មុន
  • សៀមរាប

អ្នក​ធ្លាប់​រក​ប្រាក់​ចំណូល​តាម​រយៈ​ភ្ញៀវ​ទេសចរ នៅ​ក្នុង​ខេត្តសៀមរាប ប្រមាណ​ជា​៩០​ភាគរយ បាន​បង្ខំចិត្ត​ប្តូរ​អាជីព​របស់​ខ្លួន​មក​ថត​សកម្មភាព​សត្វ​ស្វា​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​បង្ហោះ​ទៅ​ក្នុង​យូ​ធូប

ខេត្តសៀមរាប ៖ អ្នក​ធ្លាប់​រក​ប្រាក់​ចំណូល​តាម​រយៈ​ភ្ញៀវ​ទេសចរ នៅ​ក្នុង​ខេត្តសៀមរាប ប្រមាណ​ជា​៩០​ភាគរយ បាន​បង្ខំចិត្ត​ប្តូរ​អាជីព​របស់​ខ្លួន​មក​ថត​សកម្មភាព​សត្វ​ស្វា​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​បង្ហោះ​ទៅ​ក្នុង​យូ​ធូប (YouTube) រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​វិញ​។

ការ​ប្តូរ​អាជីព​ដោយ​រហ័ស​របស់​ពួក​គេ​បែប​នេះ ក៏​ព្រោះតែ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ វាយលុក​ធ្វើ​ឱ្យ​ភ្ញៀវ​ធ្លាក់​ចុះ​ក្នុង​ការ​ចូល​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​ដ៏​សំបូរ​បែប​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ជាមួយ​គ្នា​នេះ ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់ និង​បាត់បង់​ដល់​អាជីព​រក​ប្រាក់​ចំណូល​ជា​ប្រចាំ​ថ្ងៃ ដែល​ជា​ហេតុ​នាំ​ឱ្យ​ពួក​គេ​ត្រូវ​បង្ខំចិត្ត​នាំ​គ្នា​សម្រុក​ទៅ​ចាប់​អាជីព​ថ្មី​បែប​នេះ គឺ​ថត​សត្វ​ស្វា​ដាក់​យូ​ធូប​។

ចំណែក​អ្នក​ដែល​ធ្លាប់​ប្រកប​មុខរបរ​បកប្រែ​ជូន​ភ្ញៀវ​បរទេស​ដែល​ជា​ភ្ញៀវ​ទេសចរ អាច​មាន​រហូត​ដល់​៩០​ភាគរយ ក្នុង​នោះ​មាន​ដូច​ជា ម​គ្គុ​ទេស អ្នក​រត់​ម៉ូតូ​កង់​៣ អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​ចល័ត និង​អ្នកលក់​ភេសជ្ជៈ​ចល័ត​ជាដើម​។ ហើយ​អាជីព​ថ្មី ដោយ​ថត​សត្វ​ស្វា​នៅ​រមណី​ដ្ឋា​ន​អង្គរ គឺ​ចែក​ជា​៣​ក្រុម ដែល​ក្រុម​ទី​១- មាន​គ្នា​ប្រមាណ​ជា​៥០​នាក់ ថត​នៅ​មុខ​ប្រាសាទអង្គរវត្ត ផ្នែក​ខាងកើត​។ ឯ​ក្រុម​ទី​២- មាន​គ្នា​ជាង​៦០​នាក់ ថត​នៅ​បិ​វេ​ណ​ប្រសាទ​បាយ័ន និង​ក្រុម​ទី​៣- មាន​គ្នា​ជាង​២០​នាក់​ថត​នៅ​បរិវេណ​វត្ត​ព្រះ​អង្គ​សាង​ទុក​។

បើ​តាម​អ្នកប្រមាញ់​រូប​ម្នាក់ ក្នុង​ចំណោម​ជាង​១០០​នាក់ លោក វ៉​ន សំបូរ បាន​បរិយាយ​ថា ព្រលឹម​ស្រាង​ៗ​ពួក​គាត់​បាន​ទៅ​ដល់ទី​តាំង​រៀងខ្លួន ដើម្បី​ត្រៀមចាំ​ផ្តិត​យក​រូបភាព ដែល​ពួក​គាត់​យល់​ថា សកម្ម ភាព​ណា​ដែល​ល្អ ហើយ​ដាក់​បង្ហោះ​ក្នុង​យូ​ធូប មាន​ភាព​ទាក់ទាញ ហើយ​គេ​មើល​ច្រើន​។ ប្រសិនបើ​ថត​បាន​រូប​ភាពល្អ​ៗ​បង្ហោះ​ចូល​ទៅ​ក្នុង​យូ​ធូប ហើយ​មានការ​ចូល​មើល​ច្រើន​នោះ យើង​នឹង​ទទួល​បាន​ប្រាក់​ពី​ខាង​យូ​ធូប​មក​វិញ ទៅ​តាម​ចំនួន​ដែល​យូ​ធូប​កំណត់​។

លោក​បន្ត​ថា កាល​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ រូប​លោក​ជាម​គ្គុ​ទេស ភាសារ​អង់គ្លេស និង​ជា​អ្នកប្រមាញ់​រូបភាព​សត្វ​ស្លាប​។ ក្រៅពី​បកប្រែ​ពន្យល់​ឱ្យ​ភ្ញៀវ​យល់​អំពី​ប្រាង្គ​ប្រាសាទ​ដ៏​ល្បីល្បាញ​របស់​ខ្មែរ ក៏​បាន​នាំ​ភ្ញៀវ​ទៅ​ទស្សនា​បឹង​ទន្លេសាប ឬ​បឹង​ធម្មជាតិ​នានា ដែល​បំ​បូរ​សត្វ​ស្លាប និង​ថតរូប​ភាព​សត្វ​ស្លាប​លក់​អោយ​ភ្ញៀវ​ទៀត​ផង​។ ប៉ុន្តែ​ក្រោយ​ជំងឺ​នេះ វាយលុក​ធ្វើ​អោយ​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់​ដល់​កំរិត​សូន្យ ទើប​រូប​លោក​បង្ខំចិត្ត​មក​ចាប់​យក​អាជីព​ថត​សត្វ​ស្វា​បង្ហោះ​ចូល​យូ​ធូប ដើម្បី​រក​ប្រាក់​បែប​នេះ​។

អ្នកប្រមាញ់​រូបភាព​រូប​នេះ​បន្ថែម​ថា ក្នុង​ចំណោម​ជាង​១០០​នាក់​ដែល​ថត​ស្វា​បង្ហោះ​ចូល​យូ​ធូ មាន​អ្នក ខ្លះ​បាន​១​ខែ​១០០​ដុល្លារ អ្នកខ្លះ​បាន​ដល់​៣០០​ដុល្លារ ខ្លះ​បាន​ក្រោម​១០០​ដុល្លារ ចំណែក​រូប​លោក​វិញ គឹ​បាន​ជាង​១០០​ដុល្លារ ឯ​អ្នកខ្លះ​ទៀត​មិន​បាន​សោះ​ក៏​មាន​ដែរ​។ ពីព្រោះ​យូ​ធូប ទាល់តែ​លុយ​ដែល​យើង​បង្ហោះ​នោះ​បាន​ចាប់ពី​១០០​ដុល្លារ​ឡើង ទើប​ធ្លាក់​ចូល​កុង​ធនាគារ តែបើ​១​ខែ​មិន​បាន​១០០​ដុល្លារ​ទេ មិន​ធ្លាក់​ចូល​កុង​ឡើយ ចឹ​ង​ហើយ​ទើប​អ្នកខ្លះ​ប្រើ​ពេល​៣​ទៅ​៤​ខែ មិន​ទាន់​បាន​១០០​ដុល្លារ​ផង​។

ចំពោះ​រូបភាព​ដែល​ទាក់ទាញ មាន​អ្នក​ចូល​មើល​ច្រើន លោក សំ បូរ ប្រាប់​ថា ជា​រូប​ដែល​មេ​បក្ស​ប្រយុទ្ធ (​ខាំ​) គ្នា​ការពារ​ហ្វូង ដូច​ជា​ហ្វូង​ព្រៃ ចូល​មក​ហ្វូង​របស់​ពួក​គេ​ប្រចាំ​ប្រាសាទ​ជាដើម​។ រូបភាព​នេះ​ពិតជា​ទាក់ទាញ​មនុស្ស​ចូល​មើល​ច្រើន​ចំនួន (K) កើនឡើង ហើយ​លុយ​ក៏​កើនឡើង​ដូច​គ្នា តែ​ក៏​សម្រាប់​ប្រទេស​ចូល​មើល​ផង​ដែរ​។ ចំនួន (K) ដូច​គ្នា ប្រទេស​អា​មេ​រិ​ក ឡើង​លុយ​ច្រើន​ជាង​បណ្តា​ប្រទេស​ផង​ទៀត​។ ចឹ​ង​ទេ អ្នកជំនាញ​ខាង​នឹង​ទើប​អាចម​ករក​ប្រាក់​ពី​យូ​ធូប​បាន ព្រោះ​ពេល​ខ្លះ​លុយ​របស់​យើង​ឡើង​ជិត​បាន​១០០​ដុល្លារ​ហើយ តែ​យើង​បង្ហោះ​រូបភាព​បន្ត​លក្ខណៈ​សា​.​ហាវ​រន្ធត់ យូ​ធូប បិទ​ឈើ​ណែ​ល យើង​ចោល បាត់​ទាំង​លុយ​អស់​ទៀត​។

ចំណែក​លោក ម៉ៅ អតីត អ្នក​ប្រកប​មុខរបរ​ដឹក​ភ្ញៀវ ក៏​បានអោយ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា ការ​រក​លុយ​ពី​យូ​ធូប បើ​រូបភាព​មិន​ទាក់ទាញ គឺ​មិន​មាន​អ្នក​ចូល​មើល តែបើ​រូប​សា​.​ហាវ​ពេក​យូ​ធូប​បិទ​ឈើ​ណែ​ល​យើង​ចោល​។ តែ​អ្វី​ដែល​ពួក​យើង​ប្រយ័ត្ន​នោះ គឺ​យើង​មិន​អាច​ចូល​ថត​សត្វ​ស្វា​ក្នុង​ប្រាសាទ​នោះ​ទេ ព្រោះ​អាច​ប៉ះពាល់​រូបចម្លាក់​ផ្សេង​ៗ​ជាដើម​។

សូម​បញ្ជាក់​ថា កាលពី​កន្លង​ទៅ​នេះ ក្រុម​អ្នក​ថត​សត្វ​ស្វា នៅ​ប្រាសាទបាយ័ន ធ្លាប់​ផ្ទុះ​ប្រតិកម្ម​ម្តង​ហើយដោយ​ចោទ​ថា ចាប់​ស្វា​ដែល​តួអង្គ ចេញ​មិន​ឱ្យ​ពួក​គាត់​ថត​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​បញ្ជាក់​ថា រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​អប្សរា ចាប់​នេះ​គឺជា​ស្វា​ដែល​កាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​យក​ទៅ​ព្រ​លែង​ឯ​ភ្នំ​តា​ម៉ៅ​។

លោក យឹ​ម ស៊ី​វន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បាគង បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា ស្វា​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ មាន​ប្រហែល​ជាង​២០០​ក្បាល​។ បច្ចុប្បន្ន អាជ្ញាធរ​អប្សរា​ជា​អ្នកគ្រប់គ្រង តែ​ខាង​លោក​ក៏​មាន​ភារកិច្ច​ជួយ​ថែរក្សា​ដូច​គ្នា​ដែរ​។ ឯការ​ចាប់​ស្វា​ចេញពី​ព្រៃអង្គរ​កាល​កន្លង​ទៅ ព្រោះ​វា​កាច​ខ្លាំង ដែល​ផ្តើម​ចេញពី​ការ​ឱ្យ​ចំណី​ស៊ី​។ សត្វ​ស្វា​ទាំងនោះ បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជា​ច្រើន​នាក់​ផង​ដែរ​៕