ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ ច​ន្ទ្រា​ ប៉ះ​ធឿ​ន ធា​រ៉ា​ ដណ្ដើម​ប្រាក់​ពី​លាន​នៅ​លើ​សង្វៀន​​នា​ចុង​ស​ប្ដា​ហ៍​នេះ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កីឡាករ​ឡៅ ច​ន្ទ្រា​ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ ត្រូវ​បាន​គណៈកម្មការ​ប្រកួត​រៀបចំ​ឱ្យ​ជួប​

រាជធានី​ភ្នំពេញ​ ៖ ​កីឡាករ​ឡៅ ច​ន្ទ្រា​ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ ត្រូវ​បាន​គណៈកម្មការ​ប្រកួត​រៀបចំ​ឱ្យ​ជួប​គ្នា​ជាមួយ​កីឡាករ​ធឿ​ន ធា​រ៉ា​ សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ដណ្ដើម​ប្រាក់​ពី​លាន​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ថ្ងៃ​សៅរ៍​ ទី​៣១ ​កក្កដា​ខាង​មុខ​នេះ​។

គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០២០ ដោយ​កាល​ណោះ​ឡៅ ច​ន្ទ្រា​បាន​ត្រឹមតែ​ឈ្នះ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​បំផុត​។​ម្យ៉ាងវិញទៀត ​ត្រូវ​បាន​អ្នក​តាមដាន​ការ​ប្រកួត​រិះគន់​ថា​ពួក​គេ​ប្រកួត​មិន​អស់ពី​សមត្ថភាព​នោះ​ទេ ក្នុង​លក្ខណៈ​យោគយល់​គ្នា ដោយ​តែ​ការ​ប្រកួត​កាល​ណោះ​គឺជា​ការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ​ ។​ ប៉ុន្តែ​លើក​នេះ​មិន​អាច​លេងសើច​ដូច​មុន​ទៀត​បាន​ឡើយ ព្រោះថា​ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ពីរ​លាន​បន្ថែម​លើ​តម្លៃ​ខ្លួន​ដែល​មាន​ស្រាប់ បើ​បូក​សរុប​ទៅ​ច្រើន​គួ​សម ក្បែរ​មួយ​ពាន់​ដុល្លារ​ឯណោះ​។

ឡៅ ច​ន្ទ្រា​ និង​កីឡាករ​ធឿ​ន ធា​រ៉ា ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន​យូ​ឆ្នាំ​មក​ហើយ​។​ម្យ៉ាងវិញទៀត​ ទាំង​សងខាង​សុទ្ធតែ​មាន​ស្នៀត​ប្រយុទ្ធ​ពី​សេស​ៗ​រៀងខ្លួន​។​ ឡៅ ច​ន្ត្រា​ បើ​និយាយ​ពី​ស្នៀត​កែង​និង​ជង្គង់​វិញ​នោះ​គឺ​ល្អ​ខ្លាំង​ណាស់ ស្ទើ​តែ​គ្មា​គូ​ប្រៀប​ទៅ​ហើយ​ ។ ​ប៉ុន្តែ​មួយ​រយៈ​មកនេះ​មិនសូវ​ដែល​ឃើញ​គេ​បង្ហាញមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​នោះ​ទេ​ ។ ​ដូច្នេះ​អត់​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ធ្វើការ​អះអាង​ពី​ថ្វីដៃ​ប្រយុទ្ធ​របស់​គេ​នៅ​ខ្លាំង​ដូច​មុន​ទៀត ​ឬ​យ៉ាងណា​នោះ​ដែរ​។ ​តែ​ទោះជា​យ៉ាងណា​ តាម​ការ​ឱ្យ​ដឹង​ពី​មិត្ត​រួម​អាជីព​ថា ឡៅ ច​ន្ទ្រា​ ខិតខំ​ហ្វឹកហាត់​ខ្លាំង​ណាស់ ព្រោះ​អី​គេ​ក៏​មិន​អាច​មើល​ស្រាល​លើ​ធឿ​ន ធា​រ៉ា​ នោះ​ដែរ ។

រីឯ​កីឡាករ​ធឿ​ន ធា​រ៉ា​ វិញ​បើ​និយាយ​ពី​ស្រុក​ខ្មែរ​មិនសូវ​ដែល​បាន​ឡើង​សង្វៀន​ប្រកួត​នោះ​ទេ ដោយសា​គេ​ជា​កីឡាករ​ទម្ងន់​ធ្ងន់​ពិបាក​រក​គូប្រកួត​ខ្លាំង​ណាស់​ ។ ​ដូច្នេះ​ឧស្សាហ៍​ឃើញ​គេ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ជា​ញឹកញាប់ ថែម​ទាំង​មិនសូវ​ដែល​ចាញ់​ទៀត​ផង​។​ហើយ​សម្រាប់​ការ​មក​ប៉ះ​ឡៅ ច​ន្ទ្រា ​លើក​នេះ​គេ​ក៏​មិន​ទាន់​ហ៊ាន​សន្យា​ទុក​មុន​នោះ​ឡើយ​ ។​ ព្រោះ​អី​គេ​ក៏​ដឹង​ថា​ ការ​ប្រកួត​លើក​នេះ​មិនមែន​ជា​ការ​ប្រកួត​មិត្តភាព​នោះ​ដែរ គឺ​មិន​អាច​មើល​ស្រាល​លើ​គូប្រកួត​បាន​ឡើយ​ ។ ​ម្យ៉ាងវិញទៀត​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ឡៅ ច​ន្ទ្រា​ គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ពិបាក​ផ្ដួល​បំផុត ​។ ​តែ​គេ​ក៏​មិន​បណ្ដោយ​ឱ្យប្រាក់​ពីរ​លាន​ធ្លាក់​ទៅ​លើ​កណ្ដាប់ដៃ​ឡៅ ច​ន្ទ្រា ​បាន​ដោយ​ងាយ​នោះ​ដែរ​។

ក្រៅពី​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​នេះ​ទៅ​នៅ​មាន​គូប្រកួត​ជក់ចិត្ត​ចំនួន​ពីរ​គូ​បន្ថែម​ទៀត កីឡាករ​ណ​ង សាវ​ ក្លិប​នរាយ៍​គុន​ខ្មែរ ប៉ះ​ជាមួយ​កីឡាករ​ស៊ឺ​ន ថៃ​សាន​ មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ​មាន​រិ​ទ្ធ ខណៈ​កីឡាករ​វ៉ា​ន់ វឿ​ន ​ក្លិប​ឃ្លាំងមឿង​កីឡា​ប៉ះ​ជាមួយ​កីឡាករ​ថា សា​រុន​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ ៕