ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារលើ​ធំថ្មី ខេត្តសៀមរាប បិទ​ជា​លើក​ទី​៣ បន្ទាប់ពី​អាជីវករ ឆ្លង​កូ​វីដ​

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប បានសម្រេច​បិទ​ផ្សារលើ​ធំថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែលជា​ទីតាំង​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩ ជា​បណ្ដោះអាសន្ន រយៈពេល ២…

ខេត្តសៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប បានសម្រេច​បិទ​ផ្សារលើ​ធំថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែលជា​ទីតាំង​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩ ជា​បណ្ដោះអាសន្ន រយៈពេល ២ សប្ដាហ៍​បន្ថែមទៀត គិតដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩ នៅក្នុង​ភូមិសាស្ត្រ​ទីតាំង ដែល​ត្រូវ​បិទ និង​ទប់ស្កាត់​ជំងឺ​នេះ មិនឱ្យ​ឆ្លង​រីក​រាលដាល ទៅ​តំបន់​ផ្សេងទៀត​។

​អាជីវករ​ផ្សារលើ​ធំថ្មី ក្នុង​ខេត្តសៀមរាប បានមក​យក​សំណាក​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​-១៩ ជា​លើក​ទី​២ មាន​ចំនួន ៥៣១​នាក់ រកឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ជាង ១០​នាក់​។​

​លោក បូ ម៉េង​ទ្រី អភិបាលរង ក្រុង​សៀមរាប មានប្រសាសន៍ថា ក្រុម​គ្រួ​ពេទ្យ​ខេត្ដ​សៀមរាប បាន​ចុះ​ទៅយក​សំណាក ដើម្បី​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​- ១៩ ពី​អាជីវករ នៅ​ផ្សារលើ​ធំថ្មី ជា​លើក​ទី​២ មាន​ចំនួន ៥៣១ នាក់ វិជ្ជមាន​ជាង ១០​នាក់ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ ខណៈ​លើក​ទី​១ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​។ ក្នុងនោះ មាន​អាជីវករ​ចូលរួម​ផ្ដល់​ចំណាក សរុប​ចំនួន​ជាង ១. ៣០០​នាក់ បន្ទាប់ពី​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ផ្សារលើ​ធំថ្មី​នេះ​។​

​ក្នុងឱកាស​នោះដែរ លោក​អភិបាលរងក្រុង​សៀមរាប បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ ដែលមាន​ជាប់​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ផ្សារលើ​ធំថ្មី កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ កន្លងមកនេះ សូម​មក​ផ្ដល់​សំណាក​ធ្វើតេស្ដ​លើក​ទី​២ បន្ថែមទៀត ដើម្បី​ឲ្យ​អាជ្ញាធរ មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង និង តាមដាន​ការឆ្លង​រីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៤ ខែមិថុនា​ឆ្នាំ​២០២១ ដែលជា​ថ្ងៃនេះ​ការឆ្លង​រាល ដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ផ្សារលើ​ធំថ្មី​នេះ មាន​អាជីវករ​ឆ្លង​កូ​វីដ​-១៩ ជាច្រើន​នាក់ កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​។ រហូតដល់​ពេលនេះ ផ្សារលើ​ធំថ្មី ត្រូវបាន​អាជ្ញាធរ​ខេត្តសៀមរាប ចេញប្រកាស​បិទ​ជា​លើក​ទី​៣ ព្រោះ នៅមាន​អាជីវករ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នៅឡើយ​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំងនោះ មាន​ម្នាក់ បាន​ស្លាប់ ខណៈដែល​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំងនោះ មួយចំនួន ជា​អាជីវ​ករលក់​ចាប់ហួយ អ្នកប្រមូល​ថ្លៃ​អនាម័យ និង​ជា​អ្នក​មើលថែ​បន្ទប់ទឹក​ក្នុង​ផ្សារ រួមទាំង​អ្នក​ដេរ​ស្បែកជើង នៅខាងមុខ ឈៀង​ខាងលិច​ផ្សារលើ​ធំថ្មី​ផងដែរ​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ផ្សារលើ​ធំថ្មី គិត​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា រហូតមកទល់​ពេល​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ នេះ ត្រូវបាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៤០២​នាក់ ហើយ​ផ្សារលើ​ធំថ្មី ត្រូវបាន​ប្រកាស​បិទ​លើក​ទី​១ ក្នុង​រយៈ ពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ និង​ប្រកា​សបិទ​បន្ត លើក​ទី​២ ក្នុង​រយៈពេល ១៤​ថ្ងៃ​ទៀត គិត​ចាប់ពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ និង​លើក​ទី​៣ រយៈពេល ២​សប្ដាហ៍​បន្ថែមទៀត គិត​ចាប់ពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១៕ ច័ន្ទ រស្មី​