រាជធានីភ្នំពេញ ៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍បានជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជារួមមានលោក TOKITO Hiroyuki លេខាទី១ទទួលបន្ទុកវិសយ័ទេសចរណ៍ និងដឹកជញ្ជូន និងលោក OKADA NAOYA លេខាទី១ ទទួលវិសយ័កសិកម្ម ដើម្បីពិភាក្សាលើការងារមួយចំនួនទាក់ទងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍវិសយ័ទេសចរណ៍។ ការជួបពិភាក្សានោះធ្វើទ្បើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍។ លោក ថោង រដ្ឋសក្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំដ៏មានសារសំខាន់នោះគឺផ្តោតលើកាពិភាក្សាអំពីការអភិវឌ្ឍន៍លើវិស័យកសិ-ទេសចរណ៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
ទន្ទឹមនោះលោកក៏បានស្នើផងដែរឲ្យភាគីជប៉ុន បន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍កសិ-ទេសចរណ៍នៅបារាយ ខេត្តកំពង់ធំ។ លោក ថោង រដ្ឋសក្តិ បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍កសិ-ទេសចរនៅបារាយណ៍ ខេត្តកំពង់ធំនេះគឺយើងបានចុះអនុស្សារណៈរួចហើយកាលពីឆ្នាំមុនជាមួយក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន ក្នុងការរៀបចំអនុវត្តក៏ដូចជាអភិវឌ្ឍន៍ទេសចរណ៍ក្នុងទូទាំងប្រទេស។ លោកបន្តថា កត្តាដែលយើងសុំឲ្យមានការគាំទ្រពីជប៉ុននោះ ព្រោះថាស្រុកបារាយណ៍មានសក្តានុពលខាងកសិ-ទេសចរណ៍ និងមានប្រជាពលរដ្ឋរស់នៅច្រើន ហើយយើងក៏មានសង្ឃឹមថាក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន រួមទាំងជំនួយថវិកាមួយចំនួនពីខាងទូតជប៉ុននឹងអាចធ្វើឲ្យតំបន់បារាយណ៍ ខេត្តកំពង់ធំមានការប្រែមុខមាត់ថ្មីក្នុងបច្ចេកវិទ្យាក៏ដូចជាបច្ចេកទេសនៅក្នុងកសិ-ទេសចរណ៍។
លោកបញ្ជាក់បន្ថែមថា តំបន់បារាយណ៍ ខេត្តកំពង់ធំនេះវាសំខាន់ណាស់ ដោយសារតែវាស្ថិតនៅពាក់កណ្តាលរវាងភ្នំពេញ និងខេត្តសៀមរាប។ ទន្ទឹមនោះការអភិវឌ្ឍន៍តំបន់នេះនឹងជួយទ្រទ្រង់ដល់ការងើបទ្បើងវិញក៏ដូចជាការអភិវឌ្ឍវិសយ័ទេសចរណ៍ផងដែរនៅក្រោយវិបត្តិកូវីដ-១៩។ តំបន់នេះក៏ទ្រទ្រង់ផងដែរដល់តំបន់ប្រាសាទសម្បូរណ៍ព្រៃគុកដែលជាបេតិកភណ្ឌពិភពលោក។ លោក ថោង រដ្ឋសក្តិ ក៏បានសម្តែងនូវការគាំទ្រចំពោះប្រទេសជប៉ុនផងដែរអំពីទេសចរណ៍វ៉ាក់សាំង ខណៈដែលប្រទេសជប៉ុនស្ថិតក្នុងលំដាប់លេខ៧ ដែលមានភ្ញៀវទេសចរណ៍មកលេងនៅកម្ពុជា។ លោកក៏បានឲ្យដឹងដែរថា នៅក្នុងឆ្នាំ២០២១នេះតាមរយjaka ជប៉ុនបានសហការសរសេរសៀវភៅដែលនិយាយល្អពីសហគមន៍ទេសចរណ៍មួយដែលផ្តោតរួមក្នុងទូទាំងប្រទេស និងរៀបចំសរសេរអេកូទេសចរណ៍ក្នុងតំបន់ឆ្នេរ។
ក្រោមជំនួយរបស់jakaយើងនឹងរៀបចំសិក្ខាសាលាបង្រៀនតាមអនទ្បាញរយពេល២សប្តាហ៍ដែលមាន២ប្រធានបទ ហើយនៅឆ្នាំ២០២២នឹងមាន២ប្រធានបទទៀតផងដែរ។ លោកអគ្គនាយកបានថ្លែងនូវអំណគុណផងដែរដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុនដែលបានជួយប្រទេសកម្ពុជាក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សំខាន់ជាងនេះទៀតអរគុណជប៉ុនដែលថ្មីៗនេះបានផ្តល់វ៉ាក់សាំង Astra zeneca ចំនួន១លានដូសដល់កម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលកូវីដ-១៩ ដែលនោះជាកាយវិការប្រកបដោយមនុស្សធម៌ និងមិនអាកាត់ថ្លៃបានទ្បើយ៕ ដោយ ៖ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ