ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ហូ​ជី​មិ​ញ​ដាក់​បម្រាម​គោចរ​ពេល​រាត្រី ខណៈ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ កើនឡើង​យ៉ាងរហ័ស

1 ខែ មុន

ទីក្រុង​ហាណូយ ៖ ប្រជាជន​វៀតណាម​ជាង ១០​លាន​នាក់ នៅ​ទីក្រុង​ហូ​ជី​មិ​ញ នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​បម្រាម​គោចរ នា​ពេល​មួយ​យប់ ចាប់ពី​ថ្ងៃ​ចន្ទ ថ្ងៃ​ទី​២៦ ខែកក្កដា…

ទីក្រុង​ហាណូយ ៖ ប្រជាជន​វៀតណាម​ជាង ១០​លាន​នាក់ នៅ​ទីក្រុង​ហូ​ជី​មិ​ញ នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​បម្រាម​គោចរ នា​ពេល​មួយ​យប់ ចាប់ពី​ថ្ងៃ​ចន្ទ ថ្ងៃ​ទី​២៦ ខែកក្កដា ។ បម្រាម​នេះ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ ក្នុង​ពេល​វៀតណាម ទប់ស្កាត់​នឹង​ការ​កើនឡើង​ការ​ឆ្លង​កូ​វី​ដ​-១៩ យ៉ាង​ឆាប់រហ័ស ។

តំបន់​រង​គ្រោះ​ខ្លាំង​ជាងគេ គឺ​មជ្ឈមណ្ឌល​ឧស្សាហកម្ម នៅ​ភាគ​ខាងជើង និង​ទីក្រុង​ហូ​ជី​មិ​ញ នៅ​ភាគ​ខាងត្បូង នៃ​ប្រទេស​វៀតណាម ដែល​បាន​រក​ឃើញ​ឆ្លង​សរុប​ជាង ៦២.០០០​ករណី ចាប់តាំងពី​ខែមេសា កន្លង​មក ។

អាជ្ញាធរ​បាន​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ដែល​មាន​សភាព​អ៊ូអរ អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ និង​បាន​បិទ​ខ្ទប់​នៅ​ដើមខែ​កក្កដា ២០២១​នេះ ។ អ្នក​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពីផ្ទះ សម្រាប់​តែ​ការ​សង្គ្រោះ​បន្ទាន់ និង​ទិញ​ម្ហូបអាហារ តែ​ប៉ុណ្ណោះ ។

ប៉ុន្តែ​ចាប់ផ្តើម​ពី​ថ្ងៃ​ចន្ទ ទី​២៦ ខែកក្កដា​នេះ បទបញ្ជា​ឲ្យ​ស្នាក់​នៅ​តែ​ក្នុងផ្ទះ​យ៉ាង​តឹង​រឹង នឹង​មាន​សុពលភាព​ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​៦​ព្រឹក ម៉ោង​ក្នុង​ប្រទេស​វៀតណាម ទោះបី​អាជ្ញាធរ​បដិសេធ​មិន​ប្រើ​ពាក្យ “​បម្រាម​គោចរ​” ក៏​ដោយ ។ បទបញ្ជា​តឹង​រឹង​នេះ មិន​ទាន់​មាន​កាលបរិច្ឆេទ​បញ្ចប់​នៅឡើយ​ទេ ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ដកស្រង់​សម្តី​របស់​ អភិបាលក្រុង​ហូ​ជី​មិ​ញ លោក Nguyen Thanh Phong ​ថា ៖ «​ការ​អនុវត្ត​ច្បាប់​គឺ​ទូ​ទាំង​ក្រុង​ហូ​ជី​មិ​ញ អាជ្ញាធរ​នឹង​បង្កើន​ការ​ល្បាត និង​ចាប់​ពិន័យ​សម្រាប់​ប្រជាជន​ដែលល្មើស​នឹង​បទបញ្ជា​នេះ សូ​ម្បី​តែ​ការ​ឃុំឃាំង ក៏ត្រូវ​តែ​ធ្វើ ក្នុង​ករណី​ចាំបាច់​» ។

បណ្តាញ​ដឹក​ជញ្ជូន​សាធារណៈ ស្ទើរតែ​ទាំងអស់ នៅ​ក្នុង​ទីក្រុង ត្រូវ​បាន​ផ្អាក​រួច​ហើយ ខណៈ​ដែល​អ្នកដំណើរ​ពី​កន្លែង​ផ្សេង ចូក​មក​ទីក្រុង ក៏​ត្រូវ​ស្នាក់​នៅ​ក្នុង​មណ្ឌល​ច​ត្ដា​ឡី​ស័ក យ៉ាង​ហោច​ណាស់​ពី​រស​ប្តា​ហ៍ ។

កាលពី​ឆ្នាំ​មុន វៀតណាម​ស្ថិត​ក្នុង​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ដែល​រីក​ចម្រើន​សេដ្ឋកិច្ច ដោយសារ​តែ​វៀតណាម ជោគជ័យ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​ចូល​មក​ក្នុង​ប្រទេស​របស់​ខ្លួន ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​-១៩ រាតត្បាត​ដំបូង ប៉ុន្តែ​បច្ចុប្បន្ន​នេះ វៀតណាម​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ធ្វើ​លទ្ធកម្ម និង​ចាត់ចែង​វ៉ាក់សាំង​ប្រមាណ ៤,៧​លាន​ដូ​ស ចាក់​ជូន​ប្រជាជន​ខ្លួន ។

គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ ប្រទេស​វៀតណាម មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​កើនឡើង​ដល់ ១១៤,២៦០​នាក់​ហើយ ក្នុង​នោះ​អ្នកជា​សះស្បើយ​សរុប​ចំនួន ២២,៩៤៦​នាក់ និង​មាន​អ្នក​ស្លាប់​សរុប ៥២៤​នាក់ ៕