ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែលជាលើក​ទី​១​ហើយ ! ប្តី​ឡើង​ប្រដាល់​ប្រពន្ធ​ជា​អ្នក​ឲ្យ​ទឹក ចុង​ក្រោយ​គ្រាហ៍​ប្ដី​ចុះ​ពី​សង្វៀន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ថ្ងៃនេះ វី​ដេ​អូ​ប្រកួត​របស់​កីឡាករ​បង្គោល​ក្រហម ងួ​ន គា បាន​ធ្វើ​ឲ្យ​មហាជន​ក្ដុកក្ដួល​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​រូប​នេះ គ្មាន​លុយ​រក​អ្នក​ឲ្យ​ទឹក​មិន​បាន ហើយ​សុខចិត្ត​ឲ្យ​ប្រពន្ធ​មក​ធ្វើ​ជា​អ្នក​ឲ្យ​ទឹក…


រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ថ្ងៃនេះ វី​ដេ​អូ​ប្រកួត​របស់​កីឡាករ​បង្គោល​ក្រហម ងួ​ន គា បាន​ធ្វើ​ឲ្យ​មហាជន​ក្ដុកក្ដួល​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​រូប​នេះ គ្មាន​លុយ​រក​អ្នក​ឲ្យ​ទឹក​មិន​បាន ហើយ​សុខចិត្ត​ឲ្យ​ប្រពន្ធ​មក​ធ្វើ​ជា​អ្នក​ឲ្យ​ទឹក ហើយ​ចុង​ក្រោយ​នៅ​ពេល​ប្រកួត​ចាញ់ ក៏​ត្រូវ​ភរិយា​គ្រាហ៍​ចេញពី​សង្វៀន​ប្រដាល់​។ លោក ងួ​ន គា ជា​កីឡាករ​មក​ពី​ក្លឹ​ប​តា​ឡី​ដំរី​មាន​ប្ញ​ទ្ធិ និង​ត្រូវ​បាន​ពិធីករ​ប្រកាស​ថា ឡើង​មក​ប្រកួត​លើក​ណា​ក៏​ចាញ់ តែ​ទំនងជា​ដោយសារ​តែ​ក្រពះ​ទើប​លោក​នៅ​តែ​ដឹក​ដៃ​ប្រពន្ធ​ឡើង​ប្រកួត​។ គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ ងួ​ន គា មាន​វ័យ​ជាង​៣២​ឆ្នាំ ជា​កីឡាករ​ជើង​ចាស់ តែ​គេ​ចាប់អារម្មណ៍​ថា លោក​បាត់បង់​សមត្ថភាព​ខុស​ពី​មុន​ឆ្ងាយ​ណាស់​។ លោក​ធ្លាប់​ប្រកួត​ជាង​១០០​លើក តែ​ចាញ់​ភាគច្រើន​នា​ពេល​ចុង​ក្រោយ​។

មានការ​បញ្ជាក់​លោក​គឺជា​កីឡាករ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ ដោយ​តែង​សុំ​ឲ្យ​គ្រូ​ប្រចាំ​ក្លឹ​ប​ដាក់​ឲ្យ​ប្រកួត​ឲ្យ​បាន​ច្រើន តែ​លោក​ហាក់​មិនសូវ​មានការ​រីក​ចម្រើន​ផ្នែក​សមត្ថភាព​នោះ​ទេ​។ លោក និង​ភរិយា​ជួល​ផ្ទះ​គេ​រស់នៅ​ជិត​បឹង​ជើងឯក នៅ​ម្ដុំ​ខណ្ឌដង្កោ ហើយ​ស្ថានភាព​រស់នៅ​កាន់តែ​ពិបាក ដោយ​ក្រៅពី​ការ​ប្រដាល់​គឺ​លោក​មិន​មាន​ចំណូល​អ្វី​ទាំងអស់​។ ការ​ប្រកួត​របស់​លោក​កន្លង​មក ក៏​មាន​សិស្ស​ប្អូន សិស្ស​ច្បង​មក​ឲ្យ​ទឹក​ផង​ដែរ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា កន្លង​ទៅ​នេះ​បែរជា​លេច​វត្តមាន​ប្រពន្ធ​របស់​លោក​ជា​អ្នក​ឲ្យ​ទឹក​វិញ ដោយ​កីឡាករ​ផ្សេង​ទៀត​បញ្ជាក់​ថា ដើម្បី​សន្សំ​លុយ​ត្រូវ​ចែក​អ្នក​ឲ្យ​ទឹក​ដើម្បី​ជីវភាព​។

លោក​ត្រូវ​បាន​គេ​អះអាង​ថា មិនសូវ​បាន​ហ្វឹកហាត់ ដោយសារ​តែ​ភាព​ជាក់ស្ដែង​លោក​ក៏​មាន​សុខភាព​មិនសូវ​អំណោយផល និង​ដោយសារ​តែ​ហ្វឹកហាត់​ក្នុង​រយៈពេល​នេះ គឺ​អាច​ឲ្យ​លោក​ប្រឈម​នឹង​ជំងឺ​កូ​វីត​-១៩ ទើប​លោក​មិនសូវ​បាន​ហ្វឹកហាត់​ជាប់លាប់​។ កីឡាករ​ដែល​ដឹង​ពី​សុខទុក្ខ​លោក​ផ្សេង​ទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា ហេតុផល​ដែល ងួ​ន គា យកប្រពន្ធ​មក​ឲ្យ​ទឹក គឺ​ក្រៅពី​សន្សំ​លុយ​បាន​សល់​មួយ​ផ្នែក ក៏​បណ្ដាល​មក​ពី​ពេល​បច្ចុប្បន្ន​ពិបាក​រក​អ្នក​ក្រៅ​មក​ឲ្យ​ទឹក​ផង​ដែរ ខណៈ​ដែល​បើ​រក​គេ​បាន​ក៏​ត្រូវ​ផ្ដល់​កម្រៃ​ឲ្យ​គេ​សមរម្យ ដែល​ធ្វើ​ឲ្យ​កីឡាករ ងួ​ន គា ត្រូវ​យក​ភរិយា​របស់​ខ្លួន​ជា​អ្នក​ឲ្យ​ទឹក​ជំនួស​វិញ​។

ប្រភព​ពី​គណៈកម្មការ​បញ្ជាក់​ថា ការ​ប្រដាល់​មិន​បាន​ហាមប្រាម​ថា មិន​ឲ្យ​ស្រី​ៗ​មក​ឲ្យ​ទឹក​លើ​សង្វៀន​នោះ​ទេ ប៉ុន្តែ​ជា​គោលការណ៍​គេ​កម្រ​ឲ្យ​មនុស្ស​ស្រី​ឡើង​សង្វៀន​ណាស់​លើកលែងតែ​ជា​កីឡាការិនី ឬ​ជា​គណៈកម្មការ ប៉ុន្តែ​មក​ពី​ភរិយា​មក​ក្នុង​នាម​ជា​អ្នក​ឲ្យ​ទឹក​ទើប​គ្មាន​ការ​ហាមប្រាម​។ ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ ងួ​ន គា ត្រូវ​បាន​បង្គោល​ខៀវ ជា​សិស្ស​ប្អូន វាយ​ឲ្យ​បាក់មុខ​នៅ​លើ​សង្វៀន​តាំងពី​ចុង​ទឹក​ទី​១​។

លោក​ត្រូវ​សិស្ស​ប្អូន ជ័យ គឹ​ម​ហុង វាយ​ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣ ដោយសារ​តែ​ខូច​ជើង​មិន​អាច​បន្ត​ការ​ប្រកួត​។ លោក​ត្រូវ​ភរិយា​គ្រាហ៍​ចេញពី​សង្វៀន​គួរ​ឲ្យ​សង្វេគ ដែល​វី​ដេ​អូ​មួយ​នេះ ក្រោយ​ការ​បង្ហោះ​ក៏​មាន​អ្នក​សង្វេគ​ចំពោះ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​ផង​ដែរ​។ អ្នកខ្លះ​លើក​ឡើង​ថា ហេតុតែ​ក្រពះ​ទើប​ភរិយា​ម្នាក់​សុខចិត្ត​ដឹក​ដៃ​ប្ដី​មក​ឲ្យ​គេ​វាយ ហើយ​សុខចិត្ត​គ្រាហ៍​ប្ដី​ពេល​ត្រូវ​របួស ត្រឡប់​ទៅ​ផ្ទះ ដោយ​ស្ថានភាព​បែប​នេះ គឺ​មាន​ស្ត្រី​តិច​ណាស់ ដែល​អាច​ទទួលយក​បាន​។ អ្នកខ្លះ​ថែម​ទាំង​និយាយ​ថា កម្សត់​ណាស់​ពេល​ឃើញ​វី​ដេ​អូ​ប្រដាល់​របស់​លោក ប៉ុន្តែ​អ្នកខ្លះ​ក៏​យល់​ថា នេះ​គឺជា​អាជីព​របស់​អ្នក​ប្រដាល់ និង​គ្រួសារ​អ្នក​ប្រដាល់​ផង​ដែរ​៕ ដោយ ៖ ផាត់ តារា​រដ្ឋ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ