ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេខ្យល់ ២​នាក់​ទៀត ត្រូវបាន​ប៉ូលិស ចាប់​បញ្ជូនទៅ​តុលាការខេត្ត​បន្ទាយមានជ័យ

1 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ជា​មុខសញ្ញា​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បញ្ជូន​ខ្លួន ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃទី​២៧ ខែកក្កដា…

​ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ជា​មុខសញ្ញា​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បញ្ជូន​ខ្លួន ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​។​
​ ​
​លោក​វរសេនីយ៍ទោ បោ​ន សីហា អធិការ​ស្តីទី នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ២​នាក់ មានឈ្មោះ ១/-​ឡូញ លេ​ម ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/-​ឈ្មោះ សែន សំនាង ហៅ កែ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។
​ជន​ទាំង ២​នាក់​នេះ ត្រូវបាន​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ឃាត់ខ្លួន ពីបទ​នាំ​មនុស្ស​ឆ្លងដែន ដោយ​មិន​ស្របច្បាប់ នៅ​ចំណុច​មាត់​អូរ​ព្រំដែន​ម្តុំ​កាស៊ីណូ ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយប៉ែត រួច​ប្រគល់​ឲ្យ​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត នៅវេលា​ម៉ោង ១ និង ៣០​នាទី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​រៀបចំ​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

​របាយការណ៍​របស់​វ​រ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង ២​នាក់​នេះ ជា​មុខសញ្ញា​យ៉ាងសកម្ម ក្នុងករណី​នាំ​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់​។​

​លោក​អធិការ​ស្តីទី បាន​បញ្ជាក់ថា តាម​ការសួរនាំ ជនសង្ស័យ​ទាំង ២​នាក់ បាន​សារភាពថា នៅ​មុនពេល​ចាប់ខ្លួន ពួកគេ​ទាំង ២​នាក់ មានឈ្មោះ ខា លក់ដូរ​នៅ​ផ្សារ​រុង​គ្លឿ បាន​ឆាត​តាម​ទូរ​សព្ទ ឲ្យ​ជួយ​ឃ្លាំចាំ​មើលផ្លូវ​សមត្ថកិច្ច ព្រោះ​គាត់ ចង់​នាំ​កូន​របស់គាត់ ៣​នាក់ (​ស្រី ២​នាក់​) ឲ្យ​ឆ្លងដែន​មក​ខ្មែរ​វិញ​។ បើ​បានសម្រេច​ឈ្មោះ ខា​នោះ បាន​សន្យា​ឲ្យ​ថ្លៃ​មើលផ្លូវ​ម្នាក់ ២០០​បាត ទៅ ៣០០​បាត​។ ប៉ុន្តែ​ដោយ​ខាង​សមត្ថកិច្ច​ថៃ ចាំ​ឃ្លាំមើល​ឈ្មោះ​ខា​ពេក ឈ្មោះ​ខា​នោះ មិន​ហ៊ាន ក៏​នាំ​កូន​គាត់​ទាំង ៣​នាក់ ទៅ​ផ្សារ​រុង​គ្លឿ​វិញ ហើយ​ពួកគេ ក៏​នាំគ្នា ត្រឡប់មក​ដី​ខ្មែរ​វិញ បាន​ប្រហែល ១០​ម៉ែត្រ ពី​មាត់​អូរ​ព្រំដែន ក៏ត្រូវ​នគរបាល​ចាប់ខ្លួន​តែម្តង​។​

​លោក​វរសេនីយ៍ឯក ឡាយ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឡូញ លេ​ម និង​ឈ្មោះ សែន សំណាង ហៅ កែ ត្រូវបាន​ប៉ូលិស​រៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ហើយ​៕ ណុប រក្សា